ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​បាន​ឈរ ជើង​នៅ​ក្នុង​ពិភព​ប្រដាល់​ហើយ​ឈាន​ដល់​ចំណុច​ល្បីឈ្មោះ​នៅ​លើ​សង្វៀន​ដូច​គ្នា ក៏​កីឡាករ លួ​ន សុខ​ខេ​ង និង​ភុំ សា​រ៉ា​យ មិន​ដែល​បាន​សាក​កណ្ដាប់​គ្នា​នោះ​ឡើយ ។ យ៉ាងណា​ក៏​ដោយ​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​សម្រេច​បើក​រេញ​ឱ្យជើង​ខ្លាំង​ពីរ​នាក់​នេះ​ប៉ះ​គ្នា​ជា​ផ្លូវការ​ហើយ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ ។

លោក​សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​បាន​អះអាង​ថា នៅ​ថ្ងៃ​សៅរ៍​ ទី​៦ កុម្ភៈ ​នេះ កីឡាករ​ជើង​ខ្លាំង​២​រូប​ដែល​ទើបនឹង​រក​ឃើញ​ថា​អាច​ឈាន​ទៅ​ប្រកួត​ដណ្ដើម​ជើងឯក​ស៊ីម៉ង់ត៍​អូដ្ឋ​រដូវ​កាល​ទី​២ នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​សម្រាក​មួ​យស​ប្ដា​ហ៍ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ប្រកួត​ចប់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ ជាមួយនឹង​ការ​ចន្លោះ​ពេល​មិន​មានការ​ប្រកួត​គូ​ខ្សែក្រវាត់​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក និង​មន្ត្រី​សហព័ន្ធ​សម្រេច​រៀបចំ​ឱ្យ​កីឡាករ​ល្បីឈ្មោះ​២​រូប គឺ​លួ​ន សុខ​ខេ​ង និង​ភុំ សា​រ៉ា​យ​ប៉ះ​គ្នា ដើម្បី​រំលេច​ព្រឹត្តិការណ៍​នោះ​ជំនួស ។ លោក​ថា ការ​ប្រកួត​នោះ នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៥​ល្ងាច​នៅ​សង្វៀន​Tiffy​ជ្រោយចង្វា ដោយ​កីឡាករ​ទាំង​ពីរ​នឹង​ឡើង​ប្រកួត​គ្នា​ជា​គូ​ឯក​នៅ​លើ​សង្វៀន ។

យោង​តាម​ប្រវត្តិ​នៅ​លើ​សង្វៀន កីឡាករ​លួ​ន សុខ​ខេ​ង មក​ពី​ក្លិប​អាស៊ី​កីឡា មិន​ធ្លាប់​ឡើង​ប្រកួត​ជាមួយ​កីឡាករ ភុំ សា​រ៉ា​យ មក​ពី​ក្លិប​កងពលតូច​លេខ​៣១​នោះ​ឡើយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អ្នក​ទាំង​ពីរ​ឈាន​ឡើងជា​ជើង​ខ្លាំង និង​មានការ​ទទួលស្គាល់​នៅ​លើ​សង្វៀន​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​ដូច​គ្នា ។ លួ​ន សុខ​ខេ​ង គឺជា​កីឡាករ​ស្រករ​ក្រោយ​បន្តិច​បើ​ធៀប​នឹង​គូប្រកួត ប៉ុន្តែ​ក្រេ​ឌី​ត និង​សមត្ថភាព​របស់​គេ​គឺ​ឡើង​ប្រហាក់ប្រហែល​នឹង​កីឡាករ​ភុំ សា​រ៉ា​យ ដូច​គ្នា ក្នុង​ពេល​បន្តបន្ទាប់ ។ ទោះបី​យ៉ាងណា ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ កីឡាករ​មក​ពី​ក្លិប​អាស៊ី​កីឡា​មួយ​នេះ ហាក់​ធ្លាក់​ចុះ​កម្លាំង​ស៊ុ​ហ្វ​ខុស​ប្លែក ដោយសារ​តែ​ហេតុផល​មិនសូវ​បាន​ប្រកួត​ញឹកញាប់ និង​មិនសូវ​បាន​ហ្វឹកហាត់​ដិត​ដល់​ដូច​មុន ។ លោក​សេង ក​ដិ​កា បញ្ជាក់​ថា មុន​ឡើង​ប្រកួត​ជាមួយ​ភុំ សា​រ៉ា​យ គឺ​កីឡាករ​រូប​នេះ​បាន​ត្រឡប់​មក​កាន់ការ​ហ្វឹកហាត់​ជាប់លាប់​វិញ ហើយ​ក៏​មានការ​ធានា​ដោយ​ផ្ទាល់​ពី​ខាង​គ្រូបង្វឹក និង​ប្រធាន​ក្លិប​អាស៊ី​កីឡា​នោះ​ដែរ ទើប​លោក​ហ៊ាន​សម្រេច​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ភុំ សា​រ៉ា​យ ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។

លោក​ថា​កីឡាករ​ភុំ សា​រ៉ា​យ នៅ​មាន​កម្រិត​ប្រកួត​លេចធ្លោ អ​ញ្ចឹ​ង​បើ​លួ​ន សុខ​ខេ​ង មិន​ប្រឹង​ពី​ចម្ងាយ គឺ​មិន​ខុស​ពី​ធ្វើ​បាវ​សាក់​ឱ្យ​គូប្រកួត​របស់​ខ្លួន​នៅ​លើ​សង្វៀន​នោះ​ទេ ទើប​លោក​ប្រាកដ​ថា មុន​ពេល​ប្រកាស​ឡើង​វាយ​ជាមួយ​កីឡាករ​ភុំ សា​រ៉ា​យ គឺ​កីឡាករ​លួ​ន សុខ​ខេ​ង​ពិតជា​បាន​ត្រៀមខ្លួន​ម៉ត់ចត់​ដូច​គ្នា​នឹង​ការ​អះអាង​របស់​គ្រូបង្វឹក ។

ផ្អែក​តាម​ភាព​ជាក់ស្ដែង កីឡាករ​លួ​ន សុខ​ខេ​ង មាន​ទម្លាប់​វាយ​សម្រុក​បំបាក់ស្មារតី​គូប្រកួត​ខ្លាំង​ណាស់ ហើយ​ចំណុច​មួយ​នេះ​ក៏​តែង​មាន​ប្រៀប​ទៅ​លើ​ដៃគូ​ផង​ដែរ​នា​ពេល​កន្លង​មក​។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​កីឡាករ​ភុំ សា​រ៉ា​យ នឹង​ចាញ់​សម្លុត ឬ​បែរជា​ប្រឹង​ដំឡើង​កម្លាំង​ម៉ាស៊ីន ដើម្បី​វាយបក​នោះ​ទេ ក្នុង​ពេល​ដែល​គេ​សុទ្ធតែ​បានដឹង​ថា​កីឡាករ​ជា​គូប្រកួត​របស់​គេ ក៏​មាន​ប្រវត្តិ​ឡើង​ប្រកួត​ក្រាស់ឃ្មឹក ដែល​មាន​ន័យ​ថា ទោះជា​ប៉ះ​អ្នក​ណា​ក៏​មិន​ចុះ​ញ៉ម​ដែរ ។ លួ​ន សុខ​ខេ​ង មាន​កម្រិត​វាយ​ល្អ​នៅ​អំឡុង​៣​ទឹក​ដំបូង ប៉ុន្តែ​បើ​គេ​មានការ​ហ្វឹកហាត់​ជាប់លាប់​ដូច​គ្នា​នឹង​មួយ​រយៈ​មុន​នោះ​សមត្ថភាព​ជាក់ស្ដែង​ក៏​មិន​អន់​នោះ​ដែរ​។

ងាក​ទៅ​កាន់​កីឡាករ ភុំ សា​រ៉ា​យ ឯណោះ​វិញ​ក៏​មិន​អន់​នោះ​ដែរ ដោយ​គ្រប់ការ​ប្រកួត​របស់​គេ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ពេញទំហឹង​តែ​ម្ដង​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់ ។ បើ​ទោះជា​ពេល​នេះ គេ​ទាំង​វ័យ​ទាំង​កម្លាំង​ហាក់​មិនសូវ​ពេញលេញ​ល្អ​ដូច​មុន ក៏​កម្រិត​ប្រកួត​ដែល​បាន​ស្ដែង​ឡើង​នៅ​តែ​មានការ​ទទួលស្គាល់​ថា ខ្លាំង​គ្រប់ពេល​ឡើង​បង្ហាញ​សមត្ថភាព​នៅ​លើ​សង្វៀន ។

ជំនួប​ប៉ះ​គ្នា​ជាមួយ​លួ​ន សុខ​ខេ​ង គេ​ចាំ​មើល​ថា តើ​កីឡាករ​រូប​នេះ នឹង​ឈ្នះ​ឬ​គ្រាន់តែ​បាន​កំដរ​រេញ ខណៈ​ដែល​បើ​ការ​ប្រកួត​ទាំងមូល​ជួយ​ឱ្យ​គេ​បាន​ឈ្នះ គឺ​ពិតជា​ឈាន​ឡើង​ក្រេ​ឌី​ត​បន្ថែម​ទៀត​ហើយ​សម្រាប់​ការ​ប្រកួត​នា​ល្ងាច​ថ្ងៃសៅរ៍ ។ មានការ​ប៉ាន់​ស្មានថា បើ​គេ​ហ្វឹកហាត់​ជាប់លាប់ នោះ​លួ​ន សុខ​ខេ​ង មិនមែន​ជា​ដៃគូ​គេ​ឡើយ ដោយ​សារ​តែ​ការ​ប្រកួត​កន្លង​មក​គឺ​ភុំ សា​រ៉ា​យ បង្ហាញ​ឱ្យ​ឃើញ​ហើយ​ថា សមត្ថភាព​ទាត់​ឆ្វេង​ស្ដាំ​របស់​គេ​ល្អ​ខ្លាំង ហើយ​បើ​និយាយ​ពី​ផ្លែ​ដៃ​ក្នុង​ការ​វាយ​ម៉ាត់ និង​កែង ក៏​នៅ​តែ​ល្អ​មិន​ដូច​ក្នុង​ពេល​ឈាន​ឡើងជា​កីឡាករ​ជួរ​មុខ​កាល​មុន ។

អ្វី​ដែល​គេ​កត់សម្គាល់​ក្បាច់​ទាត់​បែប​សេះ​ហោះ​របស់​គេ ក៏​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​គូប្រកួត​នៅឡើយ​ទេ ក្នុង​ពេល​កីឡាករ​រូប​នេះ​ឡើង​ប្រកួត​កន្លង​មក​។ ក្រុម​អ្នក​ផ្ដោត​ការ​ចាប់អារម្មណ៍​ចំពោះ​កីឡាករ​រូប​នេះ បាន​អះអាង​ថា ចំណុច​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ភុំ សា​រ៉ា​យ បរាជ័យ​លើ​រេញ គឺ​កម្លាំងស៊ុ​ហ្វ​តែ​មួយ​គត់ ប៉ុន្តែ​បើ​គេ​ទប់​បាន​ពេញ​៥​ទឹក គឺ​មាន​ន័យ​ថា​ការ​ប៉ះ​គ្នា​បើក​ឆាក​ជាមួយ​លួ​ន សុខ​ខេ​ង នៅ​ថ្ងៃ​ខានស្អែក គឺ​ពិតជា​ជ័យជម្នះ​ធ្លាក់​មក​លើ​ភុំ សា​រ៉ា​យ ។

នៅ​លើ​សង្វៀន​នោះ​ដែរ កីឡាករ​ល្អ​ផ្សេង​ទៀត​ក៏​ត្រូវ​គេ​ឃើញ​ប៉ុស្ដិ៍​លេខ​៥​រៀបចំ​ឱ្យ​ឡើង​ប្រកួត​គ្នា​ផង​ដែរ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍ ដូច​ជា​ជំនួប​ប៉ះ​គ្នា​រវាង​កីឡាករ​វង្ស ស៊ី​ថៃ មក​ពី​ក្លិប​កងពល​លេខ​៧០ និង​កីឡាករ ម៉ូ រ​ដ្ឋា មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង និង​កីឡាករ ឌុន ប៊ុ​ន​ឌឿ​ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​គង់ វិចិត្រ មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ជាដើម ។ ជំនួប​របស់​ពួក​គេ​សុទ្ធតែ​ទស្សនិកជន​ចង់​តាមដាន ដោយសារ​តែ​ថ្វីដៃ​នៅ​លើ​រេញ​នា​ពេល​កន្លង​មក​ធ្វើ​ឱ្យ​អ្នក​ចូល​ចិត្តការ​ប្រដាល់​ពេញចិត្ត ៕