ជនសង្ស័យ​ប្លន់​កក្រើក​ប៉ៃលិន​ចាប់ខ្លួន​នៅ​ភ្នំពេញ

ជនសង្ស័យ​ប្លន់​កក្រើក​ប៉ៃលិន​ចាប់ខ្លួន​នៅ​ភ្នំពេញ

ខេត្ត​ប៉ៃលិន ៖ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក​ឧត្តមសេនីយ៍ ជា ចាន់​ឌិន នៅ​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ បានឱ្យ​ដឹង​ថា ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​កាំភ្លើង AK-47 និង​ពូថៅ ២​នាក់​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ចូល​ប្លន់​ផ្ទះ​វេរ​លុយ​នៅ​ក្រុង​ប៉ៃលិន​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​របស់​លោក សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន​ហើយ ។

លោក​ឧត្តមសេនីយ៍ បញ្ជាក់​ថា «​យើង​តាម​ចាប់ខ្លួន​បាន​២​នាក់​ហើយ​នៅ​ព្រឹក​នេះ ហើយ​កំពុង​សាកសួរ តែ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​» ។ ជនសង្ស័យ​ជា​ចោរប្លន់ ១-​ឈ្មោះ ហ៊​ត វិសិដ្ឋ អាយុ​២៧​ឆ្នាំ រស់នៅ​ឃុំ​ជប់​ទី​១ ស្រុក​ត្បូងឃ្មុំ និង​ម្នាក់​ទៀត​ឈ្មោះ សេង ដា អាយុ​៣៥​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម ។

គួរ​រំឭក​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២១ មក​រា ស្ថិត​នៅ​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ជា​ផ្ទះ​វេរ​លុយ​វី​ង យីហោ «​ហេង រចនា​» ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ហេង វណ្ណ​ថន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​ឪពុកក្មេក​ម្ចាស់ផ្ទះ​រង​របួសធ្ងន់​ត្រូវ​ចោរ​យក​ពូថៅ​អា​រក​.​ដាច់​បំពង់ខ្យល់ ។ ទី​២-​ឈ្មោះ ងួ​ន ចិន្តា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ម្ចាស់ផ្ទះ​រង​របួសធ្ងន់​បែកក្បាល និង​បាក់​ធ្មេញ ។ ទី​៣-​ឈ្មោះ វណ្ណ គី​ម​លាង ភេទ​ស្រី អាយុ​៥​ឆ្នាំ ជា​កូនរង​របួស ។

តាម​ប្រភព​ដដែល​ថា ពេល​កើតហេតុ​នោះ ប្រពន្ធ​ម្ចាស់ផ្ទះ​នៅ​ខាងក្រោយ​មិន​បានដឹង​ថា មាន​ចោរប្លន់​នៅ​មុខ​ផ្ទះ​នោះ​ទេ ។

នៅ​កន្លែង​កើតហេតុ​សាក្សី​ខ្លះ​បានឱ្យ​ដឹង​ថា គេ​បានឃើញ​បុរស​ពីរ​នាក់​ស្លៀកពាក់​ជា​យោធា មាន​ពាក់​ម៉ាស់​បិទមុខ ហើយ​ស្ពាយ​កាំភ្លើង​១ ដើម​ម៉ាក​អាកា​ស្វាយ​បត់ និង​កាន់​ពូថៅ​១ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K-3640 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ក៏​ចូល​ទៅ​ផ្ទះ​វេរ​លុយ​វី​ង ដែល​គេ​គិត​ថា​ជា​អ្នក​វេរ​លុយ ។ ពេល​ចូល​ទៅ​ដល់​អត់​និយាយ​មួយ​ម៉ាត់​សោះ ក៏​ធ្វើ​សកម្មភាព​ចាប់​បុរស​ចំណាស់​ខាងលើ​ដោយ​យក​ពូថៅ​អា​រក​.​ភ្លាម​ៗ​តែ​ម្តង ព្រោះ​ទំនង​ខ្លាច​ស្រែក ។ ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ក៏​ក្រឡេក​ឃើញ​បុរស​ម្នាក់​ទៀត​កំពុង​អង្គុយ​នៅ​ក្រៅ​ផ្ទះ​ក៏​យក​ពូថៅ​កាប់​និង​វាយ​បណ្តាល​ឱ្យ​របួស​ក្បាល និង​បាក់​ធ្មេញ រួច​ក៏​មានការ​ប្រតាយប្រតប់​គ្នា ហើយ​ចោរ​ម្នាក់​ទៀត​បាន​ស្ទុះ​ចូល​ទៅ​ប្រមូល​យក​លុយ​អស់​ជា​ច្រើន រួច​ឡើង​ជិះ​ម៉ូតូ​តម្រង់​ទៅ​ទិស​ខាងលិច​គេចខ្លួន​ដោយ​សុវត្ថិភាព​ទៅ ។

លោក ស៊ិ​ន តាំ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ចោរ​ទាំង​ពីរ​នាក់​នេះ​ចូល​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​ដោយ​កាប់​ប្រហារ​ម្ចាស់ផ្ទះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ពីរ​នាក់ ហើយ​យក​ប្រាក់​ថៃ​អស់​ចំនួន​២៦២.០០០​បាត ប្រាក់​ខ្មែរ​ចំនួន​៥​លាន​រៀល ប្រាក់​ដុល្លារ​ចំនួន​២៦០០​ដុល្លារ និង​កាត​ទូរស័ព្ទ​គិត​ជា​ប្រាក់​អស់​ចំនួន​៨០០​ដុល្លារ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត និង​នគរបាល​ស្នងការដ្ឋាន​ខេត្ត បាន​ចេញ​អន្តរាគមន៍​ដេញ​តាម​ស្វែងរក​គ្រប់​ច្រកល្ហក ក៏​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ដែល​ចោរប្លន់​ជិះ​ធ្វើ​សកម្មភាព​នោះ យក​ទៅ​ប្លុង​ចោល​នៅ​ខាងលិច​បន្ទាយ​យោធា រួច​រត់​ចូល​ព្រៃ ។

សមត្ថកិច្ច​មិន​ទាន់​ឱ្យ​ដឹង​ថា តើ​ស្លាក​លេខ​ម៉ូតូ​ដែល​ចោរ​ជិះ​នោះ​ជា​ស្លាក​លេខ​បែប​ណា បើជា​ស្លាក​លេខ​ម៉ូតូ​ដែល​ជិះ​នោះ​ពិត គឺ​ពិតជា​អាច​ដឹង​ពី​អត្តសញ្ញាណ​ម្ចាស់​ដែល​ឈាន​ទៅ​រកមុខ​ចោរ​ឃើញ​មិន​ខាន ៕