ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម(Facebook) Page ​ផ្លូវការរបស់​សម្តេចបង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុននេះ​មានខ្លឹមសារទំាងស្រុងដូចតទៅ៖ "​ពាក្យចាស់ពោលថា​ ស្រឡាញ់កូនមួយតៅ ​ស្រឡាញ់ចៅមួយថាំង ​ពិតជាត្រឹមត្រូវណាស់។ ​បទពិសោធន៌នៃ​ជោគជ័យរបស់​ខ្ញុំលើការអប់រំកូនកំពុង​បានប្រើប្រាស់​ ដើម្បីអប់រំចៅជាបន្តទៀត។ ​ការគួបផ្សំរវាងសាលារៀនសង្គមជាតិ​ និងគ្រួសារគឺជាមូលដ្ឋាន​ផ្តល់ឱ្យគ្រួសារនីមួយៗ​​មានភាពងាយ​ស្រួល​ដើម្បីសំរេចនូវ​បំណងដែលចង់​បណ្តុះបណ្តាលកូនឬចៅ។

កត្តាគ្រួសារដើរតួនាទី​សំរេចកំណត់ឯកត្តាសាលារៀន​ និងសង្គមមានតួនាទីមិនអាចខ្វះបាន។​ ភាពជិតស្និតដែលឪពុក​ ម្តាយ ជីដូន​ ជីតាផ្តល់ឱ្យកូន ​ឬចៅសំខាន់ខ្លាំង​ណាស់​ដើម្បី​ ឱ្យពួកគេមានភាពកក់ក្តៅ ​មិនមានអារម្មណ៌ឯកោ ​ហើយបែរជាចេញទៅ​ក្រៅផ្ទះរហូតកូន​ ឬចៅក្លាយជាក្មេងទំនើង ឬ ​ក្មេងខ្វះការអប់រំ។

សូមឪពុកមា្តយ​ ជីដូនជីតា ​ចែករំលែកពេលពេលាដើម្បីកូនៗ​ និងចៅៗ។ ​នេះជាបទពិសោធន៌ដែលខ្ញុំ​មានហើយចង់ចែករំលែក​ជាមួយឪពុក និង ជីតាគ្រប់រូប៕"