ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ការ​ចរចា​ដោយ​ប្រយោល​នៅ​ក្រុង​ហ្សឺ​ណែវ​ស្តី​ពី​ស៊ី​រី​ហាក់​គ្មាន​ពន្លឺ​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ដោយ​របប​ក្រុង​ដា​ម៉ាស់​អះអាង​ថា ពុំ​មាន​ដៃគូ​ដើម្បី​ចរចា ចំណែក​ពួក​ប្រឆាំង​ទាមទារ​ឱ្យ​មាន​វិធានការ​បន្ទាន់​នានា​ជួ​យ​ដល់​ជន​ស៊ី​វិល ហើយ​ចោទប្រកាន់​សហគមន៍​អន្តរជាតិ​ថា បិទ​ភ្នែក​ចំពោះ​សោកនាដកម្ម ។

ខណៈ​ដែល​បេសកជន​ពិសេស អ​.​ស​.​ប លោក STAFFAN DE MINSTURA ប្រកាស​បើក​ការ​ចរចា​ជា​ផ្លូវការ​តែ​ថ្ងៃ​ទី​២ កុម្ភៈ​នោះ រូបភាព​នៃ​ការ​ចរចា ហាក់​ច្របូកច្របល់​ទាំងស្រុង ដែល​បង្ហាញ​ពី​ការ​លំបាក​បំផុត​ក្នុង​ការ​កៀងគរ​បញ្ចុះបញ្ចូល​ពួក​អ្នក​ដែល​ឈ្លោះ​គ្នា​រួច​មាន​គម្លាត​គ្នា​រវាង​ការទូត និង​ការ​ពិត​នៅ​លើ​ទីលាន ។

គណៈប្រតិភូ​របស់​របប​ក្រុង​ដា​ម៉ាស់​បាន​ជួប​ពិភាក្សា​រយៈពេល​ជាង​២​ម៉ោង​ជាមួយ​លោក DE MISTURA ដែល​មុន​នេះ​ជួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឆាំង ។ ក៏​ប៉ុន្តែ​ពេល​ចេញពី​ការ​ជួប​ពិភាក្សា​នេះ​វិញ ឯកអគ្គរដ្ឋទូត​ស៊ី​រី​ប្រចាំ អ​.​ស​.​ប លោក​បា​ចា អាល់​ហ្សា​អា​ហ្វា​រី ប្រមុខ​គណៈប្រតិភូ​អះអាង​ថា គ្មាន​សង្ឃឹមថា អាច​មានការ​ចូល​ដោយ​ឆាប់រហ័ស​នៃ​ការ​ចរចា​ឡើយ ។ លោក​ថ្លែង​ថា យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​រៀបចំ ។ យើង​រង់ចាំ​ជា​និច្ច​ចង់​ដឹង​ថា​តើ យើង​នឹង​ចរចា​ជាមួយ​អ្នក​ណា​ហើយពី​របៀបវារៈ​អ្វី ។

ទន្ទឹម​នឹង​បញ្ជូន​គណៈប្រតិភូ​មួយ​ទៅ​កាន់​ក្រុង​ហ្សឺ​ណែវ កងទ័ព​ស៊ី​រី​ក៏​មិន​បន្ធូរ​ដៃ​នៅ​លើ​ទីលានប្រយុទ្ធ​ដែរ ។ នា​ថ្ងៃ​ទី​២ កុម្ភៈ កងកម្លាំង​ក្រុង​ដា​ម៉ាស់​បាន​រុល​ទៅ​ជិត​ក្រុង​អា​ឡែ​ប​ទ្រទ្រង់ ដោយ​កង​យន្តហោះ​រុ​ស្ស៊ី​ដែល​ចេញ​វាយប្រហារ​២៧០​លើក ចាប់តាំងពី​ថ្ងៃ​ទី​១ កុម្ភៈ មក ។

នៅ​ទីក្រុង​រ៉ូ​ម​រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក​ច​ន ឃ័​រ​រី បាន​អំពាវនាវ​ដល់​ពួក​ប្រឆាំង​ឱ្យ​បន្ត​ស្ថិត​នៅ​ក្រុង​ហ្សឺ​ណែវ ទោះបី​រុ​ស្ស៊ី​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា ដោយ​អះអាង​ថា បទ​ឈប់​បាញ់​គ្នា​មួយ​នឹង​អាច​អនុវត្ត​ដោយ​ឆាប់រហ័ស ប្រសិនបើ​គ្រប់​ភាគី ព្រម​ទទួលយក​ការ​ចរចា ។ ចំពោះ​ក្តី​សង្ឃឹម​ការ​រង់ចាំ​នឹង​មិនយូរ​ទៀត​ទេ ៕