ករណីនៃអ្នកឆ្លងវីរុស Zika នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤,៧៨៣ករណីហើយ

 ប្រេស៊ីលឡា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា ករណីនៃអ្នកឆ្លងវីរុស Zika នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងរហូតដល់៤,៧៨៣ករណីហើយ គិតមកដល់ខែកុម្ភៈនេះ ។យោងតាមការបញ្ជាក់ឲ្យដឹងពីក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃអង្គារថា អ្នកដែលបានឆ្លងនូវវីរុសបង្កឲ្យទារកសម្រាកមកមានក្បាលតូចខុសពីធម្មតា នៅក្នុងប្រទេសប្រេស៊ីលនោះ បានកើនដល់៤,៧៨៣ករណី តួលេខនេះបើគិតត្រឹមថ្ងៃទី៣០ ខែមករា មានត្រឹមតែ៣,៧១៨ករណីប៉ុណ្ណោះ ។

ក្រសួងបានបញ្ជាក់ថា សរុបករណី៤,៧៨៣នេះ ផ្អែកតាមសេចក្តីរាយការណ៍គឺគិតចាប់ពីខែតុលា ហើយក្នុងនោះរកឃើញអ្នកអវិជ្ជមាន៧០៩ករណី ។អង្គការសុខភាពពិភពលោក (WHO) បានប្រកាសឲ្យដឹងកាលពីថ្ងៃចន្ទថា ពិភពលោកត្រូវប្រកាសអាសន្នហើយចំពោះការឆ្លងនូវវីរុសយ៉ាងរហ័សដល់ពលរដ្ឋអាម៉េរិកាំង ដោយសារសត្វមូសមានផ្ទុកវីរុស Zika ហើយអាជ្ញាធរនៅក្នុងប្រទេសប្រេស៊ីល បានថ្លែងថា ជំងឺនេះនឹងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល ពិសេសធ្វើឲ្យទ្រង់ទ្រាយក្បាលទារកតូចខុសប្រក្រតី ៕

ករណីនៃអ្នកឆ្លងវីរុស Zika នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤,៧៨៣ករណីហើយ