ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​អង់គ្លេស ៖ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៣​ត្រីមាស​ជាប់​ៗ​គ្នា​នៅ​ឆ្នាំ​២០១៥​កន្លង​មក ដោយសារ​តែ​តម្លៃ​ប្រេង និង​ឧស្ម័ន​បាន​ធ្លាក់​ចុះ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​ការិយាល័យ​វិភាគ​សេដ្ឋកិច្ចជាតិ ហៅ​កាត់​ថា BEA បង្ហាញ​ថា ផលិតផល​ក្នុងស្រុក​សរុប​ពិត​ប្រចាំឆ្នាំ​បាន​កើនឡើង​ក្នុង​អត្រា​០,៧% នៅ​ត្រីមាស​ទី​៤ បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​២ ក្នុង​អត្រា​២% និង​ត្រីមាស​ទី​៣ មាន​អត្រា​៣,៩% ។

សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​ប៉ះទង្គិច ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​អ្នក​ប្រើប្រាស់​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស​, ការ​ចំណាយ​របស់​រដ្ឋាភិបាល​កើនឡើង​, វិស័យ​ជំនួញ និង​សមិទ្ធផល​ពាណិជ្ជកម្ម​មាន​សភាព​កាន់តែ​ដុនដាប​ទៅ ។

ទិន្នន័យ​ចុង​ក្រោយ​ដែល​បាន​ចុះ​ផ្សាយ​ជា​ផ្លូវការ​ដោយ​គណនី​ផលិតផល និង​ចំណូល​ជាតិ ហៅ​កាត់​ថា NIPA កាលពី​ថ្ងៃ​ទី​២៩ មក​រា បាន​ព្យាករ​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥​ថា ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​នៅ​តែ​មាន​អត្រា​ខ្ពស់​ដដែល គឺ​១,៤៦% នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ពិត ទោះបីជា​អត្រា​ទាប​ជាង​ត្រីមាស​ទី​៣ មាន​២,០៤% និង​២,៤២% ក្តី ។

ចំណែក​ការ​ចំណាយ​របស់​រដ្ឋាភិបាល​នៅ​តែ​រក្សា​លំនឹង​ដដែល គឺ​ស្ថិត​ក្នុង​អត្រា​០,១២% ទាប​ជាង​ត្រីមាស​ទី​៣ ស្ថិត​ក្នុង​អត្រា​០,៣២% និង​ត្រីមាស​ទី​២ ក្នុង​អត្រា​០,៤៦% ។
ទោះបីជា​យ៉ាងណា សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ។

ការ​ធ្វើ​ពាណិជ្ជកម្ម​បរទេស​បាន​ធ្លាក់​ចុះ​០,៤៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​៣ ដែល​មាន​អត្រា​០,២៦% និង​កើនឡើង​០,១៨% នៅ​ត្រីមាស​ទី​២ ។ ចំណែក​ការ​វិនិយោគ​លើ​ជំនួញ​ថ្មី​ៗ ក៏​រង​នូវ​ការ​ប៉ះទង្គិច​យ៉ាង​ក្រាស់ក្រែល​ផង​ដែរ ពោល​គឺ​បញ្ជីសារពើភ័ណ្ឌ​បាន​ធ្លាក់​ចុះ​០,៤៥% និង​ការ​វិនិយោគ​ថេរ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មិនមែន​លំនៅ​ឋាន ព្រមទាំង​ឧបករណ៍​បាន​ធ្លាក់​ចុះ​០,២៤% ។

លើស​ពី​នេះ​ទៀត ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន​បាន​ធ្វើ​ឲ្យ​ការ​វិនិយោគ​ថេរ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ទំនងជា​ធ្វើ​ឲ្យ​ការ​ចំណាយ​លើ​ឧបករណ៍​បន្ត​ធ្លាក់​ចុះ ។

លើស​ពី​នេះ​ទៀត ការ​វិនិយោគ​លើ​វិស័យ​រុករក​រ៉ែ ប្រេង និង​ឧស្ម័ន បាន​ធ្លាក់​ចុះ​ច្រើន​ជាង​៥០% ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ។ ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នេះ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ពីព្រោះ​ការិយាល័យ​វិភាគ​ជាតិ​បាន​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រេង​ដែល​ធំ​ជាងគេ​នៅ​លើ​ពិភពលោក រៀបចំ​បន្លំ​ទិន្នន័យ ក៏​ដូច​ជា​ទិន្នន័យ​ប្រចាំឆ្នាំ​លើ​ការ​ខួង​យក​ប្រេង​ពី​វិទ្យាស្ថាន​ប្រេង​ឥន្ទ​នៈ​អា​មេ​រិ​ក​ដើម្បី​ព្យាករ​ផលិតផល​ក្នុងស្រុក​សរុប ។

ទន្ទឹម​នឹង​នេះ​ដែរ កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​ខ្សោយ​នៅ​ពាក់កណ្តាល​ឆមាស​ឆ្នាំ​២០១៥ ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ពិភាក្សា​យ៉ាង​ក្តៅ​គគុក​ថា តើ​ការ​ធ្លាក់​ថ្លៃ​ប្រេង​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន ឬ​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក ឬ​យ៉ាងណា ។

ជាក់ស្តែង តម្លៃ​ថ្លៃ​ប្រេង និង​ឧស្ម័ន​ធ្លាក់​ចុះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ប្រេង និង​ឧស្ម័ន​រង​នូវ​ភាព​រង្គោះរង្គើ​ជា​ខ្លាំង ប៉ុន្តែ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​អ្នក​ប្រើប្រាស់​ទៅ​វិញ ។ ដូច្នេះ សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​អ្នក​នាំ​ប្រេង និង​ឧស្ម័ន​សុទ្ធ​ចូល ពិតជា​មាន​ផល​វិជ្ជមាន​ក្នុង​រយៈពេល​វែង​ជា​មិន​ខាន ។ ទោះជា​យ៉ាងណា វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ក្នុង​រយៈពេល​ខ្លី ពីព្រោះ​ការ​ប៉ះទង្គិច​នៃ​ការ​វិនិយោគ​លើ​ប្រេង និង​ឧស្ម័ន​បាន​កើតឡើង​ភ្លាម​ៗ​ពេក ។ ហេតុនេះ​ធ្វើ​ឲ្យ​ការ​ចំណាយ​ប្រើប្រាស់​ថាមពល​កើនឡើង ហើយ​ជំនួញ​លើ​វិស័យ​ប្រេងឥន្ធនៈ​ត្រូវ​ប្រើ​រយៈពេល​យូរ​បន្តិច​សម្រាប់​សម្រប​ខ្លួន​តាម​ទីផ្សារ​តម្លៃ​ប្រេង ។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​ជា​អ្នក​ប្រើប្រាស់​ប្រេង និង​ឧស្ម័ន​ធំ​ជាងគេ​ក្នុង​ពិភពលោក​ទេ តែ​ក៏​ជា​អ្នក​ផលិត​ប្រេង និង​ឧស្ម័ន​ធំ​ជាងគេ​ក្នុង​ពិភពលោក​ដែរ ។ ជាមួយ​គ្នា​នេះ ឧស្សាហកម្ម​ប្រេង​និង​ឧស្ម័ន គឺជា​ធនធាន​ដ៏​សំខាន់ និង​លឿន​ជាងគេ ដែល​ផ្តល់​ដល់​ការ​វិនិយោគ​ក្នុង​អំឡុង​ឆ្នាំ​២០១០ ដល់​២០១៤ ។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន​យ៉ាង​ខ្លាំង​នេះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ចជាតិ ហើយ​កំពុង​តែ​ដ​ង្ហើ​យ​រក​ដំណោះស្រាយ​ជាមួយនឹង​អត្រា​ការ​ប្រាក់ ព្រមទាំង​តម្លៃ​ភាគហ៊ុន​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ។

សរុប​មក ការ​ធ្លាក់​ចុះ​នៃ​ប្រេង​និង​ឧស្ម័ន​នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ទាំងមូល​រង​នូវ​ព្យុះ​បក់​បោក​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​រយៈពេល​វែង ៕