ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​ធំ​ៗ៤​ដូច​ជា វិស័យ​កសិកម្ម ឧស្សាហកម្ម ហេ​ដ្ឋា​រចនា សម្ព័ន្ធ និង​ទេសចរណ៍ គិត​ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ ប្រមាណ​២២,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ វិស័យ​កសិកម្ម​ទទួល​បាន​១៤%, ឧស្សាហកម្ម​៣៥%, ហេដ្ឋារចនាសម្ព័ន្ធ​៤១% និង​ទេសចរណ៍​១០% ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ ។

របាយការណ៍​បង្ហាញ​ទៀត​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ទុន​វិនិយោគ​ក្នុងស្រុក​បាន​នាំមុខ​គេ តាម​ពីក្រោយ​ដោយ ចិន វៀតណាម អង់គ្លេស ម៉ា​ឡេ​ស៊ី កូរ៉េ សហរដ្ឋ អាមេរិក ជប៉ុន អូស្ត្រាលី និង​សិង្ហ​បុរី ។ នៅ​ក្នុង​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៤,៦​ប៊ី​លាន​ដុល្លារ រួម​មាន ទុន​វិនិយោគ​ក្នុងស្រុក​ចំនួន​៦៩%, ចិន​១៨,៦២%, អង់គ្លេស​៣%, សិង្ហ​បុរី​២,១៨%, វៀតណាម​១,៩២%, ម៉ា​ឡេ​ស៊ី​១,៦១%, ជប៉ុន​១,២៨%, ថៃ​១,១៨%, កូរ៉េ​០,២១%, កា​ណា​ដា​០,១៩% និង​ប្រទេស​ផ្សេង​ៗ០,៥២% ។

ទន្ទឹម​នឹង​នោះ​ដែរ ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ក្នុង​ចំនួន​ទឹកប្រាក់​ចំនួន​៣១៩,៤​លាន​ដុល្លារ និង​មាន​កំណើន​៥៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន សិង្ហ​បុរី គឺជា​ប្រទេស​ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ធំ​ជាងគេ​កាលពី​ឆ្នាំ​មុន ក្រោម​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​១០១​លាន​ដុល្លារ ។ ប្រទេស​វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ​២ មាន​ទឹកប្រាក់​សរុប​៨៩​លាន​ដុល្លារ​, ម៉ា​ឡេ​ស៊ី ជាប់​ចំណាត់ថ្នាក់​លេខ​៣ មាន​ទឹកប្រាក់​៧៤៧​លាន​ដុល្លារ និង​ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​លេខ​៤ មាន​ទឹកប្រាក់​៥៤,៧​លាន​ដុល្លារ ។

ថ្លែង​ក្នុង​ឱកាស​វេទិកា​វិនិយោគ​កម្ពុជា​-​កូរ៉េ នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ នា​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « មជ្ឈមណ្ឌល​អាស៊ាន កូរ៉េ ចាប់​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩ ហើយ​ការ​បង្កើត​ឡើង​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​កូរ៉េ​បាន​សម្លឹង​ឃើញ​វែង​ឆ្ងាយ ដោយ​ដឹង​ថា នៅ​ថ្ងៃ​ខាង​មុខ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​កើត​មាន​ឡើង » ។

លោក​បន្ត​ថា ៖ « ចាប់ពី​ថ្ងៃ​ទី​១ មក​រា​២០១៦​នេះ ប្រទេស​នៅ​ក្នុង​តំបន់​របស់​យើង​នឹង​មានការ​ចរាចរ​ទំនិញ​សេវា មូលធន កម្លាំង និង​ពលកម្ម​ជំនាញ​ដោយ​សេរី ។ ប៉ុន្តែ​យើង​ជឿជាក់​ថា អ្នក​ដែល​ធ្វើ​ឲ្យ​គោលបំណង​នេះ​ក្លាយជា​ការ​ពិត គឺ​ពឹងផ្អែក​ទៅ​លើ​វិស័យ​ឯកជន ។ ខ្ញុំ​នៅ​ខាង​ផ្នែក​រដ្ឋាភិបាល​បាន​រៀបចំ​ច្បាប់ បទ​ប្ប​ញ្ញ​តិ្ត កិច្ចព្រមព្រៀង​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​សេរី​នៅ​ក្នុង​តំបន់ ។ ប៉ុន្តែ​អ្នក​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​ទាំងនោះ​ក្លាយជា​ការ​ពិត​ជាក់ស្តែង ដើម្បី​ជា​ផលប្រយោជន៍​រស់នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​អ្នក​វិនិយោគ​រស់នៅ​ក្រៅ​តំបន់ ។ ដើម្បី​ឲ្យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្លាយជា​ការ​ពិត​នោះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​កិច្ចការ​របស់​ខ្លួន ហើយ​វិស័យ​ឯកជន​អាច​ចូលរួម​ជ្រោមជ្រែង​នៅ​ក្នុង​ផ្នែក​នេះ » ។

លោក​បន្ត​ទៀត​ថា ៖ « នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ខ្ញុំ​អាច​និយាយ​បាន​ថា ប្រហែល​មាន​តែ​កម្ពុជា​ទេ ដែល​បាន​អនុញ្ញាត​ឲ្យ​វិនិយោគិន​បរទេស​មាន​សកម្មភាព​នៅ​គ្រប់​វិស័យ ខុស​ពី​ប្រទេស​ដទៃ​ទៀត ។ នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​បើកចំហ​របស់កម្ពុជា » ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ច​ន្ធី ធ្លាប់​មាន​ប្រ​- សាសន៍​ថា កម្ពុជា​មាន​សក្តានុពល​លើ​វិស័យ​ជា​ច្រើន​ដូច​ជា វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ កសិឧស្សាហកម្ម​និង​ចំណី អាហារ (​ឧស្សាហ កម្ម​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ចេញពី​កៅស៊ូ ដំឡូង​មី ពោត ស្វាយ ម្រេច និង​ក្រូច​) ឧស្សាហកម្ម​ទេសចរណ៍ បង្គុំ​អេ​ឡិច​ត្រូ​និក និង​ឧស្សាហកម្ម​កម្មន្ត សាល ឧស្សាហកម្ម​បង្គុំ​រថយន្ត (​រថយន្ត រថយន្ត​ដឹក​ទំនិញ ត្រាក់ទ័រ​) ប៉ុន្តែ​ជំនាញ​វិជ្ជាជីវៈ​ឬ​ជំនាញ​ទុន​ត្រូវ​បាន​ផ្តល់​ដល់​ប្រជាជន​កម្ពុជា ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​លើក​ឡើង​ពី​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​វិនិយោគិន​ក្នុងស្រុក​យ៉ាង​ដូច្នេះ​ថា ៖ « ការ​ប្រកួតប្រជែង​ចម្បង​សម្រាប់​អ្នក​វិនិយោគទុន​ក្នុងស្រុក​មាន​ទាំង​កត្ដា​ខាងក្នុង និង​កត្តា​ខាងក្រៅ ។ កត្តា​ខាងក្នុង​មាន​ដូច​ជា អភិបាលកិច្ច និង​ការ​គ្រប់គ្រង​ធនធានមនុស្ស និង​ទំនាក់ទំនង​ឧស្សាហកម្ម បច្ចេកវិទ្យា ប្រភេទ​នៃ​សេវា​ផលិតផល និង​ផែនការអាជីវកម្ម​។ ចំណែក​ផ្នែក​ខាងក្រៅ​វិញ​មាន​ដូច​ជា បទ​ប្បញ្ញត្តិ​ក្នុងស្រុក និង​បទ​ប្បញ្ញត្តិ​បរិស្ថាន ថា​មល​ក្នុងស្រុក ការ​ដឹក​ជញ្ជូន តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ក្នុងស្រុក ស្ថានភាព​ឬ​លក្ខខណ្ឌៈ​បរិស្ថាន​សេដ្ឋកិច្ច ពិភពលោក និង​តំបន់ ការ​ប្រកួតប្រជែង និង​បទ​ប្បញ្ញត្តិ​ទីផ្សារ​ទាំង​អន្តរជាតិ និង​ក្នុង​តំបន់​»៕