ឈ្មួញ​ឈ្មោះ ជុំ ប៊ុន​ណា ហៅ​ខ្នា បូម​ខ្សាច់​ក្នុងស្រុក​មង្គលបុរី តាម​អំពើ​ចិត្ត​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រឡាយ​ហ្លួង​លើ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា សកម្មភាព​បូម​ខ្សាច់​របស់​ឈ្មួញ​ឈ្មោះ ជុំ ប៊ុន​ណា ហៅ​ខ្នា កំពុងដំណើរការ​យ៉ាង​រលូន​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ ការដែល​លោក ជុំ ប៊ុន​ណា ហៅ​ខ្នា ធ្វើ​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​យ៉ាង​រលូន គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន ឈ្មោះ យ៉ោ​ក យឿ​ម ហើយក៏​អាចមាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ​ផងដែរ​។ អ្នកភូមិ​បាន​ឲ្យ​ដឹង​ទៀតថា បើ​គ្មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទេនោះ លោក ជុំ ប៊ុន​ណា ហៅ​ខ្នា មិនអាច​បន្ត​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​បានឡើយ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រះ​រាំង ស្រុក​មង្គលបុរី បាន​ឲ្យ​ដឹងថា ផ្លូវលំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​ប្រឈម​នឹង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​សកម្មភាព​ដឹកជញ្ជូន​ខ្សាច់​របស់លោក​ជុំ ប៊ុន​ណា ហៅ​ខ្នា ដែល​រស់នៅ​ក្នុងភូមិ​ប្រឡាយ​ហ្លួង​លើ ឃុំ​ប្ញ​ស្សី​ក្រោក​។ ដោយហេតុថា ឈ្មួញ​ឈ្មោះ ជុំ ប៊ុន​ណា ហៅ​ខ្នា បាន​ដើរ​ទិញ​ដីស្រែ​ជាច្រើន​កន្លែង​ក្នុង​ឃុំ​ស្រះ​រាំង បូម​យក​ខ្សាច់​លក់ ហើយ​ថ្មីៗ​នេះ​មាន​ការបាក់​ច្រាំង​ស្រះ​បុរាណ​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​បូម​ខ្សាច់​របស់​ឈ្មួញ​ឈ្មោះ ជុំ ប៊ុន​ណា ហៅ​ខ្នា មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាក់​ដី​និង​ខូច​ផ្លូវ​ពិបាក​ធ្វើដំណើរ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ទៀតផង ព្រោះ​រថយន្ត​ដឹក​ខ្សាច់​ធ្វើ​ឲ្យ​ដី​ហុយ​និង​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។

អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​លោក ឡុង ពុន អភិបាលស្រុក​មង្គលបុរី បាន​ឆ្លើយ​ដោះសា​ថា លោក​មិនដឹង​និង​មិន​បានទទួល​លុយ​មួយ​កាក់​ពី​ការ​បូម​ខ្សាច់​នោះទេ ព្រោះ​ការ​បូម​ខ្សាច់​នោះ​ពាក់ព័ន្ធ​ជាមួយ​ខាង​មន្ទីរ​បរិស្ថាន មន្ទីរ​រ៉ែ​និង​ថាមពល​ជាដើម​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រះ​រាំង និង​ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី បាន​លើកឡើងថា ប្រសិនបើ​លោក ឡុង ពុន មិន​ជាប់​ពាក់ព័ន្ធ​រឿង​លុយកាក់​ជាមួយ​ឈ្មួញ​ឈ្មោះ ជុំ ប៊ុន​ណា ហៅ​ខ្នា ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត ព្រោះ​សូម្បីតែ​ទីទួល​បុរាណ​ក៏​ឈ្មួញ​ម្នាក់នេះ​បូម​យក​ខ្សាច់​ដែរ​។ ជាពិសេស​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ឈ្មួញ ជុំ ប៊ុន​ណា ហៅ​ខ្នា បូម​ខ្សាច់​ខុសច្បាប់ បំផ្លាញ​ផ្លូវថ្នល់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទៀតឡើយ​៕

rong-1-500x419ឈ្មួញឈ្មោះ ជុំ ប៊ុនណា ហៅខ្នា នៅស្រុកមង្គលបុរី rong-1-500x419 - Copyទីតាំងបូមខ្សាច់របស់ឈ្មួញ ជុំ ប៊ុនណា