ស្ថានភាពក្មេងៗ ដើរលក់គ្រឿង ម្ជូរពេលយប់ ត្រូវបានលាតត្រដាង ខណៈជនល្មើស ត្រូវបានផ្តន្ទាទោស

ភ្នំពេញ: ក្មេងស្រីម្នាក់ ក្នុងចំណោម១៩នាក់ បានស្លាប់ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ ក្រោយទទួលរងការកេង ប្រវ័ញ្ចកម្លាំងពលកម្ម បង្អត់អាហារ បង្ខំឲ្យដើរលក់គ្រឿងម្ជូរ ពេលរាត្រី នៅតាមបណ្តារង្គសាល និង ហាងផឹកស៊ីមួយចំនួនក្នុងរាជធានីភ្នំពេញ ។  ទោះបីយ៉ាងណា ជនល្មើសពីរនាក់ ជាប្តីប្រពន្ធនឹងគ្នា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង ត្រូវតុលាការផ្តន្ទាទោសតាមច្បាប់ ។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ញ៉ឹង សារឿន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោស ប្តីប្រពន្ធពីរនាក់ឈ្មោះ ជា សាឌី  អាយុ២៨ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ថេន វ៉ាន់ថៃ អាយុ៣០ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ដាក់អនីតិជនឲ្យស្ថិតក្នុង លក្ខខណ្ឌការងារបណ្តាលឲ្យខូចសុខភាព តាមមាត្រា៣៣៩នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិដើមចន្ទន៍ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្នុងអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ។

នៅក្នុងសវនាការជនជាប់ចោទទាំងពីរនាក់បានសារភាពថា ពួកគេបានប្រកបរបរជាអ្នកលក់គ្រឿងម្ជូរ ពងមាន់ ពងសត្វក្រួច និងគ្រឿងក្លែមផ្សេងៗតាមហាងផឹកស៊ីយូរឆ្នាំមកហើយ ។  ប៉ុន្តែដោយសារខ្វះកម្លាំងជួយទើបពួកគេបានទៅសុំក្មេងៗរងគ្រោះពីម្ដាយឪពុកនៅស្រុកកំណើតក្នុងខេត្តព្រៃវែងឲ្យមកជួយលក់។ ពួកគេបញ្ជាក់ថា ពួកគេមិនបានបង្ខំក្មេងៗ ទេគឺម្តាយឪពុកពួកគេព្រមឲ្យមក ហើយម្យ៉ាងពួកក្មេងៗទាំងនោះជាសាច់ញាតិផង ទើបចេះតែយកមកឲ្យជួយការងារទៅ។

ដោយឡែក នាពេលសវនាការ ជនរងគ្រោះចំនួន៨នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀត អាយុចាប់ពី៧ឆ្នាំទៅ១៤ឆ្នាំ តាមរយៈ Video Conference បានអះអាងថា ពួកគេត្រូវបានជនជាប់ចោទទាំងពីរនាក់ប្តីប្រពន្ធ បង្ខំឲ្យពួកគេខ្លះលក់នំ ខ្លះលក់ម្ជូរ ខ្លះលក់ពងមាន់ និងខ្លះទៀតលក់ពងសត្វក្រួច នៅតាមហាងផឹកស៊ីម្តុំផ្សារស៊ីធីម៉ល ដោយលក់ចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៣ ទៅ៤ភ្លឺទើបពួកគេអាចទៅផ្ទះបាន។

 ក្មេងៗរងគ្រោះបានបន្តថា ប្រសិនបើពួកគេលក់មិនដាច់ទេគឺ មីងថៃវៃដៃខ្ញុំ ពេលលក់អត់ដាច់ ហើយឃើញគាត់វៃគ្រប់តែគ្នានឹង តែបើលក់ដាច់គាត់ឲ្យលុយចាយ គាត់អត់វៃទេ។ ក្មេងៗរងគ្រោះនិយាយថា យប់ខ្លះលក់បាន៥ម៉ឺន យប់ខ្លះ១០ម៉ឺន ហើយបើងុយដេក គឺដេកតាមហាងលើតុ ឬតាមសំយាបផ្ទះគេ។ ក្មេងៗរងគ្រោះអះអាងថា ពួកគេបានហូបបានមួយថ្ងៃតែ២ពេលប៉ុណ្ណោះ ហើយពួកគេដេកពេលថ្ងៃក្នុងបន្ទប់រួមគ្នាទាំងស្រីទាំងប្រុសអត់មានកង្ហារ អត់មុង ហើយក្តៅព្រោះដំបូងប្រក់ស័ង្កសី និងបន្ទប់ដេកធំក្លិនឆ្អេះ រញ៉េរញ៉ៃ។ នៅក្នុងនោះក្មេងស្រីម្នាក់បានស្លាប់ បន្ទាប់ពីសមត្ថកិច្ចជួយសង្គ្រោះ  ៕

ស្ថានភាពក្មេងៗ ដើរលក់គ្រឿង ម្ជូរពេលយប់ ត្រូវបានលាតត្រដាង ខណៈជនល្មើស ត្រូវបានផ្តន្ទាទោស

ស្ថានភាពក្មេងៗ ដើរលក់គ្រឿង ម្ជូរពេលយប់ ត្រូវបានលាតត្រដាង ខណៈជនល្មើស ត្រូវបានផ្តន្ទាទោស