ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

សៀង​ហៃ ៖ នាយកដ្ឋាន​គយ​នៃ​ទីក្រុង​សៀង​ហៃ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​បរទេស​កាលពី​ឆ្នាំ​មុន​បាន​ធ្លាក់​ចុះ​២,១% ដែល​មាន​ទឹកប្រាក់​ចំនួន​២,៨​ពាន់​លាន​យន់ ។ ចំណែក​ការ​នាំ​ចូល​វិញ​មាន​ទឹកប្រាក់​១,៦​ទ្រី​លាន​យន់ ធៀប​នឹង​ការ​នាំ​ចេញ​មាន​ទឹកប្រាក់​១,២​ទ្រី​លាន​យន់ ។ រីឯ​អត្រា​នាំ​ចូល​ប្រចាំឆ្នាំ​ក្នុង​ទីក្រុង​មានការ​កើនឡើង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ក្នុង​អត្រា​០,៥% ស្មើនឹង​១៥,២% នៃ​អត្រា​នាំ​ចូល​សរុប​របស់​ចិន ។

យោង​តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធគយ​បាន​ឲ្យ​ដឹង​ទៀត​ថា ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​ៗ​មាន​អត្រា​៤០% នៃ​ការ​នាំ​ចូល​សរុប​ក្រុង​សៀង​ហៃ ដែល​មាន​ទឹកប្រាក់​សរុប​៥២៧​ពាន់​លាន​យន់ និង​កើនឡើង​ក្នុង​អត្រា​៤,៦% ជា​រៀង​រាល់​ឆ្នាំ ។

របាយការណ៍​បង្ហាញ​ទៀត​ថា តម្រូវការ​ទំនិញ​នាំ​ចូល​ពី​ក្រៅប្រទេស​របស់​ប្រជាជន​សៀង​ហៃ មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​មាន​ទឹកប្រាក់​សរុប​រហូត​ដល់​ទៅ​១៩៣​ពាន់​លាន​យន់​កាលពី​ឆ្នាំទៅ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ គឺ​មាន​តែ​៩,៤% ប៉ុណ្ណោះ ។

តួយ៉ាង ការ​នាំ​ចូល​សាច់​បាន​កើនឡើង​៦៦,១% ខណៈ​ផ្លែ​ឈើ​កើនឡើង​៣១,៦% និង​ផលិតផល​សម្លៀក​បំពាក់​កើនឡើង​៩,៤%​។ ទន្ទឹម​នឹង​នេះ​ដែរ ការ​នាំ​ចេញ​របស់​ទីក្រុង​សៀង​ហៃ​បាន​ធ្លាក់​ចុះ​៥,៣% ធៀប​នឹង​ឆ្នាំ​មុន និង​មាន​អត្រា​៨,៧% នៃ​ការ​នាំ​ចេញ​សរុប​របស់​ចិន ។

លើស​ពី​នេះ​ទៀត ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សៀង​ហៃ និង​សហគមន៍​អឺរ៉ុប បាន​ធ្លាក់​ចុះ​ដល់ ៩,៦% គិត​ជា​ទឹកប្រាក់​ចំនួន​៥៧៦​ពាន់​យន់ និង ជាមួយ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​១,៩% គិត​ជា​ទឹកប្រាក់​៤៦០​ពាន់​លាន​យន់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋអាមេរិក និង សហគមន៍​អឺ​រ៉ុ​ប គឺជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​សៀង​ហៃ ។ ខណៈ​ដែល​ជប៉ុន​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទី​៣ ដែល​មាន​ទឹកប្រាក់​សរុប​៣៣២​ពាន់​លាន​យន់ និង​ធ្លាក់​ចុះ​ដល់​៧,៦% គិត​ជា​ទឹកប្រាក់​៣១០​ពាន់​លាន​យន់ ។

ដោយឡែក កាលពី​ឆ្នាំ​មុន ការ​នាំ​ចេញ និង​នាំ​ចូល​របស់​ចិន​បាន​ធ្លាក់​ចុះ​៧% ពេញ​មួយ​ឆ្នាំ ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ទី​មួយ​ក្នុង​រយៈពេល​៦​ឆ្នាំ​ជាប់​គ្នា​ៗ ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​ដោយ​នាយកដ្ឋាន​ពន្ធគយ​ជាតិ ៕