Martinez របស់ Atletico នឹង​ចូល​រួម​ជា​មួយ Guangzhou ក្នុង​តម្លៃ​ខ្លួន​៤២​លាន​អឺ​រ៉ូ

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី Jackson Martinez បាន​កា្លយ​ជា​កីឡាករ​ចុង​ក្រោយ​គេ​បំផុតក្នុងការ​ផ្ទេរ​ទៅកាន់​ក្រប​ខ័ណ្ឌ​​ចិន Super League ក្រោយ​ពី​ក្លិប Atletico Madrid បានប្រកាស​ថា រូប​គេ​នឹង​ផ្ទេរ​ទៅកាន់​ក្លិប Guangzhou Evergrande ក្នុង​តម្លៃ​ខ្លួន​៤២​លាន​អឺរ៉ូ (ស្មើនឹង​៤៥,៨៨៥​លានដុល្លារ​អាមេ​រិក​)​។

at-madridMartinez វ័យ​២៩​ឆ្នាំ បានផ្ទេរ​ទៅកាន់ Atletico កាល​ពី​ខែ​កក្ក​ដា ឆ្នាំ​មុន​សម្រាប់​តម្លៃ​ខ្លួន​៣៥​លានអឺ​រ៉ូ ប៉ុន្តែ មិន​អាច​​សម្រប​ខ្លួន​ឲ្យ​បានល្អនៅកីឡ​ដ្ឋាន Vicente Calderon តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹម​តែ​២​គ្រាប់​គត់​ពីការ​ប្រកួតលីក​១៥លើក​សម្រាប់ក្រុម​របស់​លោក Diego Simeone​។ ប៉ុន្តែ បញ្ហា​នោះមិន​អាច​​បញ្ឈប់ Guangzhou ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea គឺ​លោក Luiz Felipe Scolari មិន​ឲ្យ​ដាក់​ចេញនូវ​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​មួយ​ដើម្បី​បន្ថែម​រូប​គេក្នុង​ក្រុម​មួយ​ដែល​​មាន​ខ្សែ​បម្រើ​អន្តរ​ជាតិ​ប្រេស៊ីល Paulinho អតីត​កឡាករ​របស់ Tottenham រួច​ជា​​ស្រេច​ឡើយ​។ បើ​យោង​ទៅ​តាម​កា​សែត​អេ​ស្ប៉ាញ AS កីឡាករ Martinez មិន​មាន​វត្តមាន​​ក្នុង​ពេលហ្វឹកហាត់​កាលពី​ថ្ងៃ​ចន្ទ​ឡើយ ខណៈ​ដែលការអវត្ត​មាន​របស់​គេ​ត្រូវ​បាន​បញ្ជាក់​ថា «ដោយ​សារ​តែ​មាន​ហេតុផល​ផ្ទាល់​ខ្លួន​ក្រោម​ការ​អនុ​ញ្ញាត​របស់​ក្លិប​»​។ លោក Jorge Mendes ដែល​​ជា​ភ្នាក់​ងារ​តំណាង​ឲ្យ Martinez បាន​ចាប់​ផ្តើម​ចរ​ចា​ជា​មួយ​នឹងក្លិប Atletico នៅល្ងាច​ដដែលនោះ ប៉ុន្តែ មិនអាច​ឈាន​ដល់​ការព្រម​ព្រៀង​គ្នា​ណា​មួយ​ឡើយ នៅមុន​ពេល​ក្លិប​នេះ​យល់​ព្រម​លក់ Martinez ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។ ទីផ្សារ​ដោះ​ដូរកីឡាករ​របស់​ចិន​នៅ​តែ​បើក​ចំហរ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ហើយ​ខណៈ​ដែល​ក្លិប Jiangsu Suning បាន​ចុះ​ហត្ថលេខា​ជាមួយ Ramires ពីក្លិប Chelsea ក្នុង​តម្លៃ​ខ្លួន​២៥​លានផោន (ស្មើ​នឹង​៣៦លាន​ដុល្លារ​អាមេរិក) រួច​ជា​ស្រេច ការ​ទិញ​ចូល​កីឡាករ​​ជា​ច្រើន​ទៀត​អាច​នឹង​កើតឡើង​៕
ប្រភព​ព័ត៌​មាន៖ The Guardian