ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តកំពត ​៖ បុរស​ម្នាក់​ ត្រូវ​បាន​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​​ប្រទះ​ឃើញ​ស្លាប់​នៅ​មុខ​ទ្រុងមាន់​ទាំង​មុខ​មាន​ពាក់​ម៉ាស់​ផង ដែល​ការ​ស្លាប់​នេះ​បណ្តាល​មក​ពី​ចរន្ត​អគ្គិស​នី​ដែល​​ម្ចាស់​កសិដ្ឋាន​ដាក់​បំភ្លឺ​ទុ្រង​មាន់​​ឆ្លង​​ចរន្ត​ភ្លើ​ង​ឆក់​​​​ នៅ​ចំណុច​ទ្វារ​ទ្រុងមាន់​ទើប​បង្ក​ឲ្យ​មានកា​​រ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​អូ​ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី​ ។

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​​ត្រពាំង​រាំង​បាន​ឲ្យ​ដឹង​ថា ​បុរស​រង​គ្រោះ​​ដែល​ស្លាប់​ដោ​យ​ខ្សែភ្លើង​ឆក់​នេះ​ឈ្មោះ វ៉ែន រ​ដ្ឋា ហៅខ្ញេ​ន ​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នាយ​អ​ញ្ជឹ​ត ឃុំ​ស្នាយ​អ​ញ្ជឹ​ត ស្រុក​ជុំ​គី​រី​ ។

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​​បាន​​បន្ត​​ថា ​កាល​ពី​​វេលា​ម៉ោង​ប្រមាណ​៦​​ព្រឹក​ថ្ងៃ​ទី​២​ កុម្ភៈ ​ឈ្មោះ ស៊ិ​ន ភារ​ម្យ ភេទ​ប្រុ​​ស អាយុ​២៣​ឆ្នាំ ​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់បាន​ចូល​ទៅ​មើល​មាន់​ដែល​ខ្លួន​ចិញ្ចឹម​​ ​ស្រាប់​​តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​មុខទ្វា​រចូល​ទ្រុងមាន់​ទាំង​មុខ​មាន​ពាក់​​ម៉ាស់​ផង ​ក៍​មានការ​ភ្ញាក់ផ្អើល​​និង​​​រាយ​ការណ៍​ទៅ​សមត្ថ​កិ​​ច្ច​ដើម្បី​ឲ្យ​មក​ពិនិត្យ ​។ ​ក្រោយ​ពី​បាន​ទទួល​ព័​ត៌មាន​​ខាង​លើ ​សមត្ថកិច្ច​ក៍​បា​​ន​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ ដើម្បី​​​ត្រួត​ពិនិត្យ​រក​មូលហេតុ​នៃ​ការ​ស្លាប់​របស់​បុរស​រូប​នេះ ​។

តាម​រយៈការ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច័យ​រួច​មក​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ការ​ស្លាប់​នេះ​គឺ​បណ្តាល​មក​ពី​ការ​​ចរន្ត​ភ្លើង​​មាន​មុខតំណរ​ខ្សែភ្លើង​ដែល​គេ​ដាក់​បំភ្លឺ​ក្នុង​ទ្រុងមាន់​ខណៈ​ពេល​បុរស​រូប​នេះ​លបចូល​ក្នុង​ទ្រុងមាន់​​សង្ស័យ​ប្រុង​​លួច​ចាប់​មាន់​ក៍​ប៉ះ​​នឹង​​មុខ​​តំណរ​ខ្សែភ្លើង​ទើប​បណ្តាល​ឲ្យ​ឆក់​ស្លា​​ប់​​បែប​នេះ ​។ ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​​ដោយ​ពិនិត្យ​វត្ថុ​តាង​ដែល​មាននៅ​ជាប់​នឹង​ខ្លួន​សាកសព​មាន​ពឹល​១ ចម្ពាម​​កៅស៊ូ​១ កន្ត្រៃ​១ កាំបិត​១ និង​ញញួរ​១ផង​ដែរ ​។ ប៉ុន្តែ​ក្នុង​ហេតុ​ការ​នេះ​ ទោះបី​​ជា​យ៉ាងណា​ក្តី ​ក៏​គេ​ឃើញ​បុរស​ដែល​ជា​ម្ចាស់​កសិដ្ឋាន ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គី​រី ជុំវិញ​ករណី​ខាងលើ​នេះ​​ ​។

ជាមួយ​​នឹង​​ហេតុ​ការ​ខាងលើ​នេះ​ដែរ មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​​ដែល​មក​មើល​​សព​បាន​ដាក់​ការ​សង្ស័យ​ថា ជន​នេះ​ជា​មុខសញ្ញា​ចោរលួច​មាន់​ដ៍ស​កម្ម​នៅ​ក្នុងភូមិ​ឃុំ​នេះ ពីព្រោះ​កន្លង​មក ​ស្ទើរតែ​គ្រប់​ផ្ទះ​នៅ​ក្នុងភូមិ​នេះ​តែងតែ​បាត់​មាន់​ជា​ហូរហែរ​មិនសូវ​លុះ​ថ្ងៃ​ណា​ទេ ប៉ុន្តែ​រកមុខ​ចោរ​មិន​ដែល​ឃើញ​ម្តងណា​សោះ​ ។ អ្នក​ភូមិ​និយាយ​ថា ​នេះ​ប្រហែលជា​ថ្ងៃ​ស៊យ​របស់​ជន​ដែល​ប្រព្រឹត្ត​នេះ​ហើយ ទើបបាន​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នៅ​មុខ​ទ្រុងមាន់​យ៉ាងនេះ​​ ៕