គ្រូ​និង​សិស្ស​ផ្ទុះ​កូដកម្ម​នៅ​វិទ្យាល័យ​ទួល​អំពិល

គ្រូ​និង​សិស្ស​ផ្ទុះ​កូដកម្ម​នៅ​វិទ្យាល័យ​ទួល​អំពិល

រាជធានី​ភ្នំពេញ ៖ លោកគ្រូ អ្នកគ្រូ និង​សិស្ស​នៃ​វិទ្យាល័យ​ទួល​អំពិល ប្រមាណ​២០០​នាក់ បាន​ធ្វើ​កូដកម្ម​ទាមទារ​សុំ​ឱ្យ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា កុំ​ជឿ​តាម​ការ​ញុះញង់​របស់
លោកនាយក​វិទ្យាល័យ ហើយ​ដក​លោកគ្រូ​បង្រៀន​ចំនួន​២​នាក់ ផ្នែក​រូបវិទ្យា និង​ជីវវិទ្យា រួម​និង​លោក​នាយករង​ម្នាក់​ទៀត ចេញពី​វិទ្យាល័យ​ខាងលើ ។ ពួក​គេ​បាន​អះអាង​ថា លោកគ្រូ​និង​លោក​នាយករង​សាលា ទាំង​៣​នាក់​នេះ គឺជា​ជន​សកម្ម​ក្នុង​ការងារ និង​ជាទី​រាប់អាន​សម្រាប់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​នៅ​ក្នុង​វិទ្យាល័យ មិន​ដែល​បង្កទំនាស់ ឬ​នាំ​ឱ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ម្ដងណា​ឡើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថៃ្ង​ទី​១ កុម្ភៈ នៅ​មុខ​វិទ្យាល័យ​ទួល​អំពិល ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ក្រុម​អ្នក​តវ៉ា​បានឱ្យ​ដឹង​ថា លោកគ្រូ​ដែល​ត្រូវ​ដក​ចេញ តាម​សេចក្ដីសម្រេច​ចុះ​ថៃ្ង​ទី​២២ មក​រា ចេញ​ដោយ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​នោះ ១-​លោក ស៊ុន ភ​ន បង្រៀន​មុខ​វិជ្ជា​ជីវវិទ្យា ត្រូវ​បាន​ចាត់​ឱ្យទៅ​បម្រើ​ការ​នៅ​វិទ្យាល័យ ជា​ស៊ី​ម ឈូក​វ៉ា វិញ ។ ២-​លោក ភាព សំណាក់ បង្រៀន​មុខ​វិជ្ជា​រូបវិទ្យា ត្រូវ​បាន​ចាត់​ឱ្យទៅ​បម្រើ​ការ​នៅ​វិទ្យាល័យ សម្តេច ហ៊ុន​សែន ព្រែក​កំពឹស ។ ៣-​លោក យ៉ង់ ប៊ុ​ន​ធឿ​ន នាយករង​នៃ​វិទ្យាល័យ​ទួល​អំពិល​នេះ ក៏​ផ្លាស់​ប្តូរ​ភារកិច្ច​ឱ្យទៅ​ធ្វើ​ជា​នាយករង​នៅ​វិទ្យាល័យ​ទួល​ប្រាសាទ ខណ្ឌ​សែន​សុខ  ។

ក្រុម​អ្នក​តវ៉ា​បាន​បន្ត​ថា ដោយសារ​តែ​មានការ​ផ្លាស់​ប្ដូរ​ដោយ​គ្មាន​ហេតុផល​សោះ ទើប​បង្ក​ឱ្យ​ផ្ទុះ​ការ​តវ៉ា​បែប​នេះ ព្រោះ​លោកគ្រូ​និង​លោក​នាយករង​ទាំង​៣​នាក់​នោះ បាន​បម្រើ​ការងារ​នៅ​ក្នុង​សាលា​ខាងលើ​យូរហើយ ពួក​គាត់​គឺជា​មនុស្ស​គួរ​ឱ្យ​រាប់អាន មិន​ដែល​បង្កទំនាស់​ជាមួយ​អ្នក​ដទៃ ឬ​បង្ក​ឱ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​សាលា​ឡើយ ។ ដូច្នេះ​មិន​គួរ​មានការ​ដក​ពួក​គាត់​ចេញ​ទេ ហើយ​ការ​តវ៉ា​នា​ពេល​នេះ គឺ​ដើម្បី​ស្នើ​ឱ្យ​ក្រសួង​និង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា ពិចារណា​ឡើង​វិញ កុំ​ជឿ​តាម​ការ​ញុះញង់​របស់​លោកនាយក​សាលា ឱ្យ​សោះ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នេះ​ដែរ លោក ចេ​ង មុន្នី​រ៉ា អភិបាលរង​ខណ្ឌដង្កោ បានឱ្យ​ដឹង​ថា រឿង​លោក​នាយករង​សាលា និង​លោកគ្រូ​អ្នកគ្រូ​ទាំង​បី​រូប​នោះ មិនមែន​ក្រសួង​និង​មន្ទីរ​អប់រំ ដក​នោះ​ទេ គឺជា​ការ​ផ្លាស់​ប្ដូរ​កន្លែងធ្វើការ​ងារ ដែល​កន្លង​មក កន្លែង​ផ្សេង​ៗ​ក៏​ធ្លាប់​បាន​ធ្វើ​បែប​ហ្នឹង​ដែរ ហើយ​វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​មន្ត្រីរាជការ មិនមែន​ដក​បញ្ឈរជើង​ទេ ។ ម្យ៉ាងទៀត មាន​តែ​លោកគ្រូ​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ទេ ដែល​ដឹកនាំ​សិស្ស​ធ្វើ​កូដកម្ម ចំណែក​លោកគ្រូ​អ្នកគ្រូ​ផ្សេង​ទៀត មិន​បាន​ចូលរួម​ឡើយ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ លោក​អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​នានា បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល ពន្យល់​ពី​នីតិវិធី​ការងារ ទើប​ក្រុម​អ្នក​តវ៉ា​បាន​បំបែកហ្វូង ហើយ​នៅ​ថ្ងៃ​ទី​២ កុម្ភៈ មិន​បាន​ធ្វើ​បន្ត​ទៀត​ទេ គឺ​ស្ងប់ស្ងាត់​ជា​ធម្មតា ។

គួរ​កត់​សម្គាល់ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា នៅ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន មាន​ផ្ទុះ​បាតុកម្ម ប្រឆាំង​លោកនាយក​សាលា​ដែរ ដោយ​ចោទ​ថា នាយក​សាលា​ថ្មី​នេះ ដឹកនាំ​មិនល្អ ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង គ្មាន​សេចក្តីសុខ​ទេ ក្នុង​សាលា​បឋម​សិក្សា​មួយ​នេះ ៕