លោក សម រង្ស៊ី ស្នើ​ឲ្យ​មានការ​អនុញ្ញាត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាលពីពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា វា​ជា​រឿង​អយុត្តិធម៌​ខ្លាំងណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ព្រោះ​ពួកគាត់​មិនមាន​សិទ្ធិ​បោះឆ្នោត​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ល្មម​ដល់​ពេលដែល​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បរទេស​មាន​សិទ្ធិ​បោះឆ្នោត​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ដែរ​ហើយ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ក៏​ជា​ជនជាតិខ្មែរ ហើយ​ចង់​ឲ្យ​ប្រទេស​ខ្មែរ​មានការ​អភិវឌ្ឍ​ត្រឹមត្រូវ​ផងដែរ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ហេតុផល​ថា​មាន​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បានផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​របស់គេ​នៅ​បរទេស​មានឱកាស​សម្រេច​ពី​ជោគវាសនា​ប្រទេស​របស់​ពួកគេ​តាមរយៈ​ការជ្រើសរើស​អ្នកដឹកនាំ​ដោយ​ការបោះឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ​។ ដូច្នេះ​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែរនោះ គួរតែ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​បាន​ត្រឹមត្រូវ​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា ឥឡូវ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​យល់ព្រម បោះឆ្នោត​អាណត្តិ​នេះ អត់​មាន​អាណត្តិ​មួយទៀត​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ចាំតែ​គាំទ្រ ហើយ​យើង​នឹងធ្វើ​សេចក្តីស្នើច្បាប់​មួយ​ចេញពី​រដ្ឋសភា​។ លោក សម រង្ស៊ី បាន​បន្ថែមថា សូម​ឲ្យ​គណបក្ស​ប្រជាជន​ធ្វើការ​ទេ វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ច្បាប់​មួយ​ថ្មី ដើម្បី​ឲ្យ​ខ្មែរ​នៅ​ឯនាយសមុទ្រ​មាន​សិទ្ធិ​បោះឆ្នោត​ដែរ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កន្លងមក​បាន​មានប្រសាសន៍ថា​ប្រសិនបើ​មានការ​បោះឆ្នោត​ត្រឹមត្រូវ​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ទទួលបាន​នូវ​លទ្ធផល​ដែល​ទន្ទឹងរង់ចាំ​យូរ​មកហើយ នោះ​គឺ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ទៀតថា​ខ្មែរ​មាន​ធនធាន​ច្រើនណាស់​នៅក្រៅ​ប្រទេស​ដែលមាន​ទាំង​ធនធានមនុស្ស និង​បទពិសោធន៍​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​នៅ​បរទេស​គួរ​ដើរតួនាទី​ក្នុងនាម​ជា​អ្នក​ជួយ​ស្រោចស្រង់ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​គួរតែ​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​៕

12645016_1036934943029905_7954257772961468519_n 12654434_1036934739696592_9021297700418729759_n