សិក្សា៖ អាល្លឺម៉ង់ គ្រោងចំណាយថវិកា ប្រមាណ ៥០ពាន់លានអឺរ៉ូ ដើម្បីជួយដល់ ជនភៀសខ្លួន

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ថា រដ្ឋាភិបាល អាល្លឺម៉ង់ នឹងគ្រោងចំណាយថវិកា ប្រមាណ ៥០ពាន់លានអឺរ៉ូ ស្មើនឹង ៥៤,៤៧ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ដើម្បីជួយសម្របសម្រួល និងធ្វើសមាហរណកម្ម ជួយដល់ជនភៀសខ្លួន ។ ដោយសារតែមានហានិភ័យ ខ្ពស់ឡើងៗ ការបន្ថែមនូវបំណុលថ្មីក៏ត្រូវមានដែរ នេះបើតាមការសិក្សាស្រាវជ្រាវមួយ បានបញ្ជាក់យ៉ាងដូច្នេះ ។
គេបានដឹងថា មានអ្នកសុំរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រមាណ១,១លាននាក់ តួលេខនេះបង្ហាញឲ្យដឹងនៅក្នុងឆ្នាំមុន ។ ពួកគេដែលបាន មកកាន់អាល្លឺម៉ង់ បន្ទាប់ពីលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ បានអនុម័ត ដោយស្វាគមន៍ការចូល មករស់នៅក្នុងខែកញ្ញា កន្លងមកនេះ ។
វិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ច Cologne បានឲ្យដឹងថា នៅក្នុងឆ្នាំនេះ អ្នកដែលមករកសុំសិទ្ធិជ្រកកោននោះ មានប្រមាណ ៨០០,០០០នាក់ ហើយនៅឆ្នាំ២០១៧ អាចនឹងមានប្រមាណ ៥០០,០០០នាក់ទៀត ។
ផ្អែកលើការមកកាន់ទឹកដីអាល្លឺម៉ង់ ចេះតែបន្តកើតមានថ្មីបែបនេះ រដ្ឋាភិបាល នឹងត្រូវចំណាយប្រាក់ប្រមាណ១៧ពាន់លានអឺរ៉ូ សម្រាប់ជួយដល់ ពួកគេនៅក្នុងឆ្នាំ២០១៦នេះ និងទឹកប្រាក់ ប្រមាណ២៣ពាន់លានអឺរ៉ូ ទៀត នឹងត្រូវប្រើប្រាស់នៅក្នុងឆ្នាំ២០១៧ ។ អ្នកជំនាញការមួយចំនួនបានគណនា នូវតួលេខចំណាយយ៉ាងដូច្នេះ ៕