កូន​រមិលគុណ បោះបង់​ម្តាយ ៧៦ ឆ្នាំ ឱ្យ​សុំទាន​ពី​អ្នកជិតខាង​

Doliprane TVC

​ជីវិត​ឯកោ​របស់​លោកយាយ ប៊ី​ញ អាយុ ៧៦ ឆ្នាំ រស់នៅ​អាស្រ័យ​ដោយ​ការដាក់​ទាន​ពី​អ្នកជិតខាង​ដែលមាន​ចិត្តធម៌​សន្តោស​ប្រណី ។ បើទោះបីជា​លោកយាយ​មាន​កូនចៅ​ដូច​អ្នកដទៃ​ក៏ពិតមែន តែ​កូនៗ របស់​លោកយាយ​មិនដែល​បានមក​មើលថែទាំ ឬ ផ្តល់​បាយទឹក​ដល់​លោកយាយ​ជា​ម្តាយ​ទ្បើ​យ​ដោយ​ទុក ឱ្យ​លោកយាយ​រស់នៅ​ឯកោ​យ៉ាង​វេទនា ។​

​តាម​លោក អ៊ា សុង អាយុ ៦៦ ឆ្នាំ ជំទប់​ទី ២ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ប្រាប់​ឱ្យដឹងថា កាលដើមឡើយ​លោកយាយ ប៊ី​ញ មាន​ជីវភាព​ធូរធារ​ដែរ​ព្រោះ​តាំងពី​សម័យ លន់ នល់ គាត់​មាន​ប្តី​ជា​ទាហាន​មានបុណ្យ​ស័ក្តិធំ​មាន​ទ្រព្យធន​ច្រើន​ដែរ តែ​ប្តីគាត់​បាន​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ពោលគឺ​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ ១៩៧៩ គាត់​ក្លាយជា​ស្ត្រី​មេម៉ាយ​រស់នៅ​លំបាកលំបិន​ណាស់ ។ លោកយាយ ប៊ី​ញ ក៏មាន​កូនៗ​ដែរហើយក៏​កំពុង​រស់ក្នុង​ស្រុក​ជាមួយ​គាត់​ក្នុង​ខេត្តក្រចេះ​នេះដែរ តែ​កូនៗ​ទាំងនោះ​ដូចជា​គ្មាន​ចិត្ត​កតញ្ញូ​សោះទុកឱ្យ​អ្នកមានគុណ​រស់នៅ​លំបាក​វេទនា ។ នេះ​ប្រហែលជា​មកពី​កូនៗ​ទាំងនោះ​មាន​ជីវភាព​យ៉ាប់យ៉ឺន​ដែរ បាន​ព្រឹក​ខ្វះ​ល្ងាចរកបាន​ល្ងាច​ខ្វះ​ព្រឹក តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​មិនត្រូវ​បណ្តោយឱ្យ​អ្នកមានគុណ​ស្ថិតក្នុង​ស្ថានភាព​យ៉ាង​ដូច្នេះ​ដែរ ធ្វើជា​កូន​គឺ​ត្រូវ​ដឹងគុណ​អ្នកមានគុណ​ទើប​ជាការ​ត្រឹមត្រូវ ។

កូន​រមិលគុណ បោះបង់​ម្តាយ ៧៦ ឆ្នាំ ឱ្យ​សុំទាន​ពី​អ្នកជិតខាង​

​តាម​ការជួប​សម្ភាស​ផ្ទាល់​លោកយាយ ប៊ី​ញ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឱ្យដឹងថា សព្វថ្ងៃនេះ​លោកយាយ​រស់នៅ​ក្នុងភូមិ​ហាន់ជ័យ​ទី ៣ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ។ រស់នៅក្នុង​កូនខ្ទម​តូច​មួយ​ស្ថិត​លើដី​របស់​អ្នកភូមិ​ដែលមាន​ចិត្តធម៌ ពោលគឺ​អ្នកភូមិ​រូបនោះ​មិនត្រឹមតែ​ផ្តល់​ដី​ឱ្យ​គាត់​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ គេថែមទាំង​រៃអង្គាស​គ្នា​ផ្តួច​ផ្តើមគំនិត​សាងសង់​ជា​ខ្ទម​តូច​មួយ​នេះឱ្យ​គាត់​បាន​ស្នាក់នៅ​យ៉ាង​សមរម្យ​ទៀតផង ។ កាលពីដើម​គាត់​មាន​ជីវភាពសមរម្យ​ដូច​គេ​ដូច​ឯង​ដែរ ព្រោះ​ប្តី​គាត់​ជា​ទាហាន​មាន​ស័ក្តិធំ​ដែរ តែ​វាសនា​អភ័ព្វ​ប្តី​របស់គាត់​បាន​លាចាក​លោក​ក្នុងសម័យ ប៉ុល ពត មកម៉្លេះទើប​ធ្វើឱ្យ​គាត់​ក្លាយខ្លួនជា​ស្ត្រី​មេម៉ាយ​រស់នៅ​ឱប​តែ​ទុក្ខ​រហូតមកដល់​សព្វថ្ងៃ ។ក្រោយ​សម័យ រំដោះ​គាត់​នៅមាន​ដីស្រែ និង ដី​ផ្ទះ​បន្តិចបន្តួច​ដែរតែ​ដី​ផ្ទះ​ត្រូវចំ​កន្លែង​គេ​ធ្វើ​ផ្លូវ ហើយដោយ​ដី​នៅ​សងខាង​សល់​ពី​ផ្លូវ​តូច​ពេកឪពុក​លោកយាយ​ក៏​លក់​ឱ្យ​អ្នកភូមិ​អស់ ចំណែក​ដី​​កេរ​លោកយាយ ​នោះ​លោកយាយ​បាន​ចែក​ឱ្យ​កូនៗ​អស់ ដែល​សព្វថ្ងៃ​ដី​កេរ​ទាំងនោះ​កូនៗ​បាន​លក់​អស់ហើយ​ដែរ ។​

កូន​រមិលគុណ បោះបង់​ម្តាយ ៧៦ ឆ្នាំ ឱ្យ​សុំទាន​ពី​អ្នកជិតខាង​

ងា​កមក​និយាយ​ពី​កូន​វិញ​លោកយាយ ប៊ី​ញ បាន​ប្រាប់ថា គាត់​មានកូន​ទាំងអស់ ៦ នាក់ តែ​ស្លាប់​អស់ ២ នាក់​ក្នុង​របប ប៉ុល ពត ដូច្នេះ​កូន​គាត់​នៅរស់​តែ ៤ នាក់​ប៉ុណ្ណោះ ។ លោកយាយ​និយាយប្រាប់​ទាំង​អួលដើមក​ថា ទាំង​កូនប្រសា និង កូនបង្កើត​សុទ្ធតែ​ចិត្ត​មិនបានមិនអាច​ពឹងពាក់​បាន គាត់​ក៏​ចាក​ចេញពី​កូនៗ​ទាំង​នោះមក​រស់នៅ​ដោយ​ប្រើ​កម្លាំង​ញើស​ឈាម​ខ្លួនឯង ទោះជា​លោកយាយ​មាន​វ័យ​ចាស់ជរា​ណាស់​ទៅហើយ​ក្តី ។ រាល់ថ្ងៃ​គាត់​រស់​ដោយសារ​អ្នកជិតខាង​មានចិត្ត​ធម៌ គេ​មិន​បណ្តោយឱ្យ​គាត់​ដាច់ពោះ​ស្លាប់​ទេ ហើយ​អ្នកជិតខាង​ទាំងនោះតែង​យកចិត្តទុកដាក់​គាត់​ជានិច្ច ។​

បច្ចុប្បន្ន​លោកយាយ​រស់នៅក្នុង​កូនខ្ទម​កម្សត់​តែម្នាក់ឯង​យក​អ្នកជិតខាង​ធ្វើជា​ញាតិ ហើយ​លោកយាយ​រស់នៅ​ដោយ​ពឹង​លើ​កម្លាំង​ញើស​ឈាម​ខ្លួនឯង ដោយ​ការដាំ​បន្លែ​គួបផ្សំ​បន្តិចបន្តួច​គ្រាន់​នឹង​បាន​ចំណូល​ខ្លះ ទិញ​បាយទិញ​ទឹក​ទទួលទាន​ប្រចាំថ្ងៃ ។ ឯ​បន្លែ​គួបផ្សំ​ទាំងនោះ​មានដូចជា ត្រកួន ស្ពៃ ជីរ សណ្តែក និង ត្រសក់ ជាដើម ពោលគឺ​លោកយាយ​ដាំ​ដោយ​ខ្លួនឯង ទោះបី​ជាមាន​វ័យចាស់​ណាស់​ទៅហើយ​ក្តី តែ​លោក យាយ​ថែមទាំង​ចុះទៅ​រែក​ទឹក​ដើម្បី​ស្រោច​ដំណាំ​បន្លែ​ទាំងនោះ​ពី​ក្នុង​ទន្លេដោយ​ខ្លួនឯង​ទៀតផង ។

កូន​រមិលគុណ បោះបង់​ម្តាយ ៧៦ ឆ្នាំ ឱ្យ​សុំទាន​ពី​អ្នកជិតខាង​

​ជា​ចុង​ក្រោយនេះ​លោកតា អ៊ា សុង ជំទប់​ទី ២ ឃុំ​ហាន់ជ័យ តាង នាម​ឱ្យ​ជនក្រីក្រ​ក្នុង​ឃុំ​របស់គាត់​នោះ លោកតា​ជំទប់​ឃុំ​ក៏បាន​សំណូមពរ ឱ្យ​សប្បុរសជន​ទាំងអស់​មេត្តាជួយ​អ្នក​ទាំងនោះ​ផង ព្រោះ​អ្នក​ទីទ័ល​ក្រទាំងនោះគឺ​ក្រ​មែនទែន​ស្ទើរតែ​ចិញ្ចឹម​ខ្លួនឯង​មិន​រស់​ផង ពោលគឺ​ខ្វះ​លទ្ធភាព ជួយ​ខ្លួនឯង​ដើម្បី​ឱ្យមាន​ជីវភាព​រស់នៅ​សមរម្យ​នឹង​គេ ។ តំណាងឱ្យ​អ្នក​ទាំង​នោះដែរ លោកតា​ក៏​សូម​ថ្លែងអំណរគុណ​ទុកជាមុន​ចំពោះ​សប្បុរសជនដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌​ចេះ​ចែករំលែក និង ជួយ​អ្នក​ខ្វះខាត​ក្នុង ភូមិ​ឃុំ​របស់គាត់​នាពេល​កន្លងមក ៕ ភោគ តុលា​