សាក្សី​ថា​តា​ម៉ុក​ធ្លាប់​ស្ដី​បន្ទោស​កម្មាភិបាល​ថ្នាក់​ក្រោម​អំពី​ភាព​កាច​សាហាវ​របស់​ពួក​គេ

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២ កុម្ភៈ បញ្ចប់​សវនាការ​សួរ​ដេញដោល​សាក្សី សៅ វ៉ន ទាក់ទង​នឹង​ការ​សម្លាប់​អតីត​ទាហាន លន់ នល់ នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ មុន​នឹង​បញ្ចប់​សក្ខីកម្ម​របស់​ខ្លួន សាក្សី សៅ វ៉ន ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា ប្រធាន​គណៈ​ភូមិ​ភាគ​និរតី គឺ តា ម៉ុក ធ្លាប់​ស្ដី​បន្ទោស​កម្មាភិបាល​ថ្នាក់​ក្រោម​ឈ្មោះ តា សោម និង តា មុត អំពី​ភាព​កាច​សាហាវ​របស់​ពួក​គាត់។

សាក្សី សៅ វ៉ន ហៅ សៅ ពត ដែល​អតីត​ជា​ប្រធាន​រណសិរ្ស​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​ជា​មេ​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អះអាង​ថា ការ​ស្ដី​បន្ទោស​របស់ តា ម៉ុក គឺ​ធ្វើ​ឡើង​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ នៅ​ជិត​ភ្នំ​ដំរី​រមៀល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៖ «ពេល​ហ្នឹង​គាត់​អង្គុយ​កណ្ដាល ហើយ តា សោម និង តា មុត អង្គុយ​ខាង។ គាត់​ថា​អ៊ីចឹង សុំ​ធ្វើ​ការ​ប្រាប់​ផង គ្រូ សោម គ្រូ មុត ហ្នឹង ឮ​ថា​ប្រជាជន​ខ្លាច។ ខ្ញុំ​ដើរ​មក​គេ​ប្រាប់​ថា គេ​ខ្លាច​លោក។ អ៊ីចឹង​ធ្វើ​ម៉េច​លោក​ចុះ​ទៅ​ឲ្យ​ប្រជាជន​ស្រឡាញ់ ធ្វើ​ម៉េច​កុំ​ឲ្យ​គេ​ខ្លាច គេ​ស្អប់។ គេ​ខ្លាច​តែ​ចំពោះ​មុខ​ទេ ប៉ុន្តែ​ដល់​ក្រោយ​ខ្នង​គេ​ស្អប់។ អ៊ីចឹង​ការ​លើក​ឡើង​នេះ​ពិត​ប្រាកដ​មែន។ គាត់​និយាយ​អ៊ីចឹង​មែន»

លោក​បញ្ជាក់​បន្ថែម​ថា ការ​ស្ដី​បន្ទោស​នេះ គឺ​នៅ​ពេល​ដែល តា ម៉ុក ណែនាំ​កម្មាភិបាល​ឲ្យ​ជំរុញ​ការ​ធ្វើ​ស្រែ​ចម្ការ​បង្កបង្កើន​ផល និង​ក្ដាប់​កម្លាំង​ប្រជាជន។ លោក​បន្ត​ថា តា ម៉ុក គូស​បញ្ជាក់​ថា កម្មាភិបាល​ថ្នាក់​ភូមិ ឃុំ ស្រុក ខេត្ត មិន​មាន​សិទ្ធិ​សម្លាប់​មនុស្ស​ទេ។ ដូច្នេះ ការ​វិនិច្ឆ័យ​អំពី​ជីវិត​មនុស្ស គឺ​មាន​តែ​គណៈ​ភូមិ​ភាគ និង​គណៈ​មជ្ឈិម​ប៉ុណ្ណោះ។

ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន គឺ​ជា​សមាជិក​នៃ​គណៈ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា។

បន្ទាប់​ពី​សាក្សី សៅ វ៉ន អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បន្ត​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត​ឈ្មោះ មាស វឿន។ សាក្សី មាស វឿន អតីត​ជា​មេ​បញ្ជាការ​កងទ័ព​នៃ​កងពល​លេខ​១ ប្រចាំ​ខេត្ត​កោះកុង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ លោក មាស វឿន ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ សួរ​ដេញដោល​អំពី​ការ​ប្រព្រឹត្ត​ចំពោះ និង​ការ​សម្លាប់​ជនជាតិ​វៀតណាម និង​មន្ត្រី​រដ្ឋការ​របប លន់ នល់ នៅ​ក្នុង​តំបន់​របស់​លោក។ លោក​បដិសេធ​ចំពោះ​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ ឬ​ការ​សម្លាប់​ជនជាតិ​វៀតណាម ហើយ​កងទ័ព​របស់​លោក ក៏​មិន​ពាក់ព័ន្ធ​ការ​សម្លាប់​ទាហាន លន់ នល់ ដែរ«ខ្ញុំ​ដែល​ផ្លាស់​ដក​ចេញ​ពី​ភ្នំពេញ ទៅ​នៅ​កំពត ហ្នឹង នៅ​ត្រង់​កំពង់ត្រាច ទូកមាស។ ខ្ញុំ​អត់​បាន​ដឹង​ថា ទាហាន លន់ នល់ នៅ​កន្លែង​នោះ​ទេ។ ខ្ញុំ​ទៅ​នោះ​ឃើញ​តែ​ប្រជាជន ឃើញ​តែ​ភូមិ​ប្រជាជន​ទេ ហើយ​ខ្ញុំ​ទៅ​នោះ ទៅ​ដើម្បី​មើល​ផ្លូវ​រទេះ​ភ្លើង​ដែល​វា​ដាច់ អ្នក​ធ្វើ​ការ គេ​ជួសជុល​ផ្លូវ​រទេះ​ភ្លើង​តែ​ប៉ុណ្ណោះ។ កងទ័ព​ខ្ញុំ​អត់​មាន​ទាក់ទង​នឹង​សម្លាប់​ទេ ព្រោះ​អី​ចេញ​ពី​ភ្នំពេញ​ទៅ សុទ្ធតែ​ពួក​ខ្ញុំ​ទាំងអស់ អត់​មាន​ទាហាន លន់ នល់ ណា​ដែល​នៅ​ជាប់​ជាមួយ​ខ្ញុំ​នោះ​ទេ»

សក្ខីកម្ម​របស់​សាក្សី មាស វឿន នៅ​មិន​ទាន់​ចប់​ទេ ហើយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បន្ត​ស្ដាប់​សាក្សី​រូប​នេះ​ទៀត​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ កុម្ភៈ។ អង្គ​ជំនុំ​ជម្រះ ក៏​គ្រោង​ស្ដាប់​សាក្សី​មួយ​រូប​ទៀត​ឈ្មោះ អ៊ិន យឿង ពេល​រសៀល​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។