មតិយោបល់​របស់​ប្រជាពលរដ្ឋ ដាក់បញ្ចូល​ក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

ភ្នំពេញ: ​បន្ទាប់ពី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​គេហទំព័រ សិទ្ធិ​ទទួល ព័ត៌មាន​រួចមក ក្រុមការងារ​បច្ចេកទេស​តាក់តែង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន បានចាប់ផ្ដើម​ពង្រឹងសមត្ថភាព​ដល់​ម​ន្ដ្រី​បច្ចេកទេស ក្នុងការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដើម្បី​បង្កើន​ការយល់ដឹង​ក្នុងការ​ជ្រើសរើស និង​ដាក់បញ្ចូល​នូវ​មតិយោបល់​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​ក្រុមការងារ​បច្ចេកទេស រៀបចំតាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ការកសាង​សមត្ថភាព​ដល់​មន្ដ្រី​ជំនាញ​បច្ចេកទេស​លើ​ការ ងារ​តាក់តែង​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន នឹង​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​កាន់ តែ​ច្រើន​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា សម្រាប់​ប្រមូល​មតិ យោបល់ និង​ជ្រើស​រើសយក​មកពី​សាធារណ​ជន និង​ប្រជាពលរដ្ឋ ដើម្បី​យកមក​ដាក់បញ្ចូល​ក្នុង​សេចក្ដីព្រាងច្បាប់ ឱ្យមាន​ខ្លឹមសារ និង​អត្ថន័យ​គ្រប់គ្រាន់​។​

​លោក​បញ្ជាក់ថា ការជជែក​ពិភាក្សាគ្នា​នេះ គឺ​ផ្ដល់នូវ​សារសំខាន់​ក្នុងការ​ប្រមូល និង​ជ្រើស​រើសយក​នូវ មតិយោបល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការកសាង​សមត្ថភាព​ដល់​មន្ដ្រី​ក្រសួង​ព័ត៌មាន ក្នុងការ​ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍​ថ្មីៗ​ក្នុងការ​ចូលរួម​កសាង​ច្បាប់​នានា​នៅពេល​អនាគត ប្រកប ដោយ​គុណភាព ប្រសិទ្ធភាព ដែល​បម្រើ​ដល់​ឧ​ត្ត​ម​ប្រយោជន៍​ពិតប្រាកដ ដល់​សង្គម និង ប្រជាជន ដើម្បី​ចូល រួម​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​លោក​រដ្ឋមន្ដ្រី​បាន​លើកឡើងថា សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​ដាក់ឱ្យ​ជជែក​ពិភាក្សា​ក្នុង ក្រុមការងារ បច្ចេកទេស​តាក់តែង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ឱ្យបាន​ចប់សព្វគ្រប់​ជាមុន បន្ទាប់ពី​យកមក​ដាក់​ប្រជុំ​ជា​អន្ដរក្រសួង ដែលមាន​ក្រសួង ស្ថាប័នរ​រាជរដ្ឋាភិបាល​ទាំងអស់ ក្រោយពី​ប្រជុំ​អន្ដរក្រសួង​រួច ច្បាប់​នេះ​ត្រូវដាក់​ឆ្លង​គណៈរដ្ឋមន្ដ្រី និង​បញ្ជូនបន្ដ​ទៅ​រដ្ឋសភា ដើម្បី​អនុម័ត​។​

​លោកស្រី អាន ឡឺ​ម៉េ​ស៍ (Anne Lemaistre) តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ការបណ្ដុះបណ្ដាល​ក្រុមការងារ​បច្ចេកទេស​នេះ ពិតជា​ផ្ដល់នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព មន្ដ្រី​រៀបចំតាក់តែង​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ជួយ​ជំ​រុញឱ្យ​ការប្រមូល​នូវ​មតិយោបល់ ពី​ប្រជាពលរដ្ឋ និង​អាច​ប្រែក្លាយ​អំពី​សំឡេង​ទាំងអស់នេះ ដាក់បញ្ចូល​ក្នុង​សេចក្ដីព្រាងច្បាប់ ហើយ​អាច​កែ សម្រួល​ខ្លឹមសារ ឱ្យ​បានល្អ​ថែមទៀត​។​

​លោក ឆាយ សុផល គណៈកម្មការ​និពន្ធ​នាយក​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា បាន​លើកឡើងថា នេះ​គឺ​លើក​ទី​១ ហើយ​ក្នុង​ដំណើរការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​បាន​ប្រមូល​នូវ​មតិយោបល់ ពី​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដែល​បានមកពី​ការធ្វើ​សិក្សា​សាលា​នៅតាម​សហគមន៍ ដើម្បី​យកមក​ដាក់បញ្ចូល​ក្នុង​មាត្រា​ច្បាប់ និង​ក្នុង​សេចក្ដីពង្រាងច្បាប់​ពាក់ព័ន្ធ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។ ប៉ុន្ដែ​រាល់​ការរៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់ ប្រសិនបើ​រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​ជាអ្នករៀបចំ តាក់តែង​សេចក្ដីព្រាងច្បាប់​មិនបាន​សាកសួរ និង​ការប្រមូល​នូវ​មតិ យោបល់​ពី​ប្រជាពលរដ្ឋ ដាក់ បញ្ចូល ក្នុង​ខ្លឹមសារ ខណៈពេលដែល​ច្បាប់​ដាក់ឱ្យ​អនុវត្ដ​ន៍ វា​មិនបាន​ទូលំទូលាយ និង​ធ្វើឱ្យប៉ះពាល់​ថែមទៀត​។​

​ជាមួយគ្នានេះ សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​គឺ​ស្ថិតក្នុង ដំណាក់កាល នៃ​ការតាក់តែង​ដែល ក្រសួង​ព័ត៌មាន បាន​បើកទូលាយ​ឱ្យមាន​ការចូលរួម​ផ្ដល់​មតិ​យោ ប​ល់ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​អង្គការ សង្គម​ស៊ីវិល សាធារណជន និង​ពី​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​កែលម្អ និង​ដាក់បញ្ចូល​នូវ​គំនិត ថ្មីៗ​បន្ថែមទៀត​តាមរយៈ​គេហទំព័រ សិទ្ធិ​ទទួល​ព័ត៌មាន www.a2i.info.gov.kh ដើម្បីឱ្យ​ច្បាប់​នេះ ពេលចេញ​អនុវត្ដ​ន៍​ទៅ អាច​ទទួលយកបាន​ទាំងអស់គ្នា​៕​

មតិយោបល់​របស់​ប្រជាពលរដ្ឋ ដាក់បញ្ចូល​ក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

មតិយោបល់​របស់​ប្រជាពលរដ្ឋ ដាក់បញ្ចូល​ក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

មតិយោបល់​របស់​ប្រជាពលរដ្ឋ ដាក់បញ្ចូល​ក្នុង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​