​ក្តីបារម្ភ​កើនឡើង ដោយសារ​ពស់​ពិស មក​ចឹក​មនុស្ស​នៅក្នុង​ភូមិ

បន្ទាយមានជ័យ: ប្រជាពលរដ្ឋ ព្រួយបារម្ភ​ខ្លាំង ដោយសារ​បច្ចុប្បន្ន ពស់​ពិស បានមក​ចឹក​មនុស្ស នៅ​នឹង​ផ្ទះ ក្នុងភូមិ​តែម្តង ។ ពលរដ្ឋ​ប្រឈម​គ្រោះថ្នាក់ កាន់តែច្រើន តែ​ការសង្គ្រោះ​ជីវិត​របស់​ពេទ្យ បានល្អ​ប្រសើរ​ជាង​មុន​។ ក្នុងនោះ អត្រា​ជនរងគ្រោះ ដោយសារ​ពស់​ចឹក ក្នុង​ឆ្នាំ​២០១៥ កន្លងមក ប្រហាក់ប្រហែល​ឆ្នាំ​២០១៤ ឬ​អាច​ថា​កើន​លើស​បន្តិចបន្តួច​ផង​។​
      
​លោក​ប្លែក វ៉ា​រី អភិបាលស្រុក​ថ្មពួក បានអោយដឹងថា​: ក្នុង​ចុងឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦ នេះ មាន​ករណី​ពស់​ចឹក ៥-៦ នៅ​ភូមិ​នៃ​ឃុំ​ថ្មពួក និង​ឃុំ​គំរូ​។ ពស់​ច្រើន​មក​ចឹក​អ្នកស្រុក នៅក្រោម​ជណ្តើរ ក្បែរ​ពាងទឹក កន្លែង​ដាំ​ស្លឹកគ្រៃ ជី ក្នុង​បរិវេណ​ផ្ទះ ក្បែរ​ទី​មានទឹក និង​តាមផ្លូវ​ក្នុងភូមិ​តែម្តង​។ វា​ច្រើន​ចឹក​នៅ​ក្បាល​ព្រលប់​។ នោះ​អាចមកពី​តាម​ចម្ការ​ដំឡូង​មី ជាទី​សម្ងំ​របស់​ពស់ ត្រូវគេ​បាញ់ថ្នាំ ហើយ​ពស់​ក៏​មករក​ទឹក រក​ជម្រក​និង​ចំណី​នៅក្នុង​ភូមិ​វិញ​។ ម្យ៉ាង​មក ពី​អស់​ព្រៃឈើ ជា​ជម្រក​ពួកវា​។​
    
​ប្រជាពលរដ្ឋ​ប្រឈមមុខ​គ្រោះថ្នាក់​ខ្លាំង​ដែរ ពី​ករណី​ពស់​ចឹក​។ ហេតុនេះ អាជ្ញាធរ​ស្រុក បានអោយ​មន្ត្រីឃុំ ភូមិ និង​សមត្ថកិច្ច ជួយ​អប់រំ​ណែនាំ​ពលរដ្ឋ អោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ខ្លួនឯង ដូចជា​ត្រូវ​ពាក់​ស្បែកជើងឃ្លុប​, ស្បែកជើង​កវែង​.. ឬ​ដើរ​ពេល​ងងឹត ត្រូវ​វ​មាន​ភ្លើង​ឈួ​ល​បំភ្លឺ ឬក៏​មាន​ថ្នាំ និង​វត្ថុ​អ្វីៗ​បង្ការ បន្លា​ចពស់​។​
    
​មន្ត្រី​ពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក បានអោយដឹងថា​: អត្រា​ពលរដ្ឋ​រងគ្រោះ ដោយ​ពស់​ចឹក ដែល​មក​ទទួល​សេវា​សង្គ្រោះ ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ថ្មពួក ក្នុង​ឆ្នាំ​២០១៥ កន្លងមក មាន​ជាង​១៦០​ករណី គឺ​វា​ប្រហែល ឬ​លើស​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​២០១៤ កន្លងមក​។ ក្នុងនោះ ពស់​ពិស​ចឹក បង្ក​ប៉ះពាល់​លើ​ឈាម ដូចជា​ពស់​ស្រការ​ចាស់ ពស់​ហនុមាន ពស់​ខៀវ ពស់​ប្លាំ​ង​ហោក ...​មាន​ច្រើន ជាង​ពស់​បង្ក​ប៉ះពាល់ លើ​សរសៃប្រសាទ ដូចជា​ក្រុម​ពស់វែក​..​។ តែបើ​ពិសពស់​ច្រើន ហើយ​ពស់​ចឹក ដោយ​បញ្ចេញ​ពិស​ខ្លាំង  ទោះ​ប្រភេទ​ពិស​ប៉ះពាល់​លើ​ឈាម ឬ​លើ​សរសៃប្រសាទ ក៏​វា​សុទ្ធតែ​អាច​គ្រោះថ្នាក់ ដល់​ជីវិត ឬ​បង្ក​ចុះខ្សោយ​សតិបញ្ញា ស្មារតី​ដូចគ្នា​។​
      
​ចំណែក​ប្រជាពលរដ្ឋ បាន​និយាយថា​: ពេល​ចឹក ឬ​ខាំ​ហើយ សត្វ​ពស់​ច្រើន​មិន​វារ​លូន​រត់​រួច​ទេ​។​ហេតុនេះ គេ​អាច​វាយ​វា​បាន ហើយ​ត្រូវ​នាំ​មកអោយ​គ្រូពេទ្យ​មើល ដើម្បី​ងាយស្រួល​គ្រូពេទ្យ​ដាក់​សេរ៉ូម និង​ថ្នាំ​ព្យាបាល​អោយ​ត្រូវ​ពិស​។​
        
​ពលរដ្ឋ​មាន​ក្តី​ព្រួយបារម្ភ ត្បិត​ពស់​កាន់តែ​សម្បូរ ហើយ​បង្កប់ខ្លួន​ក្នុង​ស្រែចម្ការ និង​ក្នុង​បរិវេណ​ផ្ទះសម្បែង ភូមិឋាន​តែម្តង​។ ដូច្នេះ​ពលរដ្ឋ​សំណូមពរ ក្រសួងសុខាភិបាល ត្រៀម​បម្រុង និង​ផ្តល់​សេរ៉ូម និង​ថ្នាំ​ប្រឆាំង​ពិសពស់ អោយបាន​គ្រប់គ្រាន់ និង​ទាន់ពេល​។​
      
​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: ក្នុង​ខេត្ត​នេះ អត្រា​ពស់​ពិស​ចឹក ច្រើនជាងគេ​ក្នុងប្រទេស​។ ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ កន្លងមក វា​មាន​ប្រហាក់ប្រហែលគ្នា គឺ​ជិត​៣០០​ករណី ឬ​អាច​ថា​ឆ្នាំ​២០១៥ កើន​ជាង ៣-៤ ករណី​ផង​។​
      
​លោក កែវ សុ​ភ័​ក្ត្រា បាន​និយាយ​បន្តថាៈ ឆ្លើយតប​ករណី​ពស់​ចឹក ឬ​សត្វ​ពិស​ទិច និង​ខាំ​នេះ មន្ទីរ​សុខាភិបាល អាជ្ញាធរ​ដែនដី និង​អង្គការ​ដៃគូ ពុំទាន់​បាន​សហការគ្នា ធ្វើ​វគ្គ​សិក្ខាសាលា និង​មាន​វិធានការ​បង្ការ ការពារ​ជាក់​ជាក់​ណា​នៅឡើយ​។ តែ​បាន​ផ្វ​ព្វ​ផ្សាយ អោយ​ពលរដ្ឋ​ទូទៅ​ប្រយ័ត្ន​ខ្ពស់​។ ទោះយ៉ាងណា មន្ត្រី​អាជ្ញាធរ និង​ជំនាញ មាន​វិធានការ​ពិនិត្យ​សង្គ្រោះ និង​ព្យាបាល​បាន​ម៉ត់ចត់ មាន​ប្រសិទ្ធភាព​ជាង​មុន​។ ពោល​មិន​ធ្វើអោយ​ថ្លោះធ្លោយ ខូច​ឈ្មោះ និង​ត្រូវ​ដក​មន្ត្រី​ពេទ្យ ដូច​ករណី​ពស់​ចឹក​ស្លាប់​កុមារ​ម្នាក់ ហើយ​គ្រូពេទ្យ​នៅ​ថ្មពួក មិន​ហ៊ាន​យក​សេរ៉ូម និង​ថ្នាំ​បម្រុង​ទុក​ជូន​យុវជន​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ មក​ព្យ​បាល​នោះទេ​។​
    
​ផ្ទុយទៅវិញ ប​ច្ច​ប្បន្ន​នេះ ក្រសួងសុខាភិបាល បាន​ទម្លាក់​សេរ៉ូម និង​ថ្នាំ​ព្យាបាល​ប្រឆាំង​ពិសពស់ មាន​គ្រប់គ្រាន់ គឺជា​សេរ៉ូម និង​ថ្នាំ​ផលិត​នៅ​ប្រទេស​ថៃ ព្រោះ​ត្រូវ​គ្នា​នឹង​ប្រភេទ​ពិសពស់ នៅ​កម្ពុជា​ដែរ​។​
    
​សូមបញ្ជាក់ថា ថ្នាំ​ប្រឆាំង​ពិសពស់ មានតម្លៃ​ថ្លៃ គឺ​១​ដប ថ្លៃ​យ៉ាងតិច ៥០០ ដុល្លារ ហើយ​ជនរងគ្រោះ​ម្នាក់ៗ ត្រូវការ​ថ្នាំ​ចាក់​ពី ៤-៥ ដប ទើប​ព្យាបាល​បាន​។ ហើយ​ថ្នាំ និង​ការសង្គ្រោះ ព្យាបាល​មាននៅ​តែ​ក្នុង​មន្ទីរ​រដ្ឋ​ប៉ុណ្ណោះ​។ ចំពោះ​ពេទ្យ​ឯកជន ទាំង​វេជ្ជសាស្ត្រ និង​ទាំង​បូរាណ មិនមាន ហើយ​មិន​ហ៊ាន​ទទួល​ពិនិត្យ​ស​ង្ក្រោះ ព្យាបាល​ឡើយ​។​
      
​ឯ​ពលរដ្ឋ​កម្ពុជា នៅ​ជាយ​ព្រំដែន កម្ពុជា​-​ថៃ បើ​រងគ្រោះ​ដោយ​ពស់​ចឹក និង​ដោយសារ​មីន ពួកគេ​ច្រើន​ត្រូវ​នាំទៅ​សង្គ្រោះ ព្យាបាល​ក្នុងប្រទេស​ថៃ​៕V/S

​ក្តីបារម្ភ​កើនឡើង ដោយសារ​ពស់​ពិស មក​ចឹក​មនុស្ស​នៅក្នុង​ភូមិ

​ក្តីបារម្ភ​កើនឡើង ដោយសារ​ពស់​ពិស មក​ចឹក​មនុស្ស​នៅក្នុង​ភូមិ

​ក្តីបារម្ភ​កើនឡើង ដោយសារ​ពស់​ពិស មក​ចឹក​មនុស្ស​នៅក្នុង​ភូមិ

​ក្តីបារម្ភ​កើនឡើង ដោយសារ​ពស់​ពិស មក​ចឹក​មនុស្ស​នៅក្នុង​ភូមិ