ត្រូវ​ដាក់ទោស​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​បម្រុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​នៅ​ស្រុក​អូរ​យ៉ា​ដាវ តាមច្បាប់​

​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដីព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​នៅ​ភូមិ​តា​កុក​ព្នង ភូមិ​តា​កុក​ច្រាយ ភូមិ​ខ្វែង ឃុំ​យ៉ា​ទុង ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ប្រមាណ​៥០០​ហិកតា​កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​និង​ក្រុម​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទៅលើ​ក្រុម​ជនល្មើស​តាមច្បាប់​មិនត្រូវ​លើកលែង​នោះទេ​។ ក្នុងនោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​អូ​រយ៉ា​ដាវ ក៏មាន​ចំណែក​ទទួលខុសត្រូវ​ផងដែរ ដោយសារ​ពួកគេ​មិន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​ចាប់ពី​ថ្នាក់ឃុំ ថ្នាក់ស្រុក រហូតដល់​ថ្នាក់​ខេត្ត សុទ្ធ​តែមាន​ចំណែក​ទទួលខុសត្រូវ​ទៅលើ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅ​ស្រុក​អូ​រយ៉ា​ដាវ​។ ជាងនេះទៅទៀត​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់​ចំពោះ​បទល្មើស​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​ឃុំ​យ៉ា​ទុង និង​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ជាពិសេស​ត្រូវ​វែកមុខ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ ក្នុងនោះ​មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​រយ៉ា​ដាវ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ដោយសារ​មិន​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​យ៉ា​ទុង និង​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទេ គឺ​ក្រុម​ជនល្មើស​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ មានន័យថា ការបំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​បម្រុង​របស់​រដ្ឋ​ប្រមាណ​៥០០​ហិកតា​ឲ្យ​ក្លាយទៅជា​វាល​ល្វឹងល្វើយ​ក្នុង​ឃុំ​យ៉ា​ទុង និង​ឃុំ​បរខាំ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គួរតែ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្តន៍​តាមច្បាប់​ទៅលើ​ក្រុម​ជនល្មើស​។ ជាពិសេស​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​រយ៉ា​ដាវ​ជាបន្ទាន់ ព្រោះ​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​ឡើយ​៕

khada1589 khada1593 khada1592