សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ឈ្មួញ​ឈើ​ឈ្មោះ ចែ​ថា ដឹកឈើ​ពី​ខេត្តព្រះវិហារ​ចូល​ក្រុង​សៀមរាប​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​នៅក្នុង​សប្តាហ៍​នេះ​ថា ក្បួន​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ ចែ​ថា បានធ្វើ​ដំណើរ​ពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ស្រុក​ជាច្រើន​ដូចជា ស្រុក​ស្វាយ​លើ ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ចូល​ក្រុង​សៀមរាប ដែល​ត្រូវ​ឆ្លងកាត់​ស្ថាប​ប័ន​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន តែ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ខាងលើនេះ​មិនមាន​ឧបសគ្គ​អ្វី​ជា​កុំ​កំភួន​នោះទេ ព្រោះ​សមត្ថកិច្ច​ជំនាញ​មិនដែល​ចេញមុខ​បង្ក្រាប​ម្តងណា​ឡើយ​។​

ការដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ឈ្មោះ ចែ​ថា ត្រូវគេ​ដឹងថា​មានការ​ចូលរួម​ឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​បើកភ្លើង​ខៀវ​ឲ្យ​ទើប​អាច​ចូលដល់​ក្នុង​ក្រុង​សៀមរាប​បាន ព្រោះ​រថយន្ត​ដឹកឈើ​អាច​ដឹកឈើ​យកទៅ​ចែកចាយ​តាម​ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​សៀមរាប​បាន​ដោយ​គ្មាន​ការបង្ក្រាប​នោះទេ ផ្ទុយទៅវិញ​បើ​ឈ្មួញ​ឈើ​ដែល​ដឹកឈើ​ទាំង​ប្រថុយប្រថាន​ដោយ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​នឹងមិន​អាច​ដឹកឈើ​ចូល​ក្រុង​សៀមរាប​បានឡើយ ។​

អ្នកស៊ីឈ្នួល​បើករថយន្ត​ដឹកឈើ​បាន​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ចៅហ្វាយ​គាត់​បាន​បង់ប្រាក់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ​អស់​រួចទៅហើយ ដូច្នេះ​រថយន្ត​ដឹកឈើ​អាច​ចូលដល់​ក្រុង​សៀមរាប​ដោយ​មិន​ខ្វល់ខ្វាយ​ចំពោះ​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា យ៉ាងហោចណាស់​ក្នុង​មួយ​យប់ៗ ឈ្មួញ​ឈ្មោះ​ចែ​ថា បាន​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ ចូលមក​ក្រុង​សៀមរាប​មិន​ក្រោម​ពី​២​ទៅ​៣​រថយន្ត​សាំ​យ៉ុង​ឡើយ តែ​ជំនួញ​ឈើ​ក្នុងពេល​បច្ចុប្បន្ននេះ​ក៏​មិនសូវ​ចំណេញ​ច្រើន​ដែរ ព្រោះ​សមត្ថកិច្ច​គាប​យក​ស្ទើរ​អស់​ទៅហើយ​។​

គួរ​កត់សម្គាល់ថា កន្លងមក​លោក ទា គឹម​សុទ្ធ នាយខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​សៀមរាប​តែងតែ​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន និង​ថ្នាក់លើ​របស់ខ្លួន​ថា​បទល្មើស​ព្រៃឈើ​នៅ​ខេត្តសៀមរាប​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ហើយក៏​មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ តែ​ឈ្មួញ​ឈើ​ភាគច្រើន​បានបញ្ជាក់​ដូចៗ​គ្នា​ថា បើ​ពួកគេ​មិន​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​ជំនាញ​កុំថាឡើយ​ឈើ​ខុសច្បាប់ សូម្បីតែ​ឈើ​កែច្នៃ​ជា​គ្រឿង​សង្ហា​រឹម​រួចទៅហើយ ក៏​មន្ត្រី​ជំនាញ​កោសរូស​យកលុយ​ពី​អ្នកបើករថយន្ត​ទាល់តែ​បាន​។ ប្រភព​ដដែល​បញ្ជាក់ថា បទល្មើស​ព្រៃឈើ​មិន​ត្រឹមតែ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះទេ តែ​ក៏​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ផ្សេងៗ​ទៀតផង​ដែរ​៕

a7d94e76-02e6-4be4-8d5c-adb45ea5a7c0