អាជីវកម្ម​បំផ្ទុះ​យក​ថ្មភ្នំ​នៅ​ស្រុក​សំរោង​ទង និង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​

​សកម្មភាព​អាជីវកម្ម​បំផ្ទុះ​ថ្មភ្នំ​នៅក្នុង​ស្រុក​សំរោង​ទង និង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​តវ៉ា​បិទផ្លូវ​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ប្រឆាំង​ក្រុមហ៊ុន​(HTK)​របស់​ឧកញ៉ា ហ៊ុន តូ​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ក្រុមហ៊ុន​នេះ​ក្រៅពី​រំខាន​ការរស់នៅ​របស់​ពួកគាត់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់ គឺ​ថែមទាំង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​នៅក្នុង​សហគមន៍​ទៀតផង​។ ចំណែក​អភិបាលស្រុក​សំរោង​ទង អភិបាលស្រុក​ភ្នំស្រួច ក៏ដូចជា​លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ មិនដែល​គិតគូរ​ចាត់វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​(HTK)​របស់​ឧកញ៉ា ហ៊ុន តូ នោះទេ ប្រហែល​ខ្លាច​ឥទ្ធិពល​ឧកញ៉ា​ម្នាក់នេះ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រាសាទ ឃុំ​មហា​សាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ពួកគាត់​តវ៉ា​បិទផ្លូវ​ប្រឆាំង​ក្រុមហ៊ុន​(HTK)២​ថ្ងៃ​មកហើយ នៅតែ​ពុំមាន​ដំណោះស្រាយ​ហេតុនេះហើយ​ទើប​ពួកគាត់​បន្ត​បិទផ្លូវ​តវ៉ា​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា តាំងពី​ថ្ងៃទី​០១ ខែកុម្ភៈ ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​មកពី​១០​ភូមិ ចំណុះ​ឲ្យ​ស្រុក​ចំនួន​២ គឺ​ស្រុក​សំរោង​ទង និង​ស្រុក​ភ្នំស្រួច បាន​តវ៉ា​បិទផ្លូវ​ប្រឆាំង​ក្រុមហ៊ុន​(HTK)​របស់​ឧកញ៉ា ហ៊ុន តូ​។ អ្នកភូមិ​បានលើកឡើង​ថា មូលហេតុ​ដែល​ពួកគាត់​បិទផ្លូវ​តវ៉ា គឺ​ដោយសារ​រថយន្ត​ដឹក​ថ្ម​ធំៗ​ធ្វើ​ឲ្យ​ដី​ហុយ​និង​ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​សហគមន៍​រង​ការខូចខាត​ជា​បន្តបន្ទាប់ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ពួកគាត់​។

តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អភិបាលស្រុក​សំរោង​ទង និង​អភិបាលស្រុក​ភ្នំស្រួច ក៏ដូចជា​លោក អ៊ូ សំ​អួន អភិបាលខេត្ត​កំពង់ស្ពឺ ហាក់ដូចជា​គ្មាន​លទ្ធភាព​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​ពួកគេ​ខ្លាច​អំណាច​របស់​ឧកញ៉ា ហ៊ុន តូ ដែលជា​ម្ចាស់​ក្រុមហ៊ុន​(HTK)​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សកម្មភាព​បំផ្ទុះ​យក​ថ្មភ្នំ​ក្នុងស្រុក​សំរោង​ទង និង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាច្រើន​ឆ្នាំ​មកហើយ​និង​បាន​បំផ្លាញ​ផ្លូវ​ក្នុង​សហគមន៍​ជា​បន្តបន្ទាប់ ចំណែក​អាជ្ញាធរខេត្ត ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​(HTK)​របស់​ឧកញ៉ា ហ៊ុន តូ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​៕

Ou Samaunលោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ e9df705c-9e27-4771-b6d0-a0714fbc3f71