ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ យោង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ សង្កាត់​ស្ល​ក្រាម​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ជា​អ្នក​សារព័ត៌មាន ការ​ពិត​ប្រចាំ​ខេត្តសៀមរាប ដែល​ផឹកស៊ី​ទាំង​យប់​រហូត​ដល់​ព្រឹក អត់​លុយ​ឱ្យ​គេ រួច​នាំ​យក​មក​សួរ​នៅ​ប៉ុស្តិ៍​ទាំង​ព្រឹក ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៦ ស្ថិត​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​តាម​មាត់​ស្ទឹង​ក្នុង​ក្រុម​ទី​៥ ភូមិ​ទ្រាំ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម​បាន​ប្រាប់​កោះសន្តិភាព កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០២ កុម្ភៈ​២០១៦ នេះ​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ម្ចាស់​ហាង​ខារ៉ាអូខេ ឈ្មោះ​ភោគ សៅ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៦ រួច​មក បាន​ប្តឹង​ពី​បុរស​ម្នាក់​ជា​អ្នកកាសែត ដែល​គេ​មិនសូវ​ស្គាល់ឈ្មោះ​កាសែត​ការ​ពិត ប្រចាំ​ខេត្តសៀមរាប ខណៈ​ដែល​ចូល​ផឹកស៊ី​ស្រវឹង​អត់ឱ្យ​លុយ​អស់​ចំនួន​៩៥.០០០​រៀល ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ធ្វើការ​នាំ​យក​អ្នកកាសែត​នោះ មក​កាន់​ប៉ុស្តិ៍​ភ្លាម​ៗ ដើម្បី​សួរនាំ​។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​មក​នាំ​ខ្លួន​បុរស​ម្នាក់​ដែល​ជា​បណ្តាញសារព័ត៌មាន ការ​ពិត ប្រចាំ​ខេត្តសៀមរាប បាន​ចូល​ទៅ​ផឹកស៊ី​ជាមួយ​ស្រី​ស្នេហ៍​ក្នុង​បន្ទប់​ខារ៉ាអូខេ​ខាងលើ ហើយ​ពេល​នោះ ស្រី​ស្នេហ៍​បាន​រត់​ចោល​បាត់ រួច​ឱ្យ​ម្ចាស់​គិតលុយ​។​ក្រោយ​ពី​គិតលុយ​រួចខ្លួន​គេ អត់​មាន​លុយ​ឱ្យ​ថ្លៃ​ខារ៉ាអូខេ ទើប​ចោទ​ថា ស្រី​ស្នេហ៍​របស់​ខ្លួន និង​ម្ចាស់​ខារ៉ាអូខេ​ជា​អ្នក​លួច​លុយ​ពី​គេ​អស់​ទៅ​វិញ ។ ប្រភព​បាន​បញ្ជាក់​ថា បុរស​ម្នាក់​ជា​អ្នកកាសែត ការ​ពិត​នេះ មានឈ្មោះ​ហេង ពៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​នាំ​យក​មក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម​រួច​មក អ្នកកាសែត​ប្រមឹក​រូប​នេះ បាន​និយាយ​រៀបរាប់​ថា រូបគេ​បាន​ចូល​ទៅ​ច្រៀង​កម្សាន្ត​នៅ​ខារ៉ាអូខេ​ខាងលើ តាំងពី​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ កុម្ភៈ រហូត​ដល់​ម៉ោង​៣ ជិត​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៦ ក្នុង​តម្លៃ​១​បទ​៥០០​រៀល ពេល​រូបគេ​ឈប់​ច្រៀង និង​បានឱ្យ​ម្ចាស់​ហាង​គិតលុយ​អស់ ចំនួន ៩៥០០០​រៀល ខណៈ​ពេល​នោះ​ក្នុង​ភាព​ស្រវឹង​ផង ហើយ​ថែម​គ្មាន​លុយ​ឱ្យ​គេ​ទៀត ទើប​រូបគេ​បាន​ចោទប្រកាន់​ទៅ​លើ​ស្រី​ស្នេហ៍​របស់​ខ្លួន និង​ម្ចាស់​ខារ៉ាអូខេ​ថា ជា​អ្នក​លួច​លុយ​ពី​ខ្លួន​គេ​អស់រលីង រូបគេ​គ្មាន​លុយ​សង ថែម​ទាំង​បាន​ចុច​ទូរស័ព្ទ​ទៅ​រក​អ្នកធំ​ក្នុង​ខេត្តសៀមរាប​ជា​ច្រើន​នាក់​ទាំង​ព្រលឹម​អុល ដែល​ធ្លាប់​ស្គាល់គ្នា ដើម្បី​ឱ្យមក​ជួយ​អន្តរាគមន៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​បុគ្គលិក​របស់​សារព័ត៌​មានការ​ពិត ប្រចាំ​ខេត្តសៀមរាប​រូប​នេះ គឺជា​មុខសញ្ញា​ចាស់ របស់​សមត្ថកិច្ច ដែល​តែងតែ​ដើរ​អួតអាង​ថា ខ្លួន​ជា​អ្នក​សារព័ត៌មាន ទើប​រូបគេ​ហ៊ាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង និង​ធ្លាប់​រំខាន​ដល់​សមត្ថកិច្ច​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ ថែម​ទាំង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រាល់ពេល​ដែល​ខ្លួន​មានរឿង​ជា​ញឹកញាប់​ផង​ដែរ ។ បើ​យោង​តាម​សម្តី​របស់​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម ធ្វើ​ឱ្យ​ប្រព្រឹត្ត​ខុស​ពី​ក្រមសីលធម៌ និង​វិជ្ជាជីវ​:​ជា​អ្នក​សារព័ត៌មាន ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​ត្រឹមត្រូវ​ដទៃ​ទៀត​ផង​ដែរ ។

សមត្ថកិច្ច សូម​ធ្វើការ​សំណូមពរ​ដល់ ស្ថាប័ន​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ទាំងអស់​ប្រចាំ​ខេត្តសៀមរាប មុន​នឹង​ចេញ​កាត​ឱ្យ​បុគ្គលិក​ណា​ម្នាក់​ប្រើប្រាស់ មេត្តា​ជួយ​ត្រួតពិនិត្យ​ឡើង​វិញ​ចំពោះ​បុគ្គលិក​របស់​ខ្លួន ដែល​តែងតែ​ដើរ​ធ្វើ​ខុស​ពី​វិន័យ​នៃ​ក្រមសីលធម៌ វិជ្ជាជីវ​: អ្នក​សារព័ត៌មាន ។ ជា​ពិសេស​ខាង​សារព័ត៌​មានការ​ពិត និង​អ្នកកាសែត​មួយ​ចំនួន​ទៀត ដែល​មិន​បាន​សិក្សា​ជ្រៅជ្រះ​ពី​វិន័យ​នៃ​ក្រមសីលធម៌ វិជ្ជាជីវ​: អ្នក​សារ​ព័​ត៍​មាន ទើប​ធ្វើ​ឱ្យ​មានការ​ខុសឆ្គង​យ៉ាង​ដូច្នេះ ។

បច្ចុប្បន្ន បុរស​ប្រមឹក​ជា​អ្នកកាសែត ការ​ពិត ប្រចាំ​ខេត្តសៀមរាប ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បានឱ្យ​ធ្វើ​កិច្ចសន្យា និង​ជួយ​សម្របសម្រួល​ជាមួយ​ម្ចាស់​ហាង​ខារ៉ាអូខេ ដើម្បី​បញ្ចប់រឿង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ូលិស​និយាយ​ថា ថ្ងៃក្រោយ​ទៀត បើ​មិន​រាង​ទេ សុំ​កុំ​រាង​!