ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តរតនគិរី ៖ ផ្ទះ​ស្តុ​ក​​​​សត្វព្រៃ​គ្រប់​ប្រភេទ​មួយ​កន្លែង​ដែល​ប្រកប​របរ​លក់​សាច់សត្វ​ព្រៃ​បោះ​​ដុំ​និង​​រាយ​ជា​យូ​ឆ្នាំ​មក​​ហើយ​​នោះ​ ​ត្រូវ​បាន​​កម្លាំង​សម្ព័ន្ធមិត្ត​សត្វព្រៃ​​​ កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ និង​​កម្លាំង​រដ្ឋបាល​ព្រៃ​​ឈើ​ខេត្ត​ ឆ្មក់​ចូល​បង្ក្រាប​ចាប់​បានសាច់សត្វ​ព្រៃ​ប្រ​មាណ​ជាង​១០០​គីឡូក្រាម​​ ​​បញ្ជូន​​​ទៅ​​រក្សា​ទុក​នៅ​ខ​ណ្ឌ​រដ្ឋបាល​ព្រៃ​​ឈើ​ខេត្ត ​​​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​៣ ​​កុ​ម្ភៈ ​​​ស្ថិត​នៅផ្ទះ​ល្វែង​ខាងត្បូង​ផ្សារ​ក្រុង​បាន​លុង ​ក្នុង​​ភូមិ​ជ័យ​ជំនះ​ សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង​ ។

តាម​ប្រភព​ព័ត៌​មាន​​បានឱ្យ​ដឹង​ថា ​សត្វ​ព្រៃ និង​​សាច់សត្វ​ព្រៃ​ដែល​បង្ក្រាប​បាន​ខាង​លើ​​ ​រួម​មាន​ សាច់ឈ្លូស​ទាំងមូល​ចំនួន​ជាង​១០​ក្បាល ​ស្មើ​​​​នឹង​៨០​គីឡូក្រាម​ ​សាច់​ទន្សង​​១៥​គីឡូ​ក្រាម​ សាច់​​ជ្រូកព្រៃ​២​ក្បាល​ ស្មើ​នឹង​២៥​គីឡូក្រាម​ សត្វត្រ​កួតរស់​៥​ក្បាល​១៥​គីឡូក្រាម​ និង​សត្វ​សំពោច​​រស់​មួយ​ក្បាល ​។

ប្រភព​បាន​បន្ត​ទៀត​ថា ​ម្ចាស់​បទ​ល្មើស​សត្វព្រៃ​​ឈ្មោះ​ ផុ​ន ​ចំរើន ​ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ ​និង​ប្តី​ឈ្មោះ​ ហុង​ សុ​ថុ​ន ​អាយុ​៣០​ឆ្នាំ​ ​មាន​ទីលំនៅ​ផ្ទះ​លេខ​៨៣៩​ ផ្លូវ​លេខ​៥២៦​ ក្នុងភូមិ​ជ័យ​ជំនះ​ សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង ​។ មិន​ទាន់​ដឹង​ថា ​សមត្ថកិច្ច​​មាន​ចំណាត់ការ​បែប​ណា​នោះ​ទេ ​ព្រោះ​ការ​​បង្ក្រាប​កន្លង​មក ​អ្នក​ប្រ​ព្រឹត្ត​​តែង​តែ​រួចខ្លួន​រហូត​ និង​ធ្វើការ​ផាកពិន័យ​តិចតួច​ប៉ុណ្ណោះ ​។

ប្រជាពលរដ្ឋ​ស្ទើរ​ទូ​ទាំង​ក្រុង​បាន​លុង ​​បាន​​រិះគន់​ដល់​សមត្ថកិច្ច​ដែល​ធ្លាប់​បង្ក្រាបកន្លង​មក​ញឹកញាប់​ដែរ​ តែ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ព្រោះ​ក្រោយ​ពី​មានការ​បង្ក្រាប ​គឺ​នៅ​តែ​មាន​ដាក់​តាំ​ងលក់​សាច់​​សត្វព្រៃ​ពេញ​ក្នុង​ផ្សារ​ដដែល​ ជា​ពិសេស​នៅ​តាម​ហាង​មួយ​ចំនួន​នៅ​មាន​លក់​សាច់សត្វ​ព្រៃ​​ដដែល ​និង​តាម​ហាង​ផ្សេង​ៗ​ជា​​​ច្រើន​ទៀត​មិន​ដែល​ឃើញ​​សមត្ថកិច្ច​ក្នុង​មូល​ដ្ឋាន​​ចុះ​បង្ក្រាបម្តង​ណា​នោះ​ទេ​ ​លើក​លែង​តែ​មាន​កម្លាំង​ពី​ថ្នាក់​​លើ​​ចុះ​មក ​​ព្រោះ​​យូរ​ៗ​បង្ក្រាប​ម្តង ​​អាជ្ញាធ​រ​មូល​​ដ្ឋាន​​​​មិន​សូវ​​ខ្វល់ ​៕