លោក ម៉ុង ឫទ្ធី អះអាង​ថា​បាន​បង់​ប្រាក់​សង​រដ្ឋ​រួច​ហើយ

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក និង​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មាន​ព័ត៌មាន​ឆ្លើយឆ្លង​គ្នា​មិន​ដាច់​ពី​ការ​បែក​ធ្លាយ​ករណី​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​វិនិយោគ​ដំណាំ​ដូង​ប្រេង និង​ដំឡូង​មី​ឈ្មោះ ម៉ុង ឫទ្ធី (Mong Reththy Group) ជំពាក់​ប្រាក់​ពន្ធ​រដ្ឋ។ ទោះ​យ៉ាងណា​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ប្រតិកម្ម​នឹង​ការ​បង្ហាញ​ព័ត៌មាន​នេះ ព្រមទាំង​អះអាង​ថា លោក​បាន​សង​ប្រាក់​រដ្ឋ​នោះ​រួច​ហើយ។ ចំណែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​កសិកម្ម ក៏​អះអាង​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា ក្រុមហ៊ុន​បាន​បង់​ហើយ​ដែរ។ ករណី​នេះ​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា នេះ​ជា​ឧទាហរណ៍​មួយ​នៃ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្សេង​ទៀត​ពី​រដ្ឋាភិបាល ដែល​ធ្វើ​វិនិយោគ​យូរ​មក​ហើយ​នៅ​មិន​ទាន់​បង់​ពន្ធ​ជូន​រដ្ឋ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​អោយ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ទាក់ទង​នឹង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ធានា​ថា ក្រុមហ៊ុន​ឯកជន​ដែល​វិនិយោគ​វិស័យ​នេះ​បាន​បង់ពន្ធ​ត្រឹមត្រូវ​ចូល​ក្នុង​ថវិកា​ជាតិ។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច គឺ​ខ្វះ​តម្លាភាព​ក្នុង​ការ​ផ្ដល់​ដី​ទៅ​អោយ​ក្រុមហ៊ុន និង​ថវិកា​ដែល​ទទួល​បាន​សម្រាប់​ចំណូល​ថវិកា​ជាតិ។ លោក អ៊ូច ឡេង លើក​ឡើង​ថា ករណី​ដែល​មាន​ថវិកា​តិចតួច​ចូល​ក្នុង​ថវិកា​ជាតិ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ចំពោះ​ការ​ផ្ដល់​ឱកាស​អោយ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​លើ​ដី​ទាំង​ឡាយ​ណា​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​គម្រោង​សម្បទាន​ដី៖ «»។

លោក អ៊ូច ឡេង លើក​ឡើង​ទៀត​ថា មក​ដល់​ពេល​នេះ​ពុំ​មាន​តួលេខ​ជាក់លាក់​ពី​ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​អោយ​អ្នក​វិនិយោគ​ឡើយ។ ទោះ​យ៉ាង​ណា​ក៏​មាន​ដី​សម្បទាន​មួយ​ចំនួន​ត្រូវ​កាត់​បន្ថយ​ឆ្នាំ​វិនិយោគ​ពី ៧០​ឆ្នាំ មក​នៅ ៥០​ឆ្នាំ និង​មួយ​ចំនួន​ដក​ហូត​មក​វិញ។ លោក អ៊ូច ឡេង រិះគន់​ថា ការ​ដក​ហូត​នោះ​តែ​ចំពោះ​ដី​ដែល​ពុំ​ប៉ះពាល់​ដល់​ពលរដ្ឋ​ឡើយ៖ «»។

ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ពេល​នេះ​បន្ទាប់​ពី​លេច​ឮ​ព័ត៌មាន​ថា ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគ​ទុន​ដំណាំ​ដូង​ប្រេង និង​ដំណាំ​ដំឡូងមី ត្រូវ​ក្រសួង​កសិកម្ម​ជំរុញ​អោយ​បង់ពន្ធ​ជួល​ដី​ធ្វើ​កសិកម្ម​ដោយ​ទុក​រយៈពេល ៣​ខែ គិត​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ មក។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ របស់​ក្រសួង​កសិកម្ម​បញ្ជាក់​ថា ក្រុមហ៊ុន ម៉ុង ឫទ្ធី ត្រូវ​បង់​ប្រាក់​ចំនួន​៣ ដំណាក់​កាល​ក្នុង​រយៈពេល ៣​ខែ​ម្ដង សម្រាប់​ប្រាក់​ពន្ធ​ដែល​គិត​ចាប់​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥។ ក្នុង​នោះ​ឆ្នាំ​២០១០ ដល់ ២០១១ និង​ឆ្នាំ​២០១៥ ត្រូវ​បង់​ជាង ៨​ម៉ឺន​ដុល្លារ (៨៥.៦៩៣,៥៨) ជា​ដំណាក់​កាល​ទី​១ ដំណាក់​កាល​ទី​២ ពី​ឆ្នាំ​២០១១ ដល់ ២០១២ ចំនួន​ជិត ៦​ម៉ឺន​ដុល្លារ (៥៧.២០៤,៩៦) និង​ដំណាក់​កាល​ទី​៣ ពី​ឆ្នាំ​២០១៣ ដល់ ២០១៤ ចំនួន​ជិត ៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក (៥៨.៣៥៤,៧៨)។

ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី ហ្គ្រុប លោក​ឧកញ៉ា ម៉ុង ឫទ្ធី មាន​ប្រសាសន៍​ថា លោក​បាន​សង​ប្រាក់​នោះ​ទៅ​រដ្ឋាភិបាល​រួចរាល់​ហើយ។ លោក​រិះគន់​ថា មិន​គួរ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​បែប​នេះ​ឡើយ។ លោក​ទាមទារ​អោយ​ក្រសួង​ពាក់ព័ន្ធ​ដាក់​ទោស​កំហុស​ចំពោះ​អ្នក​បញ្ចេញ​ឯកសារ​ទាក់ទិន​នឹង​ក្រុមហ៊ុន​របស់​លោក​នេះ៖ «»។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ឆ្លើយ​ថា តាម​កិច្ចសន្យា​បាន​លើក​ឡើង​ពី​ការ​មិន​គិត​ពន្ធ​ក្នុង​អំឡុង​ពេល​ដែល​ក្រុមហ៊ុន មិន​ទាន់​បាន​ទទួល​ផល​ចំណេញ​ពី​ដំណាំ​ដែល​ក្រុមហ៊ុន​វិនិយោគ​នៅ​ពេល​ចោទ​សួរ​ថា មាន​មូលហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​នេះ​ចាប់​ផ្ដើម​វិនិយោគ​តាំង​ពី​ឆ្នាំ​១៩៩៦ មក​ទើប​បង់​ពន្ធ​នៅ​ពេល​នេះ?

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា មក​ដល់​ពេល​នេះ​ក្រុមហ៊ុន ម៉ុង ឫទ្ធី បាន​បង់ពន្ធ​នោះ​រួច​ហើយ៖ «»។

របាយការណ៍​ស្ដីពី​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ​២០១៤-​២០១៨ របស់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ​ចំណូល​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ មាន​ចំនួន​ជាង ៤៧​​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៣​ឆ្នាំ (២០១១-​២០១៤)។ ឆ្នាំ​២០១៥ ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​ចុះ​កិច្ចសន្យា​មាន​ចំនួន ២០៥​ក្រុមហ៊ុន លើ​ផ្ទៃដី​សរុប ១.៣៥៩.៦៥៦​ហិកតារ។ ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២១៥.២៤០​ហិកតារ ត្រូវ​បាន​ដក​ហូត​ទាំង​ស្រុង​ពី​ក្រុមហ៊ុន​ចំនួន ២៥ និង​ដក​ហូត​ស្ទើរតែ​ទាំង​អស់​ពី​ក្រុមហ៊ុន​ចំនួន​៧ មក​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។