ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ វៀតណាម​បាន​វិនិយោគ​ទៅ​លើ​គម្រោង​ត​ភ្ជាប់​ខ្សែបណ្តាញ​ដែល​ទិញ​មក​ពី​ប្រទេស​ឡាវ ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​សាជីវកម្ម​អគ្គិសនី​ជាតិ NPT ។
ការ​ទិញ​អគ្គិសនី​ពី​បណ្តា​ប្រទេស​ជិតខាង ដូច​ជា​ឡាវ​នោះ គឺជា​វិធានការ​មួយ​ដែល​ជួយ​ដល់​ប្រទេស​វៀតណាម​អាច​បត់បែន​ស្ថានភាព​របស់​ខ្លួន ដើម្បី​បំពេញតម្រូវការ​អគ្គិសនី​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ។

អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​អគ្គិសនី​វៀតណាម លោក Dang Phan Tuong បាន​មាន​ប្រសាសន៍​ថា ៖ « តំបន់​ខ្ពង់រាប​នឹង​ទទួល​កា​រត​ភ្ជាប់​បណ្តាញ​វា​រី​អគ្គិសនី​ពី​ទំនប់​វា​រី​អគ្គិសនី Xekaman ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឡាវ នា​ឆ្នាំ​២០១៦ » ។

នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ ឡាវ​នឹង​មាន​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៤ បន្ថែម​ទៀត​រួម​មាន ទំនប់​វា​រី​អគ្គិសនី Xekaman 4, Xekaman Sanxay,  Sekong 3 និង​ទំនប់​វា​រី​អគ្គិសនី Sekong 3 Ha ។ ជាក់ស្តែង ទំនប់​វា​រី​អគ្គិសនី Xekaman 4 មាន​តង់ស្យុង​ខ្ពស់​២២០​គីឡូវ៉ាត់​នៅ​តាម​បណ្តាញ Thach My ខណៈ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៣​ទៀត នឹង​ត្រូវ​បញ្ជូន​ថាមពល​ទៅ​កាន់​តំបន់​ខ្ពង់រាប​កណ្តាល​របស់​វៀតណាម ។

លោក Dang Phan Tuong បន្ថែម​ទៀត​ថា ៖ « ការ​វិនិយោគ​លើ​ការ​ផ្ទេរ​ចរន្តអគ្គិសនី​រវាង​ប្រទេស​វៀតណាម និង​ឡាវ​នេះ គឺ​ចាំបាច់​ខ្លាំង​ណាស់​ក្នុង​ការ​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ថាមពល​អគ្គិសនី​ប្រកបដោយ​និរន្តរភាព » ។

តួយ៉ាង ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ជាតិ​វៀតណាម ក៏​បាន​អភិវឌ្ឍន៍​គម្រោង​មួយ​ចំនួន​លើ​ការ​ទទួល និង​ផ្ទេរ​ថាមពល​អគ្គិសនី​ពី​ទំនប់​វា​រី​អគ្គិសនី​ទាំងនោះ ក្នុង​ប្រទេស​ឡាវ​ទៅ​កាន់​តំបន់​ខ្ពង់រាប​កណ្តាល​នៃ​ប្រទេស​វៀតណាម​ផង​ដែរ ។

គម្រោង​ទាំងនេះ​ត្រូវ​គេ​រំពឹង​ថា នឹង​អាច​ជួយ​ដល់​តម្រូវការ​បន្ទាន់​នា​ដំណាច់ឆ្នាំ​២០២០ ខាង​មុខ និង​ទទួល​ការ​អនុញ្ញាត​ពី​នាយក​រដ្ឋមន្ត្រី ពោល​គឺ​ការ​ផ្ទេរ​បណ្តាញ​ក្នុង​តង់ស្យុង​២០០​គីឡូវ៉ាត់​នៅ​ទំនប់​វា​រី​អគ្គិសនី ដោយ​ចាប់ផ្តើម​ពី​ព្រំប្រទល់​រវាង​វៀតណាម និង​ឡាវ ។ ជាង​នេះ​ទៀត វា​នឹង​ត្រូវ​ត​ភ្ជាប់​ដល់​ស្ថានីយ​ទំនប់​វា​រី​អគ្គិសនី​ដែល​មាន​តង់ស្យុង​៥០០​គីឡូវ៉ាត់ ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​២ គឺ​ខេត្ត Kon Tum និង​ខេត្ត Gia Lai ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​បាន​ចាប់ផ្តើម​កាលពី​ចុងខែ​សីហា ដែល​នឹង​ត្រូវ​សាងសង់​រួចរាល់​ក្នុង​ខែមីនា​ខាង​មុខ ក្នុង​ទឹកប្រាក់​វិនិយោគ​ច្រើន​ជាង​៩៦៦​ប៊ី​លាន​ដុ​ង ។

គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី Pleiku 2 បាន​ចាប់ផ្តើម​ឡើង​តាំងពី​ខែធ្នូ ឆ្នាំ​២០១៤  មក​ម្ល៉េះ ហើយនឹង​រួចរាល់​នៅ​ខែមីនា​ខាង​មុខ​នេះ ជាមួយនឹង​ទឹកប្រាក់​វិនិយោគ​ជិត​១.២៧​ទ្រី​លាន​ដុ​ង ។ លើស​ពី​នេះ​ទៀត ស្ថានីយ​ទំនប់​វា​រី​អគ្គិសនី​នេះ ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ទទួល​ការ​ផ្ទេរ​ចរន្តអគ្គិសនី​ពី​ប្រទេស​ឡាវ សម្រាប់​បន្ថែម​ប្រសិទ្ធភាព​ដែល​មាន​តង់ស្យុង​៥០០​គីឡូវ៉ាត់ និង​ធានា​ឲ្យ​បាន​នូវ​ប្រតិបត្តិការ​ប្រកបដោយ​និរន្តរភាព ៕