អស់ជំនឿ​លើ​សមត្ថកិច្ច​និង​តុលាការ ទើប​ពលរដ្ឋ​កាត់ទោស​ចោរប្លន់ ចោរឆក់ ចោ​រលួយ ដោយ​ខ្លួនឯង​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ករណី​តុលាការ​ប្រជាពលរដ្ឋ​កាត់ទោស​ចោរប្លន់ ចោរឆក់ និង​ចោរលួច បានកើត​ឡើងជា​បន្តបន្ទាប់​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ស្លាប់បាត់​បង់ជីវិត​ទៀតផង ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក៏ដូចជា​ក្រុមមន្ត្រី​សង្គម​ស៊ីវិល ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​កាត់ទោស​ជន​សង្ស័យ​ជា​ចោរប្លន់ ចោរឆក់ ចោរលួច រហូតដល់​ស្លាប់​បាត់បង់​ជីវិត​តទៅទៀត​។ ក៏ប៉ុន្តែ​បើ​ពិនិត្យ​ទៅលើ​ស្ថានភាព​ជាក់ស្តែង គឺ​មកពី​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​សមត្ថកិច្ច និង​តុលាការ ក្នុងការ​បង្ក្រាប​ក្រុមចោរ​និង​ក្រុម​ជនល្មើស​ទើប​ពួកគាត់​កាត់ទោស​ចោរប្លន់ ចោរឆក់ និង​ចោរលួច ដោយ​ខ្លួនឯង​ព្រោះ​ពួកគាត់​គឺជា​ជនរងគ្រោះ​នៅក្នុង​សង្គម​។

​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លើកឡើងថា បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ពុំមាន​ប្រសិទ្ធភាព​នោះទេ ដោយ​ក្រុមចោរប្លន់ ចោរឆក់ ចោរលួច និង​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ អំពើ​ប្លន់​ប្រដាប់អាវុធ​នៅក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ក្រុមចោរ​បាញ់សម្លាប់​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​យ៉ាង​សាហាវ កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​។ ជាក់ស្តែង​នៅ​ខែវិច្ឆិកា​និង​ខែធ្នូ ចុងឆ្នាំ​២០១៥ និង​ខែមករា ឆ្នាំ​២០១៦ អំពើ​ប្លន់​ប្រដាប់អាវុធ​កើតឡើង​ជាច្រើន​ករណី ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ទូទៅ​ស្អប់​ចោរ​យ៉ាងខ្លាំង ដូច្នេះ​នៅពេល​ចាប់បាន​ចោរ​ម្ដងៗ​ពួកគាត់​បញ្ចេញ​កំហឹង​កាត់ទោស​ដោយ​ខ្លួនឯង​។

បញ្ហា​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត គឺ​ប្រជាពលរដ្ឋ​ទូទៅ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធតុលាការ​ក្នុងការ​ដាក់ទោស​ក្រុមចោរប្លន់ ចោរឆក់ ចោរលួច និង​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​នោះទេ ហើយ​ការដោះលែង​ក្រុមចោរ​នាពេល​កន្លងមក​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ពេញបន្ទុក​។ ជា​ការពិត​ប្រជាពលរដ្ឋ​មិនគួរ​កាត់ទោស​ជនសង្ស័យ​ជា​ចោរ​ដោយ​ខ្លួនឯង​នោះទេ ព្រោះ​ប្រទេស​កម្ពុ​ជាមាន​សមត្ថកិច្ច និង​ប្រព័ន្ធតុលាការ ដើម្បី​តាម​ចាប់​ជនល្មើស​និង​កាត់ទោស​ជនល្មើស​តាមច្បាប់​ជា​ធរមាន​។ ក៏ប៉ុន្តែ​សមត្ថកិច្ច និង​ប្រព័ន្ធតុលាការ ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​ទាំងស្រុង ទើប​ពួកគាត់​កាត់ទោស​ជនសង្ស័យ​ដោយ​ខ្លួនឯង​។ អាច​និយាយបានថា តុលាការ​ប្រជាពលរដ្ឋ កើតឡើង​ដោយសារ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​កែទម្រង់​ប្រព័ន្ធតុលាការ​ឡើងវិញ និង​ពង្រឹងសមត្ថភាព​របស់​សមត្ថកិច្ច​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​ផងដែរ​៕

maxresdefaultលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ DSC02302សាលាដំបូងរាជធានីភ្នំពេញដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើតុលាការ