លោក អ៊ុំ សំអាន ចោទ​លោក ហេង សំរិន ថា​រំលោភ​រដ្ឋធម្មនុញ្ញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ចោទ ប្រកាន់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ ថា កំពុង​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា ៩៦ និង​មាត្រា ១៥០ ថ្មី ករណី​មិន​បញ្ជូន​លិខិត​របស់​អ្នកតំណាងរាស្ត្រ​ទៅ​ប្រមុខ​រដ្ឋាភិបាល។

លោក​បន្ត​ថា ប្រធានរដ្ឋសភា​គ្មាន​សិទ្ធិ​បង្អាក់ ឬ​រារាំង​ការ​បញ្ជូន​លិខិត​របស់​អ្នក​តំណាងរាស្ត្រ​នោះ​ទេ៖ «តួនាទី​របស់​ប្រធាន​រដ្ឋសភា​គ្រាន់​ជា​អ្នក​សម្របសម្រួល​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​លិខិត​ហ្នឹង​ទៅ​ដល់​ដៃ​របស់​រដ្ឋាភិបាល ហើយ​សម្របសម្រួល​នៅ​ពេល​អង្គប្រជុំ​តែ​ប៉ុណ្ណឹង​ឯង។ អត់​មាន​សិទ្ធិ​អំណាច​ណា​មួយ​ដើម្បី​បដិសេធ​មិន​បញ្ជូន​លិខិត​របស់​អ្នក​តំណាងរាស្ត្រ​នោះ​ទេ ព្រោះ​ការ​បដិសេធ ឬ​ការ​ដែល​ចុះ​ហត្ថលេខា​ទៅ​លើ​លិខិត​របស់​អ្នក​តំណាងរាស្ត្រ​ហ្នឹង ហើយ​ផ្ញើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង មិន​មាន​ន័យ​ថា ប្រធាន​រដ្ឋ​សភា​គាត់​យល់​ព្រម ឬ​មិន​យល់​ព្រម​នោះ​ទេ តែ​វា​គ្រាន់​តែ​ជា​ការ​សម្រួល​ដើម្បី​ឲ្យ​លិខិត​នោះ​ទៅ​ដល់​លោក ហ៊ុន សែន ប៉ុណ្ណោះ»

លិខិត​របស់​លោក អ៊ុំ សំអាន ដែល​លោក ហេង សំរិន មិន​បាន​បញ្ជូន​ទៅ​លោក ហ៊ុន សែន នោះ​គឺ​ជា​លិខិត​ស្នើ​សុំ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ដក​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៤​ម៉ឺន​ហិកតារ​ក្នុង​ខេត្ត​រតនគិរី ដែល​កំពុង​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម មក​វិញ។

លិខិត​ដដែល​បញ្ជាក់​ថា យោធា​វៀតណាម គ្មាន​សិទ្ធិ​បោះ​ទី​តាំង​ទ័ព​ក្នុង​ទឹកដី​កម្ពុជា​ឡើយ ហើយ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ឲ្យ​កងទ័ព​វៀតណាម ដូច្នេះ អាច​នាំ​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី​ទៅ​ថ្ងៃ​អនាគត។

នេះ​ជា​លើក​ទី​បី​ហើយ​ដែល​លោក ហេង សំរិន មិន​បញ្ជូន​លិខិត​របស់​អ្នក​តំណាងរាស្ត្រ​ទៅ​កាន់​លោក ហ៊ុន សែន ក្នុង​ចំណោម​លិខិត​ស្នើ​ផ្សេងៗ​ទៀត ដូចជា​ការ​ស្នើ​ឲ្យ​មាន​ការ​ដក​ប្រាសាទ​អង្គរវត្ត​ពី​ការ​គ្រប់គ្រង​របស់​លោក សុខ គង់ និង​សំណើ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។