តុលាការ​សម្រេច​ឃុំខ្លួន ជនសង្ស័យ​៦​នាក់ ករណី​ជួញដូរ​ថ្នាំញៀន ជាង​៨០០​កញ្ចប់ ដាក់ពន្ធនាគារ

ភ្នំពេញ: មនុស្ស ៦​នាក់​ពាក់ព័ន្ធ ករណី​ជួញដូរ​ដោយ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ជាង៨០០​កញ្ចប់ ត្រូវបាន​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បីរង់ចាំ​ការ​ស៊ើប អង្កេត​បន្តទៀត​។​

 មនុស្ស ៦​នាក់ ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់ នូវសារធាតុ​ញៀន តាម​មាត្រា​៤០ ច្បាប់​ស្តីពី​វិសោធនកម្ម​គ្រឿងញៀន ដែល​បទល្មើសនេះ កំណត់​ការផ្តន្ទាទោស​រាប់សិប​ឆ្នាំ គិត​តាម​កម្រិត​ធាតុសុទ្ធ នៃ​សារធាតុញៀន​។​

 ជន​ត្រូវ​ចោទ ទី​១.​ឈ្មោះ ចំរើន សីហា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​។ ទី​២.​ឈ្មោះ ផន សុ​ផៃភេទ​ប្រុស អាយុ ១៧​ឆ្នាំ​។ ទី​៣.​ឈ្មោះ ជា ផល្លី​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​។ ទី​៤.ឈ្មោះ ទិ​ត្រ សាវឿន ភេទ​ស្រី អាយុ ៣០​ឆ្នាំ​។ ទី​៥.​ឈ្មោះ សៅ កុសល ភេទ​ប្រុសអាយុ ២១​ឆ្នាំ និង​ទី​៦.​ឈ្មោះ ស សុជា អាយុ​២៥​ឆ្នាំ​។​

 សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ​ទាំង​៦​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ការិយាល័យប្រឆាំង​បទ ល្មើស​គ្រឿងញៀន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្នុង​សំណង់​អនាធិបតេយ្យខាងក្រោយ​រោងចក្រ​តាក់​ហ្វា​ត ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ៦០​ម៉ែត្រក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ មុន​ឈានដល់​ការចុះមក​បំបែក ក្រុម​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​នេះ កម្លាំង​ជំនាញ​អាវុធហត្ថ បានបង្ក្រាប​មុខសញ្ញា គ្រឿងញៀន​ម្នាក់ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ​។​

 ក្រោយ​ការឃាត់ខ្លួន​រួចមក សមត្ថកិច្ច​អាវុធហត្ថ បាន​ប្រើប្រាស់​ជំនាញ​របស់ខ្លួនក្នុងការ​សាកសួរ រហូត​ជនសង្ស័យ​ឆ្លើយ​សារ ភាព​ប្រាប់​ពី​ទីតាំង​លាក់ខ្លួនរបស់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ទើប​ឈានដល់​ការបង្ក្រាប​តែម្តង​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ ម៉ា​ទឹកកកជាង ៨០០​កញ្ចប់​៕​R

តុលាការ​សម្រេច​ឃុំខ្លួន ជនសង្ស័យ​៦​នាក់ ករណី​ជួញដូរ​ថ្នាំញៀន ជាង​៨០០​កញ្ចប់ ដាក់ពន្ធនាគារ