នគរបាល​ស្លៀក​ពាក់ស៊ីវិល​​ចា​ប់ខ្លួន​មន្ត្រីសហជីព​ពីរនាក់​ពេលកំពុង​​​​តវ៉ា

មន្ត្រី​សហជីព​បាន​និយាយ​ថា នគរ​បាល​ស្លៀកពាក់​ស៊ីវិល​បាន​ចាប់​មន្ត្រី​សហជីព​ពីរ​នាក់​​អំឡុង​​​ការ​តវ៉ា​មួយនៅ​​​​​ខាង​ក្រៅ​រោង​​​ចក្រ​កាត់​ដេរ​​​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ព្រឹក​ម្សិល​​​មិញ ដោយ​បាន​រុញ​ពួកគេ​ចូល​ទៅ​ក្នុង​រថយន្ត​តូយ៉ូតាកាមរី​​មួយ​គ្រឿង​ ហើយ​បើក​ចេញ​យ៉ាង​លឿន​។

​នគរ​បាល​បាន​អះអាង​ថា មន្ត្រី​សហជីព​ទាំង​ពីរ​រូប​នេះ​ត្រូវ​បាន​​នាំ​ទៅ​កាន់​សាលា​ដំបូង​​​ខេត្ត​ ទីដែល​ពួកគាត់​​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ និង​​​បង្ក​ហិង្សា​ដោយ​ចេតនា​ជុំវិញ​​​ការ​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ​នេះ​ បន្ទាប់​មក​​ត្រូវ​​​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​។

លោក មឿន សារ៉ា មន្ត្រី​សហជីព​សេរី​​កម្មករ​​​បាន​ចូល​​រួម​នៅ​ក្នុង​ការ​តវ៉ា​នោះ ជា​ផ្នែក​មួយ​នៃ​​វិវាទការងារ​ដ៏​អូស​បន្លាយ​ជុំវិញ​ការ​បណ្ដេញ​មន្ត្រី​សហជីព​បី​រូប​នៅ​រោងចក្រ​​កាត់​ដេរ​ Cerie ក្នុង​ស្រុក​សំរោងទង កាលពី​ខែ​វិច្ឆិកា។

លោក មឿន សារ៉ា បាន​ថ្លែង​ថា កម្មករ​បាន​​​​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រនេះ​​រៀងរាល់​ព្រឹក​ចាប់​តាំងពី​ថ្ងៃ​ទី​៤ ខែ​មករា​មក ​ដោយ​អំពាវ​នាវ​ឲ្យ​អ្នក​គ្រប់គ្រង​​​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​​​​​កាលពី​ខែ​ធ្នូ ដែល​​ណែនាំ​ពួកគេ​​ឲ្យ​ទទួល​យក​កម្មករ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ចូល​ធ្វើ​ការ​វិញ​។

លោក​បាន​ថ្លែង​ថា ទំហំ​កូដកម្ម​ និង​ការ​តវ៉ា​​​​​បាន​ថយ​ចុះ​កាលពី​ខែ​មុន ដោយសារ​​កម្មករ​កាន់​តែ​ច្រើន​ឡើងៗ​​បាន​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ដោយ​ខ្លាច​ត្រូវ​គេ​បណ្ដេញ​ចេញ។ លោក​​​​លើកឡើង​ថា កាលពី​ព្រឹក​ម្សិលមិញ ​កម្មករ​​​​ប្រហែល​៣០​នាក់​​​ស្ថិត​នៅ​ក្រៅ​រោងចក្រ​នៅ​​​​ឡើយ នៅ​ពេល​នគរ​បាល​ស្លៀក​ពាក់​ស៊ីវិល​បាន​មក​ដល់។

ដោយ​ចេញឈ្មោះ​មន្ត្រី​សហជីព​សេរី​កម្មករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​គឺ​ យ៉ុង លាភ និង​ ទូច ស្រុុ៊ុន លោក មឿន សារ៉ា បាន​មាន​ប្រសាសន៍​ថា ​”​ព្រឹក​នេះ​នៅ​ម៉ោង​​៨​និង​១៥​នាទី​ បន្ទាប់ពី​យើងបាន​បញ្ឈប់ការ​​តវ៉ា​ ហើយ​​រៀបចំ​ត្រឡប់​ទៅ​ផ្ទះវិញ មានមនុស្ស​ប្រហែល​​​​១០​នាក់​ស្លៀក​ពាក់សម្លៀកបំពាក់​​ធម្មតា​​បាន​មក​ចាប់​​ពួកយើង​ ហើយ​យើង​បាន​រត់ ប៉ុន្តែ​នៅ​ពេល​នោះ​ពួកគេ​​ចាប់​បាន​ពី​រ​នាក់​”។

លោក​បាន​ថ្លែង​ថា “​យើង​មិន​ដឹង​​ថា ហេតុ​​​អ្វី​បាន​ជាពួកគេ​មក​ចាប់​ខ្លួន​ពួក​យើង​ដូច​នេះ​​ឡើយ ព្រោះ​យើង​មិន​បាន​​ប្រព្រឹត្ត​បទ​ល្មើស​​​​​ណាមួយ​​ទេ”។

លោក ញ៉ែម សៅ ​ស្នងការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​សហជីព​ទាំង​​​​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​​​សារ​​​មាន​​​​ពាក្យ​បណ្ដឹង​ពី​កម្មករ​​​​ដែល​មិន​ធ្វើ​ការ​តវ៉ា​​ និង​​​ដែល​បាន​ប៉ះទង្គិច​ជាមួយ​​​​​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​កាលពី​ដើម​ខែ​មុន​។

លោក ញ៉ែម សៅ បាន​មាន​ប្រសាសន៍​ថា “​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួនដោយ​​​សារ​​​ជាប់​​​​ពាក់​ព័ន្ធ​ការ​ញុះញង់​ និង​ការ​បង្កហិង្សា​ដោយ​ចេតនា​ ហើយ​យើង​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅ​ព្រឹក​នេះ”។ លោក​បាន​បន្ថែម​នៅ​ពេល​ល្ងាចថា ​​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់ ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​ដើម្បី​រង់ចាំ​ការ​ជំនុំជម្រះ​។

ក្រុម​មន្ត្រី​តុលាការ​បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​នេះ​ទេ។ បុរស​ម្នាក់​ដែល​លើក​ទូរស័ព្ទ​របស់​អ្នក​គ្រប់​គ្រង​រោង​ចក្រ​​​នេះ​បាន​និយាយ​ថា មិន​មាន​បញ្ហា​នៅ​រោង​ចក្រ​​​នេះ​ទេ ហើយ​ក៏​បាន​ដាក់​ទូរស័ព្ទ​ចុះ។

លោក កែន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដែលបាន​រាប់​បញ្ជូល​​​រោងចក្រ​ Cerie ជាសមាជិក​របស់ខ្លួន​ ​​​​​ដែរ​​​​​​នោះ​​​មាន​ប្រសាសន៍​ថា សហជីព​សេរី​កម្មករ​បាន​អនុវត្ត​​តាម​នីតិវិធី​ច្បាប់​ពាក់​ព័ន្ធ​វិវាទនេះ​ ក្រៅ​​​​ពី​ការ​ដុត​កង់​ឡាន​អំឡុង​ការ​តវ៉ា​។

​លោក​បាន​ថ្លែង​ថា ”​ប៉ុន្តែ​មក​ដល់​ចំណុច​នេះ​ ពួកគេ​បាន​ព្យាយាម​​​អនុវត្តតាម​នីតិវិធី​ច្បាប់​។ ការ​តវ៉ា​បាន​កើត​ឡើង​​បន្ទាប់ពី​សេច​ក្ដី​​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​​តែ​ប៉ុណ្ណោះ​”។ លោក​បាន​បន្ថែម​ថា សមាគម​របស់​លោក​បាន​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​សេចក្ដី​សម្រេច​នេះ។

លោក ​មឿន សារ៉ា បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​សហជីព និង​កម្មករ​នឹង​ធ្វើ​ការ​តវ៉ា​នៅ​មន្ទីរ​ការ​ងារ​ខេត្ត​​នៅ​ថ្ងៃ​នេះ​ អំពាវ​នាវ​ឲ្យ​ដោះលែង​មិត្ត​រួម​ការ​ងារ​របស់​ខ្លួន បើ​ទោះ​ជា​ទទួល​បាន​ព័ត៌មាន​ថា អ្នក​តវ៉ា​ប្រាំបួន​នាក់​ទៀត​ប្រឈម​ការ​ចាប់​ខ្លួន​ក៏ដោយ៕ សារុន​     

 

 

 

 

The post នគរបាល​ស្លៀក​ពាក់ស៊ីវិល​​ចា​ប់ខ្លួន​មន្ត្រីសហជីព​ពីរនាក់​ពេលកំពុង​​​​តវ៉ា appeared first on ខេមបូឌា ដេលី.