ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តប៉ៃលិន ៖ ​ក្រោយ​ពី​សារព័ត៌មាន​កាសែត ទូរទស្សន៍ ជា​ច្រើន​ស្ថាប័ន បាន​ចុះ​ផ្សាយ​កាលពី​​១​ស​ប្តា​ហ៍​កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ក្រុម​ឈ្មួញ​​ឈូស​ឆាយ​ព្រៃ និង​ជីក​​កកាយ​ដី​ភ្នំ​យ​ក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​​ខ្លួន ខណៈ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​មិន​​អើពើ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២ ​កុម្ភៈ ​២០១៦ កន្លង​ទៅ​នេះ សមត្ថកិច្ច​ចម្រុះ​ ​រួម​ជាមួយ​អាជ្ញាធរ​ដែនដី រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ភូមិបាល​​ស្រុក​សាលា​ក្រៅ ដែល​ដឹកនាំ​​ដោយ​លោក​ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​មាន​បទល្មើស​ខាងលើ ដែល​មាន​​ផ្ទៃដី​ទំហំ​ជាង​កន្លះ​ហិ​កតា ស្ថិតនៅចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​ប៉ៃលិន ភ្នំ​ប្រហែល​៤០ ទៅ​៥០%​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ជីក​កកាយ​​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង ស្ទើរតែ​អស់​រលីង​ទៅ​ហើយ លុះ​ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ពី​ភ្នាក់ងារ​សារព័ត៌មាន ធ្វើ​ឱ្យ​អាជ្ញាធរ និង​ក្រុម​ឈ្មួញ​ទាំងនោះ​ មានការ​ខឹង​សម្បារ​​យ៉ាង​ខ្លាំង ហើយ​ក្រោយមក ​ក៏​ធ្វើការ​ចុះ​បង្ក្រាប​តែ​ម្តង ។

ចំណែកឯ​ព្រៃ​នៅ​លើ​ភ្នំ​ទាំង​អស់​ក្នុង​ខេត្ត​វិញ ​ត្រូវ​គេ​កាប់​រាន​យក​ដី​ដាំ​ដំណាំ​អស់​រលីង​ទៅ​ហើយ នៅ​សល់​តែ​ខ្សែបន្ទាត់​ភ្នំ​ខៀវ​ប៉ុណ្ណោះ ។ ប្រភព​​​ពី​លោក ជុំ សែន​សុធា ព្រះរាជអាជ្ញា​អម​សា​លាដំបូង​ខេត្ត​​បានឱ្យ​ដឹង​ថា ទីតាំង​ដែល​ឈ្មួញ​ឈូស​​ឆាយដី​ភ្នំ និង​កាប់​រាន​​ព្រៃ មាន​ទំហំ​ប្រហែល​ជាង​កន្លះ​​ហិ​កតា​នេះ បង្ក​ឡើង​​ដោយ​បុរស​ម្នាក់​ឈ្មោះ​មិន សូ​វុ​ធ អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​ប៉ូ​លិ​​ស​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិភូមិ​ដូង (​ឡែ​ម​) ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដែល​មា​ន​អា​សយ​ដ្ឋា​ន​ផ្ទះ​លេខ​៣៤E0 ផ្លូវ​លេខ​៣៧៤ ភូមិ​៧ សង្កាត់​ទួល​ស្វាយព្រៃ​បួន ខ​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​​សាលា​ក្រៅ ។