ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ សាលា​​បឋម​សិក្សា​​ទួល​ពង្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ​បាន​​ទទួល​រង​ការ​ខូចខាត​​​ និងជញ្ជាំង​​ត្រូវ​ប្រេះស្រាំ​ជា​ច្រើន​កន្លែង​ ដោយសា​រ​​ទឹក​លិច​​រាល់​ឆ្នាំ បង្ក​ឱ្យ​​មានការ​​ព្រួយបារម្ភ​​ខ្លាំង​ ជា​ពិសេស​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​ ខ្លាច​បាក់​​សង្កត់​​លើ​​សិស្ស​ដែល​កំពុង​​អង្គុយ​សិក្សា​ ​​​។

ក្រោយ​​ជួប​ការ​​លំបាក ត្រូវ​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​ បានធ្វើការ​​ស្នើ​សុំ​ឱ្យ​​អាជ្ញាធរ​សង្កាត់​ចោម​ចៅ និង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ចុះ​ជួយ​សង្កាត់​ចោម​ចៅ ​ជួយ​​ធ្វើការ​ជួសជុល​កែ​លំអ​​សាលា​នោះ​ឡើង​វិញ ​ដើម្បី​ឱ្យ​​មាន​ភាព​កក់ក្ដៅ​ និង​បំពេញ​តាម​តម្រូវការ​​របស់​សិស្ស​ ។

លោក ចេ​ង ខន មេ​ភូមិ​ទួល​ពង្រ​បាន​លើក​ឡើង​ថា សាលា​បឋម​សិក្សា​ទួល​ពង្រ​មាន​៣​បន្ទប់​ សាងសង់ពី​ថ្ម​ប្រក់ស​ង្ក័​សី ដែល​មាន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​អតីត​ជា​សា​លាម​ត្តេ​យ្យ ហើយ​ក្រោយមក​បានបង្កើត​ទៅ​ជា​សាលា​បឋម​សិក្សា​រយៈពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ដោយសារ​ទឹក​លិច​ជា​រៀង​រាល់​ឆ្នាំមិន​ដែល​ខាន​នោះ​ ​​ធ្វើ​ឱ្យយ​សាលា​ស្រុត​ និង​មាន​ស្នាម​ប្រះ​ស្រាំ​ជញ្ជាំង​ជា​ច្រើន​កន្លែង ដែល​បាន​បង្ក​ការ​ភ័យ​ខ្លាច​បាក់​រលំ សង្កត់​សិស្ស​នៅ​ក្នុង​ថ្នាក់រៀន ។ ដោយ​មើលឃើញ​ពី​ការលំបាក​ខាងលើ​ នៅ​ពេល​ថ្មី​ៗ​នេះ លោក​សុទ្ធ សាធ ចៅសង្កាត់​ចោម​ចៅ​ បាន​ឧបត្ថម្ភ​ថវិកាចំនួន​៥០០​ដុល្លារ​ និង​លោក​ផ្ទាល់ (​មេ​ភូមិ​) បាន​ជួយ​២០០​ដុល្លារ ក្នុង​ការ​ចាក់​ដី​និង​ជួសជុល​សាលា​ដែរ ​ប៉ុន្តែ​ថវិកា​ខាងលើ​មិន​បាន​គ្រប់​ចំនួន​នោះ​ឡើយ ទើប​ពេល​នេះ​ស្នើ​ទៅ លោក​សាំ ពិសិដ្ឋ​ប្រធាន មន្ទីរ​សាធារ​ណៈការ​និង​ដឹក​ជញ្ជូន​ ​ជួយ​ធ្វើការ​ជួសជុល​កែ​លំអសាលា​នោះ​ឡើង​វិញ ។