កូរ៉េខាងជើង គំរាមបាញ់បង្ហោះ ផ្កាយរណប បើកិច្ចប្រជុំ ៦ភាគី ក្រុងព្យុងយ៉ាង គ្មានលទ្ធផលល្អ

តូក្យូ៖ វានៅមិនទាន់បានរយៈពេល១ថ្ងៃផង ដែលប្រេសិតកំពូល ទទួលបន្ទុកនុយក្លេអ៊ែរចិន បានធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីដឹកនាំកិច្ចប្រជុំ ៦ភាគីក្នុងគោលបំណង ឈានដល់ការបញ្ចប់កម្មវិធី នុយក្លេអ៊ែរ របស់គេ ប៉ុន្ដែនៅព្រឹកថ្ងៃពុធ នេះបែរជាកូរ៉េខាងជើងប្រកាសថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណប បន្ថែមទៀត ដោយមិនដឹងលទ្ធផលនៃកិច្ចប្រជុំផងនោះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា  នាយករដ្ឋមន្រ្តី ជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះគម្រោងបាញ់បង្ហោះផ្កាយ រណប ដើម្បីតាមដាន ផែនដីរបស់កូរ៉េខាងជើងនៅចុងខែកុម្ភៈនេះ ដោយអះអាងថា វាជាការធ្វើតេស្ដគ្រាប់មីស៊ីលចម្ងាល ឆ្ងាយយ៉ាង ពិតប្រាកដ។

លោកអាបេ បានបញ្ជាក់បន្ថែមទៀតថា គម្រោងនេះ “ជាទង្វើរញុះញង់បង្កជម្លោះចំពោះសន្ដិសុខជប៉ុន” ហើយ រដ្ឋាភិបាលជប៉ុន នឹងធ្វើការងារជាមួយនឹងអាមេរិក និងកូរ៉េខាងត្បូង ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ឲ្យបោះបង់កម្មវិធីរបស់ខ្លួនចោល។

គួរបញ្ជាក់ថា ក្រុងព្យុងយ៉ាងគ្រោងនឹងធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបំពាក់ផ្កាយរណបទៅកាន់លំហរអាកាស ដើម្បីតាមដានផែនដី ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ សកម្មភាពនេះ ត្រូវបានសាធារណៈមតិយល់ឃើញ ថា ទំនងជាធ្វើឡើងដើម្បីឆ្លើយតបនឹង ក្រុមប្រឹក្សាសន្ដិសុខ ដែលកំពុងពិភាក្សាគ្នារកវិធានការ ដាក់ទណ្ឌ កម្មថ្មីចំពោះការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅនេះ៕

កូរ៉េខាងជើង គំរាមបាញ់បង្ហោះ ផ្កាយរណប បើកិច្ចប្រជុំ ៦ភាគី ក្រុងព្យុងយ៉ាង គ្មានលទ្ធផលល្អ