ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ម្ចាស់ផ្ទះ​ទៅ​ក្រុងព្រះសីហនុ​អស់​ ​រួច​ចាក់សោ​ផ្ទះ​ទុក​​ តែ​​អត់​បិទ​បា​រ៉ែត​ភ្លើង​​បណ្តាល​ឲ្យ​ទុ​ស្សេ​ខ្សែភ្លើង​​ឆេះ​អស់​ផ្ទះ​មួយ​ខ្នង ​ដែល​គេ​ដឹង​ថា​ ម្ចាស់ផ្ទះ​​ឈ្មោះ ហេង ប្រាក់សុ​ធ​ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ​​​​ជា​មន្ត្រី​កង​រាជ​​អាវុធ​ហត្ថ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​ង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែកុម្ភៈ នៅ​ផ្លូវ​​​លំ​ ផ្ទះ​លេខ​៣៨ ​ក្រុម​៣៨A ភូមិ​៣ សង្កាត់​បឹង​កេងកងទី​៣ ខណ្ឌចំការមន ​។

តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​អគ្គិភ័យ​បំផ្លាញ​ខាង​លើ​មាន​ទំហំ​៣​ម៉ែត្រ​គុណ​​​៦ម៉ែត្រ​ ​​​សង់​អំពី​ថ្ម​ក្រោម​​​ប្រក់​ស័ង្កសី​ខាងលើ ជា​ផ្ទះ​របស់​មន្ត្រី​​កង​រាជ​អាវុធហត្ថ​មួយ​រូប ​មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​បាន​នាំ​គ្នា​ទៅ​ក្រុងព្រះសីហនុ​អស់ ហើយ​បាន​ចាក់សោ​​ផ្ទះ​ទុក​ចោល តែ​មិន​បាន​បិទ​បា​រ៉ែត​ទេ ។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​ផ្សែងហុយ​ចេញ​មក​ពី​ផ្ទះ​ជាន់​ទី​មួយ​និង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​អ្នក​​រស់នៅ​ជិតខាង​បាន​នាំ​គ្នា​ត​ទុយោ​ទឹក​បាញ់​​ពន្លត់ តែ​មិន​​រលត់​ ទើប​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​ ​ចំនួន​៦​គ្រឿង តែ​ដោយសារ​ស្ថានភាព​ផ្លូវ​តូច​ចង្អៀត​រថយន្តមិន​អាច​បើក​ចូល​ទៅ​ដល់​បាន​ឈប់​នៅ​លើ​ផ្លូវ​៣៤៨ ​ហើយ​ត​ទុយោ​បាញ់​អស់​៥​គ្រឿង​ ទើបរលត់​ទាំងស្រុង ។

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​អគ្គិភ័យ​ដែល​បាន​កើត​ឡើង​ខាង​លើ​នេះ បណ្តាល​មក​ពី​​ការ​ទុ​ស្សេ​ខ្សែភ្លើង​​ធ្វើ​ឱ្យ​​ឆេះ​នៅ​​ជាន់​ទី​មួយ​អស់​​ទាំងស្រុង តែ​មិន​ទាន់​ឆ្លង​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​ទេ ៕