ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ទីក្រុង Stuttgart ៖ យោង​តាម​តួលេខ​បឋម​ក្នុង​ឆ្នាំ​២០១៥ Bosch Group សម្រេច​បាន​នូវ​ការ​លក់​សរុប​ជាង​៧០​ប៊ី​លាន​អឺ​រ៉ូ​ជា​លើក​ដំបូង​បង្អស់​របស់​ខ្លួន ។ ក្រុមហ៊ុន​ទទួល​បាន​កំណើន​ប្រាក់​ចំណូល​ប្រមាណ​១០% ធៀប​នឹង​ឆ្នាំ​មុន ហើយ​បន្ទាប់​ពី​ទូទាត់​ផល​ប៉ះពាល់​មិន​ទៀងទាត់​ទាំងឡាយ ប្រាក់​ចំណេញ​ទទួល​បាន​ប្រមាណ​៤,៥​ប៊ី​លាន​អឺ​រ៉ូ ។ អត្រា​ប្រាក់​ចំណេញ​ពី​ប្រតិបត្តិការ (​មុន​បង់ពន្ធ និង​ការ​ប្រាក់​) កើនឡើង​ប្រមាណ​៦,៥% ធៀប​នឹង​ឆ្នាំ​មុន ។

លោក​បណ្ឌិត Volkmar Denner ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Robert Bosch GmbH មាន​ប្រសាសន៍​ថា ៖ « ដោយសារ​ភាព​ខ្លាំង​នៃ​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​របស់​យើង ទើប​យើង​អាច​បន្ត​ទទួល​បាន​នូវ​កំណើន​អាជីវកម្ម​បែប​នេះ បើ​ទោះជា​ស្ថិត​ក្នុង​បរិយាកាស​ទីផ្សារ​ប្រកបដោយ​ការ​ប្រកួតប្រជែង​ខ្ពស់ និង​មាន​ទីផ្សារ​មួយ​ចំនួន​នៅ​ទ្រឹង​ក្នុង​អំឡុង​ឆ្នាំ​២០១៥ កន្លង​មក​ក្តី ។ កត្តា​ចម្បង​ដែល​នាំ​ឱ្យ​ទទួល​បានការ​រីក​ចម្រើន​នៃ​អាជីវកម្ម​ដូចនេះ គឺ​ដោយសារ​តែ​កា​រប​ងើ្ក​ត​បាន​នូវ​បច្ចេកវិទ្យា​ត​ភា្ជ​ប់​ជា​ច្រើន​របស់​យើង » ។

លោក​បន្ត​ថា ៖ « ជាមួយនឹង​ជំនាញ​របស់ Bosch ក្នុង​ផ្នែក​សិន​សឺ កម្មវិធី​កំ​ព្យូ​ទ័​រ និង​សេវាកម្ម Bosch ក៏​កំពុង​តែ​តម្រង់ផ្លូវ​ដល់​ការ​អភិវឌ្ឍ​នៃ​ពិភព​បច្ចេកវិទ្យា​ត​ភ្ជាប់ និង​បើកផ្លូវ​សម្រាប់​ឱកាស​នៃ​អាជីវកម្ម​បន្ត​ទៀត ។ បន្លាស់​ប្តូរ​នៃ​ពិភព​ឌី​ជី​ថ​ល គឺជា​ការ​គំរាមកំហែង​មួយ ក៏​ប៉ុន្តែ​សម្រាប់​យើង វា​គឺជា​ឱកាស​ដ៏​ធំ​មួយ »  ។

លទ្ធផល​នៃ​ការ​លក់​នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា​នៃ​គ្រប់​វិស័យ​របស់ Bosch​។ ជាក់ស្ដែង អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​ថាមពល និង​សំណង់​អគារ ទទួល​បាន​កំណើន​រហូត​ដល់​ទៅ​១១% ខ្ពស់​ជាង​កាលពី​ឆ្នាំ​មុន ។ អាជីវកម្ម​ផ្នែក​នេះ​រក​ប្រាក់​ចំណូល​បាន​ចំនួន​៥,១​ប៊ី​លាន​អឺ​រ៉ូ ហើយ​ភាព​ជោគជ័យ​នេះ​ទទួល​បាន​មក​ពី​ផ្នែក​សេវាកម្ម ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​គម្រោង​សំណង់​អគារ​ធំ​ៗ និង​ប្រព័ន្ធ​កម្តៅ​ឆ្លាត​វៃ​ដែល​ប្រើ​បច្ចេកវិទ្យា​ត​ភ្ជាប់ ។

អាជីវកម្ម​របស់ Bosch នៅ​ក្នុង​ទ្វីបអឺរ៉ុប​បាន​វិវត្តន៍​យ៉ាង​វិជ្ជមាន​នៅ​ឆ្នាំ​២០១៥ ។ ការ​លក់​ក្នុង​តំបន់​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​២០១៤​។ បើ​យោង​តាម​លទ្ធផល​ជាបឋម ការ​លក់​របស់​ក្រុមហ៊ុន​បាន​កើនឡើង​៤,២% ដល់​ទៅ​៣៧,៥​ប៊ី​លាន​អឺ​រ៉ូ​នៅ​អឺរ៉ុប ។ ការ​លក់​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ក៏​ទទួល​បាន​ភាព​វិជ្ជមាន​ផង​ដែរ ។ Bosch បាន​កត់ត្រា​នូវ​កំណើន​នៃ​ការ​លក់​ដ៏​ខ្ពស់​នៅ​ក្នុង​តំបន់​អា​មេ​រិ​ក​ខាងជើង ដែល​ប្រាក់​ចំណូល​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​រហូត​ដល់​ទៅ​២៤% ស្មើនឹង​១២,៦​ប៊ី​លាន​អឺ​រ៉ូ ។ ចំណែក​នៅ​តំបន់​អា​មេ​រិ​ក​ខាងត្បូង ស្ថានភាព​នៅ​តែ​មាន​ភាព​លំបាក ដែល​ដូច​កា​រវិ​វត្ត​ផ្នែក​លក់​របស់ Bosch Group នៅ​ក្នុង​តំបន់​នោះ​ដែរ ។ បើ​យោង​តាម​លទ្ធផល​ជាបឋម លទ្ធផល​លក់​ទទួល​បាន​១,៤​ប៊ី​លាន​អឺ​រ៉ូ​នៅ​ឆ្នាំ​២០១៥ ដែល​ជា​អត្រា​ថយ​ចុះ​ចំនួន​១៣% ធៀប​នឹង​ឆ្នាំ​មុន ។ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក Bosch សម្រេច​បាន​នូវ​កំណើន​លក់​១៦% គិត​ជា​ប្រាក់​ចំនួន​១៩,១​ប៊ី​លាន​អឺ​រ៉ូ ។

លោក​បណ្ឌិត Volkmar Denner មាន​ប្រសាសន៍​ថា ៖ « យើង​កំពុង​តែ​បោះ​ជំហាន​ចូល​ក្នុង​ទីផ្សារ​ដែល​មាន​សក្តានុពល​ខ្ពស់​នៃ​បច្ចេកវិទ្យា​ផ្ទះ​ឆ្លាត​វៃ និង​ឧស្សាហកម្ម​ប្រើ​បច្ចេកវិទ្យា​ឆ្លាត​វៃ ហើយ​ក្នុង​ពេល​តែ​មួយ យើង​ក៏​កំពុង​ចាប់​យក​ឱកាស​សម្រាប់​វិស័យ​នៃ​អាជីវកម្ម​នានា​ដែល​កំពុង​មាន​ប្រតិបត្តិការ​សព្វថ្ងៃ​នេះ​ផង​ដែរ​។ ឱកាស​ទាំងនោះ​ក៏​មាន​ផង​ដែរ​នូវ​ប្រព័ន្ធ​យានជំនិះ​ប្រើ​អគ្គិសនី » ។

លោក​បញ្ជាក់​ថា ៖ « Bosch បានឃើញ​ពី​សក្ដានុពល​ខ្ពស់​ក្នុង​ផ្នែក​ទោចក្រយាន និង​យានយន្ត​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ ។ នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​បង្កើត​នូវ​ផ្នែក​អាជីវកម្ម​សម្រាប់ទោ​ចក្រយានយន្ត និង​យានយន្ត​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​នេះ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​បម្រើ​តម្រូវការ​ទីផ្សារ និង​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ។ ស្វ័យប្រវត្តិកម្ម អគ្គិសនី​យ​កម្ម និង​បច្ចេកវិទ្យា​ត​ភ្ជាប់ គឺជា​ផ្នែក​ដែល​សំខាន់​បំផុត​នៅ​ក្នុង​វិស័យ​យានជំនិះ ហើយនឹង​មាន​ឥទ្ធិពល​លើ​ផ្នែក​ទោចក្រយាន និង​យានយន្ត​ពាណិជ្ជកម្ម​ផង​ដែរ​នា​ថ្ងៃ​អនាគត​ដ៏​យូរអង្វែង​។ សម្រាប់​យានយន្ត​បម្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ស្វ័យប្រវត្តិកម្ម នឹង​ដើរតួ​កាន់តែ​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ ផ្ទុយ​នឹង​ប្រព័ន្ធ​បេន​សាំង ដែល​កំពុង​តែ​ប្រើប្រាស់​សព្វ​ថៃ្ង​នេះ ប្រព័ន្ធ​បាញ់​ប្រេង​សម្រាប់ទោ​ចក្រយានយន្ត នឹង​កាត់​បន្ថយ​ការ​ស៊ីប្រេង ក៏​ដូច​ជា​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​បរិស្ថាន ជា​ពិសេស ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ » ៕