លោកហោ ណាំហុង ៖ កម្ពុជានឹង រឹតចំណងមិត្តភាព ជាមួយអាមេរិក ដើម្បីប្រជាជន អាស៊ាន ទាំងមូល

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅព្រឹកថ្ងៃពុធ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះបានអះអាងថា កម្ពុជានឹងខិតខំពង្រីក ទំនាក់ទំនងទ្វេភាគី ជាមួយអាមេរិក ដើម្បីផ្លាស់ប្ដូរពាណិជ្ជកម្មអាស៊ាន-អាមេរិក សម្រាប់ប្រជាជនអាស៊ាន ទាំងមូលដែលមានជាង ៦០០លាននាក់។

លោក ហោ ណាំហុង បានថ្លែងបែបនេះក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញទៅចិន ដើម្បីធ្វើជាសហប្រធាន កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ចិន សម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងប៉េកំាង ។

លោកឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា "ទំនាក់ទំនងកម្ពុជា-អាមេរិក គឺដើម្បីធ្វើឲ្យរីកចម្រើនថែមទៀត នូវចំណង មិត្តភាព ដៃគូយុទ្ធសាស្ត្រ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយអាមេរិកកាំងធ្វើយ៉ាង ម៉េចឲ្យសហគមន៍អាស៊ាននេះ កាន់តែឈានមុខ កាន់តែរីកចម្រើន កាន់តែខ្លាំងសម្រាប់ប្រជាជនអាស៊ានទាំង១០ប្រទេស ដែលមានសព្វថ្ងៃជាង ៦០០លាននាក់ "។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) បានជួយដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងទឹកប្រាក់ ដែលបានផ្តល់ និងសន្យាមាន ចំនួនប្រមាណ ១,០៦លានពាន់ដុល្លារអាមេរិក  ដែលជាហិរញ្ញប្បទាន ឥតសំណង និងផ្តោតជាសំខាន់ លើវិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៍ធនធានមនុស្ស កសិកម្ម វិស័យកាត់ដេរ និងអភិបាល កិច្ចល្អ ប្រជាធិបតេយ្យជាដើម៕

លោកហោ ណាំហុង ៖ កម្ពុជានឹង រឹតចំណងមិត្តភាព ជាមួយអាមេរិក ដើម្បីប្រជាជន អាស៊ាន ទាំងមូល