វិចារណកថាៈ នៅតែមានបទល្មើស កាប់ព្រៃទន្ទ្រានយកដី

 មកដល់ពេលនេះ បទល្មើសបំផ្លាញព្រៃឈើ នៅតែបន្តកើតមាន គួរឲ្យព្រួយបារម្ភ នៅក្នុងខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ កំពង់ស្ពឺ និងពោធិ៍សាត់ជាដើម ។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋទូទៅ គាំទ្រយ៉ាងខ្លាំងក្លាចំពោះវិធានការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ ក្នុងការបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាព។ ប្រជាពលរដ្ឋសង្ឃឹមថា វិធានការរបស់ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អាចធ្វើឲ្យព្រៃសហគមន៍ ព្រៃដែនជម្រកសត្វ តំបន់អភិរក្សជីវៈចម្រុះ និងឧទ្យានជាតិ តាមបណ្តាខេត្តមួយចំនួននៅគង់វង្សយូរអង្វែង ។ មានន័យថា ការទប់ ស្កាត់បទល្មើសបំផ្លាញព្រៃឈើ ក្នុងដំណាក់កាលនេះ គឺជារឿងសំខាន់បំផុត ដើម្បីការពារព្រៃឈើ សម្រាប់ ជាផល ប្រយោជន៍ កូនចៅជំនាន់ក្រោយ បានឃើញធនធានធម្មជាតិ នៅលើទឹកដីកំណើតរបស់ខ្លួន។

 ក្នុងខណៈដែល គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កំពុងប្រតិបត្តិការ ស្រាប់ តែបទល្មើបកាប់ព្រៃទន្ទ្រានយកដី នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឲ្យដឹងថា អ្នកមានលុយ អ្នកមានអំណាច នៅតែបន្ត សកម្មភាពកាប់ព្រៃទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិដោយគ្មានញញើតអ្វីទាំងអស់ ហើយពួកគាត់មិនអាចចាត់ វិធានការ បង្រ្កាបបានឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងបណ្តា ឃុំមួយចំនួនទៀត បានត្រឹមតែអំពាវនាវឲ្យមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងអាជ្ញាធរ ខេត្តចាត់វិធានការទប់ស្កាត់បទល្មើស ឲ្យបានទាន់ពេលវេលា។ ក្នុងនោះមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះបទល្មើសកាប់ព្រៃទន្ទ្រានកាន់កាប់ដី រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅតែបន្តកើតមានយ៉ាងពេញបន្ទុក។ ជាពិសេសមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឲ្យទាន់ ពេលវេលា ទៅលើក្រុមជនល្មើសដែលកំពុងបំផ្លាញធនធានធម្មជាតិ ដោយខ្វះការពិចារណា ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន ។

 នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តស្ទឹងត្រែង ដូចជាស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាងជាដើម ប្រជា សហគមន៍បានឲ្យដឹងថា ព្រៃឈើក្នុងមូលដ្ឋានរបស់ពួកគាត់ នៅតែប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ ហើយអ្នកកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ និងកាប់ព្រៃទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ភាគច្រើនជាអ្នកមាន លុយ មានអំណាច ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ព្រៃសហគមន៍ និងព្រៃការពារក្នុងតំបន់មួយចំនួន ត្រូវគេកាប់គាស់ឈូសឆាយ ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ រាប់រយរាប់ពាន់ហិកតា ចំណែកមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលានោះទេ ។ សូម្បីតែដើមច្បោះជ័រដែលជាមុខរបរប្រពៃណី របស់ជនជាតិដើមភាគតិច នៅក្នុងព្រៃសហគមន៍ និងព្រៃការពារ ក៏កំពុងប្រឈម នឹងការបំផ្លាញយ៉ាងពេញបន្ទុកដែរ ។ ហេតុនេះហើយទើបប្រជាពលរដ្ឋ តែងតែរាយការណ៍ទៅ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ឲ្យចាត់វិធានការទប់ស្កាត់ ប៉ុន្តែសេចក្តីរាយការណ៍របស់ពួកគាត់ គ្មានលទ្ធផលអ្វីទាំងអស់។

 ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិបុស្ស ឃុំម្លូព្រៃ២ ស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា ព្រៃសហគមន៍ក្នុងមូល ដ្ឋានរបស់ពួកគាត់ ត្រូវប្រឈមនឹងសេចក្តីវិនាសសាបសូន្យ នាពេលឆាប់ៗខាងមុខចៀសមិនផុតឡើយ។ ដោយហេតុថា ក្រុមហ៊ុនចិនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់នោះ មិនត្រឹមតែឈូសឆាយដីព្រៃ ក្នុងបរិវេណដីសម្បទានរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងឈូសឆាយដីព្រៃសហគមន៍ និងព្រៃលែងគោ ក្របីរបស់ ប្រជាពលរដ្ឋ ដោយគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋក្នុងឃុំម្លូព្រៃ២ បានឲ្យដឹងថា ពួកគាត់ធ្លាប់ប្រមូលផ្តុំគ្នា តវ៉ាប្រឆាំងក្រុមហ៊ុនចិន ជាច្រើនលើកមកហើយ នៅតែគ្មានដំណោះស្រាយ ព្រោះមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហាក់ដូចជាគ្មានចេតនាការពារព្រៃសហគមន៍ឲ្យបានគង់វង្សឡើយ។ ប្រការនេះ ធ្វើឲ្យពួកគាត់ ចេញមុខការពារ ព្រៃឈើដោយខ្លួនឯង បើទោះបីត្រូវប្រឈមនឹងការគំរាមកំហែង យ៉ាងណាក៏ដោយ ព្រោះព្រៃឈើ និងដីធ្លីជាអាយុជីវិតរបស់ពួកគាត់។

ដោយឡែក ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំក្រវាញ និងស្រុកក្រគ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បទល្មើសកាប់ឈើ ខុសច្បាប់ នៅតែបន្តកើតមានឥតឈប់ឈរ ហើយបទល្មើសកាប់ព្រៃទន្ទ្រានយកដី ពីសំណាក់អ្នកមានលុយ អ្នកមានអំណាចនៅតែបន្តកើតឡើងដូចមុនដដែល។ រីឯប្រជាពលរដ្ឋនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុក ឱរ៉ាល់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បទល្មើសកាប់ឈើ និងកាប់ព្រៃទន្ទ្រានយកដី នៅតែបន្តកើត ឡើង គួរឲ្យព្រួយបារម្ភ ព្រោះមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាបប្រកបដោយ ប្រសិទ្ធភាពនោះទេ។ ជាក់ស្តែងនៅក្នុងឃុំក្រាំងស្ពារ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បទល្មើសកាប់ឈើ ដឹកជញ្ជូន ឈើខុសច្បាប់ និងបទល្មើសកាប់ព្រៃទន្ទ្រានយកដី កើតឡើងច្រើនឆ្នាំមកហើយ នៅតែគ្មានការទប់ស្កាត់ពី មន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញ។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវឲ្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ព្រៃក្នុងមូលដ្ឋានរបស់ពួកគាត់ ជាបន្ទាន់បំផុត ដើម្បីរក្សាព្រៃឈើទុកសម្រាប់កូនចៅជំនាន់ក្រោយ បានស្គាល់ និងអាស្រ័យផលតទៅទៀត៕