ឆេង សុវត្ថិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខំប្រឹង​ប្រមូល​លុយ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​

ប្រភពពី​មន្ត្រីនគរបាល​មួយចំនួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ឆេង សុវត្ថិ ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ជាម​នុស្ស​ជំនិត​របស់លោក​ស្នងកា​រ អាត់ ខែម កំពុង​ប្រើ​អំណាច​តួនាទី​ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ដោយ​ឥត​អៀនខ្មាស​។ ប្រការនេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ផងដែរ ព្រោះ​ទង្វើ​របស់លោក ឆេង សុវត្ថិ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។ ជាពិសេស​ទង្វើ​របស់លោក ឆេង សុវត្ថិ និង​បក្ខពួក​កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ កំពុង​ប្រឈម​នឹង​សេចក្ដី​អាម៉ាស់​យ៉ាងខ្លាំង​នៅក្នុង​ខេត្តបន្ទាយមានជ័យ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ឆេង សុវត្ថិ និង​បក្ខពួក បាន​ចុះបង្ក្រាប​ស្តង់​ស្តុក​ទំនិញ​២​កន្លែង​នៅក្បែរ​ព្រំដែន​ដោយ​ចោទថា ស្តង់​ទាំង​២​នេះ​ស្តុក​ទំនិញគេចពន្ធ​នាំចូល​ពី​ប្រទេស​សៀម​។ នៅក្នុង​ស្តង់​ទាំង​២​នោះ​លោក ឆេង សុវត្ថិ និង​បក្ខពួក រកឃើញ​ទំនិញ​ដូចជា មី មីសួ នំ ព្រមទាំង​ទំនិញ​ផ្សេងៗ​ទៀត​ជាច្រើន ដោយ​ស្តង់​ទី​១​មាន​ម្ចាស់​ឈ្មោះ យាយ​ម៉ាប់ និង​ស្តង់​ទី​២​មាន​ម្ចាស់​ឈ្មោះ ជា ទី មាន​ទីតាំង​ក្បែរ​គ្នា​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ បន្ទាប់ពី​ពិនិត្យ​រួច​លោក ឆេង សុវត្ថិ បាន​យក​កំណត់ហេតុ​ទៅ​ឲ្យ​ម្ចាស់​ទីតាំង​ស្តុក​ទំនិញ​ផ្ដិតមេដៃ​និង​ចុះហត្ថលេខា ប៉ុន្តែ​ក្រោយពេល​ម្ចាស់​ទីតាំង​អាន​រួច​បដិសេធ​ភ្លាមៗ ព្រោះ​របាយការណ៍​នោះ​សរសេរថា ទំនិញ​របស់​ពួកគាត់​អត់​ពន្ធ​ហើយ​ម្ចាស់​ទីតាំង​បញ្ជាក់ថា ទំនិញ​ពួកគាត់​បាន​បង់ពន្ធ​ត្រឹមត្រូវ​និង​មាន​បង្កាន់ដៃ​ចេញពី​សមត្ថកិច្ច​គយ​ទៀតផង​។

មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​រិះគន់ថា​ទង្វើ​របស់លោក ឆេង សុវត្ថិ និង​បក្ខពួក កំពុង​ធ្វើ​ឲ្យ​អាម៉ាស់​ដល់​សមត្ថកិច្ច​នគ​របាល​ទូទាំង​ខេត្តបន្ទាយមានជ័យ ព្រោះ​សកម្មភាព​ចុះទៅ​ឆែកឆេរ​ទំនិញ​ក្នុង​ឃ្លាំង​ស្តុក​នោះ គឺ​ហួស​ម៉ោង​រដ្ឋបាល​ផងដែរ​។ អ្វីដែល​អាម៉ាស់​បំផុត​គឺ​លោក ឆេង សុវត្ថិ កំពុង​ប្រើប្រាស់​អំណាច​តួនាទី​របស់ខ្លួន​ស្វែងរក​ផលប្រយោជន៍​យ៉ាង​គឃ្លើន ហើយ​ឆែកឆេរ​តែ​ឃ្លាំង​ដែល​ស្តុក​ទំនិញ​ស្របច្បាប់​បង់ពន្ធ​រួច​មាន​លិខិតស្នាម​ចេញពី​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​។ ដូច្នេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មិនគួរ​បណ្ដោយ​ឲ្យ​លោក ឆេង សុវត្ថិ និង​បក្ខពួក ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​៕

CH-0016 CH-0014