ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្រុមចម្រុះ​អា​មេ​រិ​ក​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អីុ​រ៉ា​ក់​ថ្លែង​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ថា ការ​ប្រយុទ្ធ​ដើម្បី​រំដោះ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​អីុ​រ៉ា​ក់ ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​ជា​ការ​ប្រយុទ្ធ​យ៉ាង​លំបាក និង​យ៉ាង​បង្ហូរឈាម ហើយ​ត្រូវ​ប្រើ​ពេល​យូរ​ទៀត​ផង ។

អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​នេះ​វរសេនីយ៍ឯក​កងទ័ព​អា​មេរិ​ក លោក STEVE WARREN ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ក្រុង​បា​ដា​ដ​ថា ក្រុង​ម៉ូ​ស​ស៊ុ​ល​គឺជា​មជ្ឈ​មណ្ឌល​នៃ​អំណាច​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​លោក​វាយតម្លៃ​ថា នៅ​ក្រុង​នេះ ព្រមទាំង​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​នី​នី​វ មាន​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​វាង​ពី​៥.០០០​ទៅ​៨.០០០​នាក់ ។

វរសេនីយ៍ឯក WARREN បន្ត​ថា ខ្ញុំ​យល់​ថា ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​ធ្វើការ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​បំផុត ហើយនឹង​មានការ​ប្រយុទ្ធ​ដ៏​លំបាក និង​យ៉ាង​បង្ហូរឈាម ព្រមទាំង​ប្រើ​ពេល​យូរ ។

នាយទាហាន​អា​មេ​រិ​ក​រូប​នេះ​សន្យា​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ពី​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក៏​ប៉ុន្តែ​ស្នើ​ដល់​ប្រជាជន​ទីក្រុង​នេះ​រង់ចាំ​យូរ​បន្តិច​រហូត​ដល់​កងទ័ព​អីុ​រ៉ា​ក់​ធ្វើការ​វាយលុក​ធំ​មួយ ។ លោក​បន្ត​ថា មានការ​លំបាក​ក្នុង​ការ​និយាយ​ថា​តើ​ការ​ប្រយុទ្ធ​ប្រើ​ពេល​យូរ​ប៉ុណ្ណា ដើម្បី​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល ក៏​ប៉ុន្តែ​ខ្ញុំ​សូម​ផ្តាំ​ដល់​ប្រជាជន​ក្រុង​នេះ​ថា ពួក​គេ​នឹង​ត្រូវ​រំដោះ​តែ​ឱ្យ​ស៊ូទ្រាំ ព្រោះ​ការ​រំដោះ​ត្រូវ​ប្រើ​ពេល​យូរ​។ លោក​ក៏​ថ្លែង​ផង​ដែរ​ថា​ការ​បង្កើន​កងទ័ព​អា​មេ​រិ​ក​នៅ​អីុរ៉ា​ក់​ពុំ​មែន​ជា​បច្ចុប្បន្នភាព និង​ថា​ការ​បង្កើន​នេះ​លុះត្រាតែ​មាន​សំណើ​របស់​រដ្ឋាភិបាល​អីុ​រ៉ា​ក់ ។

អ្នកនាំពាក្យ​យោធា​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន​មាន​ទាហាន​របស់​ក្រុមចម្រុះ​ប្រមាណ​ជា​៥.៦០០​នាក់​នៅ​អីុ​រ៉ា​ក់​ក្នុង​នោះ​មាន​ទាហាន​អា​េ​ម​រិ​ក​៣.៦០០​នាក់ ហើយ​ទាហាន​របស់​ប្រទេស​ឯទៀត​ៗ​ក្នុង​ក្រុមចម្រុះ​មាន​ប្រមាណ​២.០០០​នាក់ ។ កង​ទាហាន​ទាំងនេះ​ជា​អ្នក​ជួយ​ធ្វើការ​ហ្វឹកហ្វឺន​ដល់​កង​ទាហាន​អុ​ី​រ៉ា​ក់ ព្រមទាំង​ជួយ​ធ្វើ​ជាទី​ប្រឹក្សា ។

ក្រុង​ម៉ូ​ស​ស៊ុ​ល​ទីប្រជុំជន​ខេត្ត​នី​នី​វ ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤​មក ៕