សុខភាព &raquo សុខភាព

យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​អីុតា​លី​បាន​បង្ហាញ​ថា សារធាតុ​គីមី​មួយ​ប្រភេទ​នៅ​ក្នុង​ស្រា​ទំពាំងបាយជូរ​អាច​បញ្ឈប់​ជំងឺមហារីក​ដោះ​បាន ។ ការ​សិក្សា​តាម​រយៈ​ការ​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍​បាន​បង្ហាញ​ថា Resveratrol ដែល​រក​ឃើញ​នៅ​ក្នុង​សម្បក​ផ្លែ​ទំពាំងបាយជូរ​អាច​រំលាយ​ចោលកា​រវិ​វ​ឌ្ឍ​របស់​ជំងឺ​តាម​រយៈ​ការ​រាំង​ខ្ទប់​ប្រសិទ្ធភាព​លូតលាស់​អ័រម៉ូន​ភេទ Oestrogen ។

វេជ្ជបណ្ឌិត​សេ​បា​ស្ទី​យ៉ា​ណូ អាន​ដូ​នៃ​សាកលវិទ្យាល័យ Calabria នៅ​ប្រទេស​អីុ​តា​លី​បាន​និយាយ​ថា​៖ «Resveratrol គឺជា​ឧបករណ៍​ឱសថ​វិទ្យា​ដ៏​មាន​សក្តានុពល​មួយ​ដែល​ត្រូវ​អភិវឌ្ឍន៍​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​ជំងឺមហារីក​ដោះ​ស៊ាំ​ទៅ​នឹង​វិធី​ព្យាបាល​តាម​អ័រម៉ូន​» ។

Resveratrol ដំណើរការ​ដោយ​ការ​រាំង​ខ្ទប់​ផ្លូវ​ដែល​អ័រម៉ូន Oestrogen ប្រមូលផ្តុំ​គ្នា​ជាមួយ​DNA ក្នុង​រាង​កាយ​ស្ត្រី​ដែល​ធ្វើ​ឱ្យ​បាចសាច​កោសិកា​មហារីក ។ វេជ្ជបណ្ឌិត​អាន​ដូ និង​សហការី​បាន​រក​ឃើញ​ថា ការ​លូតលាស់​របស់​កោសិកា​មហារីក​ដោះ​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​វា​ត្រូវ​បាន​ព្យាបាល​ដោយសារ​ធាតុ​នៅ​ក្នុង​ស្រា​ទំពាំងបាយជូរ ។

រីឯ​វេជ្ជបណ្ឌិត Gerald Weissmann និពន្ធ​នាយក​របស់​ព្រឹត្តិបត្រ FASEB Journal បាន​និយាយ​ថា ការ​រក​ឃើញ​នេះ​គឺ​ពិតជា​គួរ​ឱ្យ​រំភើប​ខ្លាំង​ណាស់ តែ​វា​ក៏​មិនមែន​មាន​ន័យ​ថា មនុស្ស​ម្នា​ទាំងឡាយ​គួរតែ​ចេញ​ទៅ​ចាប់ផ្តើម​ផឹកស្រា​ទំពាំងបាយជូរ​ឬ​ក៏​ប្រើប្រាស់​សារធាតុ Resveratrol ដើម្បី​ព្យាបាល​ជំងឺមហារីក​ដោះ​នោះ​ទេ ។

ដោយឡែក ការ​រក​ឃើញ​កាលពី​លើក​មុន​បាន​បង្ហាញ​ថា ទទួលទាន​ស្រា​ទំពាំងបាយជូរ​ក្នុង​កម្រិត​មធ្យម​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង​ដោយ​វា​បាន​ធ្វើ​ឱ្យ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​កើនឡើង ទប់ទល់​បាន​នូវ​ការ​ខូចខាត​សរសៃ​អាក់ទែរ ។ ការ​ពិសោធន៍​លើ​សត្វ​កណ្តុរ​បង្ហាញ​ថា សារធាតុ Resveratrol គឺជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​ខូចខាត​បណ្តា​សរសៃឈាម កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ និង​ព្រមទាំង​ការពារ​ការ​កក​ដុំ​ឈាម ។ យ៉ាងណា​ក៏​ដោយ ការ​ទទួលទាន​ច្រើន​ពេក​អាច​បង្កើន​ហា​នី​ភ័យ​ពី​ជំងឺលើសឈាម ខ្លាញ់​ក្នុង​សរសៃឈាម -Triglycerides ក្រិន​ថ្លើម ក៏​ដូច​ជា​បណ្តា​ជំងឺមហារីក​ដទៃ​ទៀត ។ ការ​សេព​គ្រឿង​ស្រវឹង​ច្រើន​រាល់ថ្ងៃ​អាច​បណ្តាល​ឱ្យ​សាច់ដុំ​បេះដូង​ចុះ​ខ្សោយ និង​ឈាន​ទៅ​កើត​ជំងឺខ្សោយបេះដូង ៕