តុលាការឃុំខ្លួនមនុស្ស ៦នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជាង៨០០កញ្ចប់

ភ្នំពេញ៖ មនុស្ស ៦នាក់ពាក់ព័ន្ធ ករណីជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ជាង៨០០កញ្ចប់ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីរង់ចាំការស៊ើប អង្កេតបន្តទៀត។

មន្ត្រីតុលាការ បានឲ្យដឹងថា មនុស្ស ៦នាក់ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា៤០ ច្បាប់ស្តីពីវិសោធនកម្មគ្រឿងញៀន ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសរាប់សិបឆ្នាំ គិតតាមកម្រិតធាតុសុទ្ធ នៃសារធាតុញៀន។

មន្រ្តីតុលាការ បានបន្តទៀតថា ជនត្រូវចោទ ទី១.ឈ្មោះ ចំរើន សីហា ភេទប្រុស អាយុ ១៧ឆ្នាំ, ទី២.ឈ្មោះ ផន សុផៃ ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៣.ឈ្មោះ ជា ផល្លីន ភេទប្រុស អាយុ ៣៤ឆ្នាំ, ទី៤.ឈ្មោះ ទិត្រ សាវឿន ភេទស្រី អាយុ ៣០ឆ្នាំ, ទី៥.ឈ្មោះ សៅ កុសល ភេទប្រុស អាយុ ២១ឆ្នាំ និងទី៦.ឈ្មោះ ស សុជា អាយុ២៥ឆ្នាំ។

ជនត្រូវចោទទាំង៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ការិយាល័យប្រឆាំងបទ ល្មើសគ្រឿងញៀន រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ក្នុងសំណង់អនាធិបតេយ្យ ខាងក្រោយរោងចក្រតាក់ហ្វាត ស្ថិតតាមបណ្តោយផ្លូវលេខ ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ មុនឈានដល់ការចុះមកបំបែក ក្រុមចែកចាយគ្រឿងញៀនដ៏ធំនេះ កម្លាំងជំនាញអាវុធហត្ថ បានបង្ក្រាបមុខសញ្ញា គ្រឿងញៀនម្នាក់ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

ក្រោយការឃាត់ខ្លួនរួចមក សមត្ថកិច្ចអាវុធហត្ថ បានប្រើប្រាស់ជំនាញរបស់ខ្លួន ក្នុងការសាកសួរ រហូតជនសង្ស័យឆ្លើយសារ ភាពប្រាប់ពីទីតាំងលាក់ខ្លួន របស់មុខសញ្ញាចែកចាយគ្រឿងញៀន ទើបឈានដល់ការបង្ក្រាបតែម្តង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនហៅ ម៉ាទឹកកកជាង ៨០០កញ្ចប់៕

តុលាការឃុំខ្លួនមនុស្ស ៦នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជាង៨០០កញ្ចប់

តុលាការឃុំខ្លួនមនុស្ស ៦នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជាង៨០០កញ្ចប់