ហុងស៊ុយ​​ហៅ​ប្រាក់​ចូល​ហោ​ប៉ៅ​ មាន​លាភ​ឆ្នាំ​ថ្មី

ហុងស៊ុយ​​ហៅ​ប្រាក់​ចូល​ហោ​ប៉ៅ​ មាន​លាភ​ឆ្នាំ​ថ្មី

រកស៊ី​មាន​បាន ប្រាក់​កាស​ចាយ​វាយ អ្នក​ណា​ក៏​ចង់​បាន​ដែរ។ សម្រាប់​ឆ្នាំ​ថ្មី អ្នក​គោរព​ខ្ជាប់​ខ្ជួន​លើ​ជំនឿ​តែង​យល់​ថា ​ការ​រៀប​ចំ​ឲ្យ​ត្រូវ​តាម​ហុង​ស៊ុយ​អាច​ជា​លាភ​ជួយ​ឲ្យ​រក​ប្រាក់​ហូរ​ចូល​ច្រើន។ បើ​តាម​ជំនឿ ​និង​ហុង​ស៊ុយ រៀប​រៀង​ដោយ សឹង ណាំ​ហុង ហុងស៊ុយ​សម្រាប់​ការ​ហៅ​ប្រាក់​ចូល​ហោ​ប៉ៅ មាន​ដូច​ខាង​ក្រោម៖

 

 

ហុងស៊ុយ​​ហៅ​ប្រាក់​ចូល​ហោ​ប៉ៅ​ មាន​លាភ​ឆ្នាំ​ថ្មី

 

 

កាបូប​ប្រាក់​ដែល​ចាស់​ហើយ គួរ​ផ្លាស់​ថ្មី

 

កុំ​ប្រើ​កាបូប​ប្រាក់​ដែល​ចាស់​រយ៉ៃ​ឬ​​រហែក​ធ្លុះ​ធ្លាយ​​ដាច់​ខាត។ បើ​យក​ល្អ​គួរ​ប្រើ​កាបូប​ប្រាក់​ពណ៌​ក្រហម ព្រោះ​តាម​ហុង​ស៊ុយ​ចិន​ពណ៌​នេះ​ជា​ពណ៌​ល្អ​លើស​គេ​និង​ជា​ពណ៌​ចម្រុង​ចំរើន​ទៀត​ផង។ ក្រៅ​ពី​នោះ​ពណ៌​នាំ​លាភ​មាន​ដូចជា ពណ៌​បៃ​តង ពណ៌​ក្រហម ឬ​ពណ៌​ស្វាយ​ដែល​សុទ្ធ​តែ​ជា​ពណ៌​ជោគ​លាភ និង​ប្រាក់​កាស​ចូល​មក​បាន​ទាំង​អស់។
ចំពោះ​ប្រាក់​កាស​គួរ​ដាក់​ឲ្យ​មាន​របៀប ​មិន​គួរ​ញាត់​ខ្ញុក​ជា​ដាច់​ខាត​ព្រោះ​តាម​ជំនឿ​ចិន​ជឿ​ថា ក្រដាស​ប្រាក់​ដែល​ញាត់​ញក់​ញី​ក្នុង​កាបូប​ប្រាក់​មិន​ល្អ​នោះ​ឡើយ។

 

ព្យាយាម​នៅ​ក្បែរ​ទឹក​ឲ្យ​បាន​ច្រើន

 

មិន​មាន​ន័យ​ថា​លោក​អ្នក​ត្រូវ​ផ្លាស់​ផ្ទះ​ទៅ​នៅ​ជាប់​មាត់​សមុទ្រ មាត់​ទន្លេ​ឬ​ផ្លាស់​កន្លែង​ធ្វើ​ការ​នៅ​ក្បែរ​បន្ទប់​ទឹក​នោះ​ដែរ។ គ្រាន់​តែ​លោក​អ្នក​រក​កញ្ចក់​ទូ​ដាក់​ត្រី​មក​ដាក់​ឲ្យ​ចំ​ទិស​ខាង​ជើង​ក្នុង​បរិវេណ​ផ្ទះ ឬ​អាច​យក​រូបភាព​ទឹក​ដូច​ជា​រូប​ភាព​ទឹក​ជ្រោះ ឬ​ផ្ទៃ​សមុទ្រ​មក​បិទ​លើ​ជញ្ជាំង​ផ្ទះ​ឬ​ដាក់​ទុក​លើ​តុ​ក៏​ជា​ការ​ស្រេច។​

 

បើ​ចង់​បន្ថែម​ង៉ូវ​ហេង​នៅ​កន្លែង​ធ្វើ​ការ អាច​រក​រូប​ភាព​ទឹក​ជ្រោះ​ដាក់​លើ​តុ​ឬ​ព្យួរ​ជញ្ជាំង​ក៏​បាន​ផ្ដល់​ជោគ​សំណាង​បាន​ដូច​គ្នា។

 

 

ហុងស៊ុយ​​ហៅ​ប្រាក់​ចូល​ហោ​ប៉ៅ​ មាន​លាភ​ឆ្នាំ​ថ្មី

 

រៀប​ចំ​របស់​របរ​ឲ្យ​មាន​របៀប

 
កុំ​បណ្ដោយ​ឲ្យ​របស់​របរ​គរ​ចោល​នៅ​លើ​តុ។ របស់​អ្វី​ដែល​ចាស់​លែង​ប្រើ​ការ​ហើយ គួរ​ប្រមូល​យក​ទៅ​បោះ​ចោល ឬ​រៀប​ចំ​ទុក​ដាក់​ទៅ​តាម​ទី​កន្លែង​ឲ្យ​បាន​ត្រឹម​ត្រូវ ចៀស​វាង​ទុក​របស់​រ៉ាយ​ប៉ាយ​លើ​តុ ឬ​ក្លិន​ឆ្អេះ​ស្អុយ​នាំ​តែ​កើត​ឧបទ្រព​ចង្រៃ។

 

 

ជួស​ជុល​កន្លែង​ខូច​ខាត​ត្រង់​បរិវេណ​ផ្ទះ​ឲ្យ​ស្អាត​ជានិច្ច

 
ត្រង់​កន្លែង​ណា​ដែល​បាក់​បែក​ឬ​ខូច​ខាត​ត្រូវ​ប្រញាប់​ជួស​ជុល​ភ្លាម​កុំ​ទុក​ចោល​នាំ​អ​មង្គល។ពិសេស​ត្រង់​ពិតាន​ដែល​ធ្លុះ​ធ្លាយ ឬ​បាក់​បែក​ត្រូវ​ប្រញាប់​ជួស​ជុល ព្រោះ​គេ​ជឿ​ថា​នឹង​ធ្វើ​ឲ្យ​ប្រាក់​កាស​ធ្លាយ​ចេញ​អស់​ទៅ​វិញ។

 

 

សូមអាន៖     អំណោយ​​ល្អនិង​មិន​ល្អ សម្រាប់​ជូន​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន

 

 

អត្ថបទ៖ លឹម សុ​នា