អ្នកនាំពាក្យ​ថា លោក ញឹក ប៊ុនឆៃ កំពុង​ប្រឌិត​រឿង​ទម្លាក់កំហុស​លើ​សម្ដេចក្រុមព្រះ​

​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន អះអាងថា គណបក្ស​លោក​មិនមាន​គម្រោង​បង្កើត​ក្រុមប្រឹក្សាវិន័យ ដើម្បី​បណ្ដេញ​លោក ញឹក ប៊ុនឆៃ ចេញពី​គណបក្ស​ឡើយ​។ អ្នកនាំពាក្យ​រូបនេះ​ចោទ​លោក ញឹក ប៊ុនឆៃ វិញ​ថា កំពុង​ប្រឌិត​រឿង​ដើម្បី​ទម្លាក់កំហុស​លើ​សម្ដេចក្រុមព្រះ ដែល​បង្ក​ឲ្យ​មាន​ភាព​ល្អក់កករ​នៅក្នុង​បក្ស​។ លោក ញឹក ប៊ុនឆៃ បានរៀបចំ​ធ្វើ​សន្និសីទកាសែត នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ​នេះ នៅ​គេហដ្ឋាន លោក​ផ្ទាល់ ដើម្បី​ប្រកាស​អំពី​ការបង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​គណបក្ស​រួបរួម​ជាតិ​» ដែលមាន​រូបលោក​ជា​ប្រធាន​គណបក្ស​។

​អនុប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​លោក ញឹក ប៊ុនឆៃ បានសម្រេច​ចិត្ត​ដើរ​ចេញពី​បក្ស ដោយ​លោក​នឹង​បង្កើត​គណបក្ស​ថ្មី​មាន​ឈ្មោះថា «​គណបក្ស​រួបរួម​ជាតិ​» ក្រោម​ហេតុផល​ថា សម្ដេចក្រុមព្រះ រណឫទ្ធិ ដឹកនាំ​បក្ស​បែប​បក្សពួកនិយម និង​ក្រោយពី​លោក អះអាងថា លោក​កំពុង​ត្រូវបាន​សម្ដេចក្រុមព្រះ សម្លឹងមុខ​ចង់​បណ្ដេញ​ចេញពី​បក្ស​។

​ឆ្លើយតប​និង​ការលើកឡើង​របស់លោក ញឹក ប៊ុនឆៃ នេះ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បដិសេធ​វិញ​ថា បក្ស​គ្មាន​គោលដៅ​បណ្ដេញ​លោក ញឹក ប៊ុនឆៃ ចេញ​នោះឡើយ​។ លោក​ថា ប្រធាន​គណបក្ស​សម្ដេច​ក្រុមព្រះ ក៏​គ្មាន​គោលបំណង​បង្កើត​ក្រុមប្រឹក្សាវិន័យ ដើម្បី​គំរាមកំហែង​ដល់​លោក ញឹក ប៊ុនឆៃ និង​មន្ត្រី​បក្ស​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​សមាជ​វិសាមញ្ញ​ឆ្នាំ​២០០៦​កន្លងមក ដើម្បី​ជាការ​សងសឹក​នោះដែរ ។ អ្នកនាំពាក្យ​រូបនេះ ក៏បាន​អះអាងថា សម្ដេចក្រុមព្រះ​មិនបាន​បង្កើត​បក្សពួក និង​ដឹកនាំ​ដោយ​តាមបែប​អត្តនោម័ត​ឡើយ​។​លោក​ចោទ​លោក ញឹក ប៊ុនឆៃ វិញ​ថា ភាពចម្រូងចម្រាស​នៅក្នុង​បក្ស​ពេលនេះ គឺ​លោក ញឹក ប៊ុនឆៃ ជា​អ្នក​ប្រឌិត​រឿង ដើម្បី​ទម្លាក់កំហុស​លើ​សម្ដេចក្រុមព្រះ ដែល​បង្ក​ឲ្យ​មាន​ភាព​ល្អក់កករ​នៅក្នុង​បក្ស​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ញ៉េប ប៊ុនជិន បានបញ្ជាក់​ដូច្នេះ​ថា​៖«​គណបក្ស​អត់​មាន​បង្កើត​ក្រុមប្រឹក្សាវិន័យ​ដើម្បី​ដក​អ្នកណា​ចេញ​ទេ​។ ការលើកឡើង​របស់លោក ញឹក ប៊ុនឆៃ គឺជា​ការ​ប្រឌិត​រឿង​ឡើង​ឲ្យ​មាន​បញ្ហា​ដោយ​គេ​មើល​មក​ថា ទ្រង់ រណឫទ្ធិ ដឹកនាំ​បក្ស​មិនល្អ មិន​ត្រឹមត្រូវ​។ ហើយ​ការ​ប្រឌិត​រឿងនេះ គឺ​គាត់​និយាយ​តាមរបៀប​មនុស្ស​ដើរ​ព្រៃ​តែឯង​ខ្លាច​ខ្មោច​ប៉ុណ្ណោះ ទើប​បង្ក​ឲ្យ​មាន​ភាព​ល្អក់កករ​ក្នុង​បក្ស​ដូច្នេះ​»​។​

​អ្នកនាំពាក្យ​រូបនេះ​អះអាងថា ការបង្រួបបង្រួម​គ្នា​បាន​លុះត្រាតែ​សមាជិក​បក្ស​ធ្វើ​ការបម្រើ​បក្ស​ដោយ​យោគយល់​គ្នា ហើយ​មិនមាន​ចេះតែ​យកឈ្នះ​គ្នា និង​មិន​ស្ដាប់​គ្នា​នោះទេ​។​លោក​បន្ថែម​បែប​ចំអក​ឲ្យ​លោក ញឹក ប៊ុនឆៃ ថា​៖«​ព្រះ​អាច​ប្រោស​មនុស្ស​បាន លោក​ត្រាតែ​មនុស្ស​នោះ អាចជួយ​សង្គ្រោះបាន តែបើ​មិន​អាចជួយ​បានទេ​គឺ​ព្រះ​មិន​ប្រោស​ទេ​។​ហើយ​បើទោះជា​ក្នុង​បក្ស​មាន​អ្នកគាំទ្រ តែបើ​បុគ្គល​នេះ​មាន អ្នកគាំទ្រ​គេ​ស្រលាញ់ ចូលចិត្ត​ច្រើនជាង នោះបាន​អ្នកនេះ​ទទួល​ការគាំទ្រ​ខ្លួន​ច្រើន​គឺ​ឈ្នះ​ហើយ ហើយ​ត្រូវ​ធ្វើការ​រួបរួមគ្នា​ទើប​ដឹកនាំ​បក្ស​បាន »​។​

​កាលពី​ថ្ងៃទី​៣០ មករា ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ ន​រោ​ត្ត រណឫទ្ធិ បញ្ជាក់ថា គណបក្ស​ទទួលបាន​សូន្យ​កៅអី ក្នុងការ​បោះឆ្នោត​២០១៣ ក៏​ដោយសារតែ​អ្នក​ដែល​«​ស៊ី​បាយ​បោក​ឆ្នាំង​» ។ ព្រះអង្គ​ក៏បាន​ផ្ដាំ​ទៅ​មន្ត្រី​បក្ស​ថា ប្រសិនបើ​នៅមាន​កូន​ចិត្ត​ចង់​«​ស៊ី​បាយ​បោក​ឆ្នាំង​»​បន្តទៀត ឆាប់​ឲ្យ​ចាក​ចេញពី​បក្ស​ឲ្យ​ហើយ​ទៅ ដោយ​ព្រះអង្គ​មិន​ឃាត់​នោះទេ​។ បើទោះជា​សម្តេចក្រុមព្រះ មិនបាន​និយាយ​ព្រមាន​ឲ្យ​ចំឈ្មោះ​មន្ត្រី​ណា​ម្នាក់​ក៏ដោយ តែ​ការព្រមាន​របស់​ព្រះអង្គ​នេះ គឺ​ស្រប​ពេលដែល​ភាពចម្រូងចម្រាស​កំពុង​កើតមានឡើង រវាង​ព្រះអង្គ និង​អនុប្រធាន​បក្ស​លោក ញឹក ប៊ុនឆៃ​។

​ក្រោយពី​មានការ​ព្រមាន​ពី​ប្រធាន​បក្ស​នេះ លោក ញឹក ប៊ុនឆៃ អះអាងថា សម្ដេចក្រុមព្រះ​កំពុង​រៀបចំ​បង្កើត​ក្រុមប្រឹក្សាវិន័យ​បក្ស ដើម្បី​គំរាមកំហែង​ដល់​លោក និង​មន្ត្រី​បក្ស​ផ្សេងទៀត​។ អនុប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ចាត់ទុកថា ខ្លួន​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវបាន​បក្ស​សម្លឹងមុខ​បណ្ដេញចេញ​នោះ បាន​ចោទ​សម្ដេចក្រុមព្រះ​ថា ទ្រង់​កំពុង​មានចិត្ត​គុំកួន​ចង់​សងសឹក​លោក និង​មន្ត្រី​បក្ស​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​សមាជ​វិសាមញ្ញ​ឆ្នាំ​២០០៦ កន្លងមក ដើម្បី​យក​ហេតុផល​ផ្សេងៗ​មក​បណ្ដេញ​លោក និង​មន្ត្រី​ទាំងនោះ​ចេញពី​បក្ស ។​លោក ញឹក ប៊ុនឆៃ អះអាងថា លោក​បាន​ខាំមាត់សង្កត់ចិត្ត​អស់​រយៈពេល​១​ឆ្នាំ​ហើយ ក្រោម​ការដឹកនាំ​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​កៀបសង្កត់​មកលើ​លោក និង​មន្ត្រី​បក្ស​មួយចំនួនទៀត ដែល​ព្រះអង្គ​បាន​គុំកួន​សងសឹក​។ ហើយ​នៅ​ថ្ងៃទី​៣ កុម្ភ​៖​នេះ លោក ញឹក ប៊ុនឆៃ ក៏​សម្រេចចិត្ត​ដើរ​ចេញពី​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយ​លោក​នឹង​បង្កើត​បក្ស​ថ្មី​ដែលមាន​ឈ្មោះថា «​គណបក្ស​រួបរួម​ជាតិ​» ដែលមាន​រូបលោក​ជា​ប្រធាន​គណបក្ស​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​