អ្នកវិទ្យាសាស្រ្ត រកឃើញថា អាហារសមុទ្រ ជួយកាត់បន្ថយ ជំងឺភ្លេចភ្លាំង

បរទេស៖ តាមការស្រាវជ្រាវ បានបង្ហាញថា អាហារសមុទ្រដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺបាត់បង់ការចងចាំ ដែលធ្វើឲ្យភ្លេចភ្លាំង។

ការសិក្សាថ្មីមួយ បានរកឃើញថា មនុស្សវ័យចំណាស់ ដែលមានបញ្ហានឹងជំងឺបាត់បង់ការចងចាំ ហើយទទួលទានអាហារសមុទ្រ យ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍ បានបង្ហាញពីសញ្ញាផ្លាស់ប្តូរមួយ ដែលមានទំនាក់ទំនងទៅនឹងខួរក្បាល។ ក្រុមអ្នកជំនាញ បានធ្វើការយ៉ាងប្រុងប្រយ័ត្នបំផុត ទៅលើការរកឃើញនេះ ទើបធ្វើការចេញផ្សាយ នៅលើទំព័រការសែត The Journal of American Medical Association ។

អ្នកវិទ្យាសាស្រ្ត រកឃើញថា អាហារសមុទ្រ ជួយកាត់បន្ថយ ជំងឺភ្លេចភ្លាំង

លោកស្រីវេជ្ជបណ្ឌិត Laura Phipps​ នៃចក្រភពអង់គ្លេស ដែលបានរកឃើញបញ្ហាជំងឺ Alzheimer’s disease ឬយើងអាចហៅបានថាជា ជំងឺជរាបាត់បង់ការចងចាំ ដែលធ្វើឲ្យភ្លេចភ្លាំងនេះ មានប្រសាសន៍ថា “ការសិក្សានេះ គឺផ្សាភ្ជាប់ជាមួយនឹងការទទួលទានអាហារសមុទ្រក្នុងកម្រិតមធ្យម​ ដែលធ្វើឲ្យមានសញ្ញាមួយចំនួន នៃបំលាស់ប្តូរប្រព័ន្ធខួរក្បាលរបស់មនុស្សចាស់ដែលមានផ្ទុកនូវជំងឺនេះ” ។

លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា “ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្ន នៅពេលធ្វើការសន្និដ្ឋានទៅលើមនុស្សទាំងអស់នោះដែរ”​ ។ លោកស្រីបន្ថែមទៀតថា “អាស៊ីតអូមេហ្គា៣ ត្រូវបានរកឃើញថា សម្បូរនៅក្នុងខ្លាញ់ត្រី ដែលជាផ្នែកមួយសំខាន់ នៃរបបអាហារដែលមានតុល្យភាព។ យោងតាមការសិក្សាស្រាវជ្រាវពីមុន គឺវាអាចដើរតួយ៉ាងសំខាន់​ ក្នុងការជួយឲ្យខួរក្បាលមានសុខភាពល្អ។ ការស្រាវជ្រាវបច្ចុប្បន្ននេះ គឺកំពុងចាប់ផ្តើមធ្វើការស្រាវជ្រាវបន្ថែម ពីអត្ថប្រយោជន៏នៃរបបអាហារ​ ដែលសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣។ ទោះជាយ៉ាងណា នៅពេលនេះ ក៏មិនទាន់មានភស្តុតាងណាមួយ ដែលបង្ហាញថាថ្នាំគ្រាប់អូមេហ្គា៣នៃខ្លាញ់ត្រី អាចការពារទាំងស្រុងពីជំងឺវង្វេងភ្លេចភ្លាំង ឬបាត់បង់ការចងចាំនោះដែរ"៕

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត