ដឹងឬនៅ មេរោគថ្មី Zika ក៏ជាជំងឺឆ្លងតាមរយៈ ការរួមភេទដែរ

វ៉ាស៊ីនតោន៖ នេះដំណើររាលដាលមួយ នៃមេរោគថ្មី Zika ដែលវាត្រូវបាន ក្រសួងសុខាភិបាលនៃ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក រាយការណ៍ថា មានករណីឆ្លងមេរោគថ្មីនេះ នៅប្រទេសរបស់ខ្លួនហើយ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា សេវាសុខាភិបាល និងមនុស្សសាស្រ្តក្រុងដាឡាស បានចេញសេចក្ដីថ្លែងការណ៍មួយដែលថា អ្នកជំងឺបានឆ្លងមេរោគនេះ បន្ទាប់ពីបានរួមរស់ជាមួយអ្នក ដែលផ្ទុកមេរោគ Zika ឫក៏ពួកគេត្រឡប់មកកន្លែង ដែលមានវត្តមានមេរោគនេះ។

ប៉ុន្ដែយ៉ាងក្ដីហេតុផលវិជ្ជសាស្រ្ត និងភាពឯកជន ភ្នាក់ងារសុខភាពមិនបាន បង្ហាញព័ត៌មានពាក់ព័ន្ធនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ ដល់កត្តាសិទ្ធិមនុស្ស។ ដោយឡែកប្រធានសេវាសុខាភិបាល និងមនុស្សសាស្រ្តក្រុងដាឡាសលោក ហ្សាចារី ថមសុន បានមានមតិថា “ឥឡូវយើងដឹងហើយថា មេរោគ Zika ក៏អាចឆ្លងបានតាមរយៈ ការរួមភេទដែរ ហើយនេះជាកត្តាដែល ត្រូវបង្កើនការអប់រំដល់សាធារណៈ ពាក់ព័ន្ធនឹងការថែរក្សាខ្លួនឯង និងអ្នកដទៃ”។

លោក បានបន្ដទៀតថា វិធីដែលល្អបំផុត ដើម្បីបង្កាជំងឺឆ្លងទាំងពួងនោះគឺ ការរួមភេទដោយប្រើស្រោមអនាម័យ។ ករណីឆ្លងដំបូងនៃមេរោគនេះ គឺតាមរយៈមូសខាំ ហើយត្រូវបានគេជឿជាក់ថា ទារកដែលកើតមកមានក្បាលតូចខុសប្រក្រតី ប៉ុន្ដែនេះជាករណីឆ្លងថ្មីមួយទៀត ទើបនឹងរកឃើញនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក តាមរយៈការរួមភេទ៕

ដឹងឬនៅ មេរោគថ្មី Zika ក៏ជាជំងឺឆ្លងតាមរយៈ ការរួមភេទដែរ