អាជ្ញាធរ​ជាតិ​អប្សរា ដាក់ឱ្យ​ដំណើរការ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​

ភ្នំពេញ: ​អាជ្ញាធរ​ជាតិ​អប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី​ការដាក់ឱ្យ​ដំណើរ​ការលក់​ប័ណ្ណ​ចូល​ទស្សនា​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែល​ចាប់ផ្តើម​បើក​ជូន​ទស្សនា ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ តទៅ​។​

​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ បានឱ្យដឹងថា សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី អាស៊ី​គឺជា​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​លើក​ទី​១​និង​ដំបូង របស់​គម្រោង​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ មេគង្គ​- ទន្លេ​គង្គា (Mekong Ganga Cooperation Asian Traditional Textile Museum) ដែល​តាំង​បង្ហាញ​វាយ​ន​ភណ្ឌ ប្រពៃណី មកពី​ប្រទេស​តំបន់​ទន្លេ​គង្គា ដែលមាន​ប្រទេស​ឥណ្ឌា និង​ប្រទេស​តំបន់ ទន្លេមេគង្គ មាន​ប្រទេស កម្ពុជា ថៃ មី​យ៉ាន់​ម៉ា វៀតណាម និង​ប្រទេស​ឡាវ​។​

​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​នេះ បាន​តាំង​បង្ហាញ វាយ​ន​ភណ្ឌ​ប្រពៃណី បែប​បុរាណ សហ​សម័យ វត្ថុធាតុដើម ឧបករណ៍​សម្រាប់​ផលិត​វាយ​ន​ភណ្ឌ និង ដំណើរ​ការផលិត​ដែល​បង្ហាញ​ពី​ការប្រាស្រ័យ ឆ្លង​គ្នា ទៅវិញទៅមក​រវាង​វប្បធម៌​របស់​ប្រទេស កម្ពុជា ឥណ្ឌា​ថៃ មី​យ៉ាន់​ម៉ា វៀតណាម និង​ប្រទេស​ឡាវ តាមរយៈ វិស័យ​វាយ​ន​ភណ្ឌ ចាប់តាំងពី​សម័យបុរាណ រហូតដល់​សម័យ​បច្ចុប្បន្ននេះ​។​

​សេចក្តីជូនដំណឹង​បានឱ្យដឹង​បន្តថា ចំពោះ​តម្លៃ​ចូល​ទស្សនា​សារមន្ទីរ​វាយ​ន​ភណ្ឌ ប្រពៃណី​អាស៊ី​នេះ គឺ​តម្លៃ ៣​ដុល្លារ សម្រាប់​ភ្ញៀវ​អន្តរជាតិ ១០០០​រៀល​សម្រាប់​ភ្ញៀវ​ជាតិ និង​ឥតគិតថ្លៃ​សម្រាប់​កុមារ អាយុ​១២​ឆ្នាំ​ចុះ ក្រោម​។ សារមន្ទីរ​នេះ មាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្លូវ ៦០​ម៉ែត្រ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​៕​

អាជ្ញាធរ​ជាតិ​អប្សរា ដាក់ឱ្យ​ដំណើរការ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​