ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​​ក្យូ ព្រមទាំង​ក្រុង​វ៉ា​ស៊ី​ន​តោន កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ បាន​ព្រមាន​កូរ៉េ​ខាងជើង​ពី​ផលវិបាក​នានា​ចំពោះ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ជាយថាហេតុ ប៉ុន្មាន​ស​ប្តា​ហ៍​បន្ទាប់​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤​របស់​ប្រទេស​នោះ​មក ។

របប​កូរ៉េ​ខាងជើង​បាន​ប្រាប់​ដល់ទី​ភ្នាក់ងារ​៣​របស់ អ​.​ស​.​ប ពី​បំណង​របស់​ខ្លួន​បាញ់​បង្ហោះ​រវាង​ពី​ថ្ងៃ​ទី​៨ ទៅ​២៥ កុម្ភៈ នូវ​កាំជ្រួច​ដែល​បញ្ជូន​ផ្កាយ​រណប​មួយ ។

ដោយ​រំលឹក​ថា រាល់​ការ​បាញ់​បង្ហោះ​ដែល​ប្រើ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក គឺជា​ការ​រំលោភ​បំពាន​ដំណោះស្រាយ​នានា​របស់ អ​.​ស​.​ប រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​៣ កុម្ភៈ ស្នើ​ដល់​ក្រុង​ព្យុ​ង​យ៉ាង​ឱ្យ​បោះបង់​ចោល​គម្រោង​នេះ ។

សេចក្តី​ប្រកាស​មួយ​អាន​ដោយ​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់ ខាង​សន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង លោក CHO TAE YONG ព្រមាន​ថា ប្រសិនបើ​កូរ៉េ​ខាងជើង​បន្ត​អនុវត្ត​ការ​បាញ់​បង្ហោះ​នេះ ខ្លួន​នឹង​ត្រូវ​បង់​តម្លៃ​យ៉ាងធ្ងន់ធ្ងរ ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន ហ្សូ​អេ​បេ ចាត់​ទុក​គម្រោង​នេះ​ថា​ជា​ការ​បង្កហេតុ​ខ្លាំង ហើយ​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដើម្បី​វាយតម្លៃ​សភាព​ការណ៍។

កូរ៉េ​ខាងជើង​ប្រកាស​នា​ថ្ងៃ​ទី​២ កុម្ភៈ ពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​មួយ​នា​ខែកុម្ភៈ​នេះ បន្ទាប់​ពី​ពាក្យ​ចចាមអារ៉ាម​នានា​ពី​ការ​រៀបចំ​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​នូវ​ការ​សាក​ល្បង​​មី​ស៊ី​ល បាលី​ស្ទិ​កមួយ ដែល​នឹង​ជា​ជំហាន​ថ្មី​មួយ​ឆ្ពោះទៅ​រក​ទិស​ដៅ​បំពាក់​មី​ស៊ី​ល​នុយក្លេអ៊ែរ ។

ការ​សាកល្បង​មួយ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​កាន់តែ​នៅ​ឯកោ​ខ្លាំង​ថែម​ទៀត ខណៈ​ដែល​ដំណោះស្រាយ​ថ្មី​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប កំពុង​ស្ថិត​ក្នុង​ដំណាក់​ពិភាក្សា​គ្នា ដើម្បី​បន្ថែម​ទម្ងន់​ទណ្ឌកម្ម ក្រោយ​ការ​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ទី​៦ មក​រា មក ។

ចំណែក​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ចេញ​ការ​គំរាមកំហែង​ភ្លាម​ៗ​ចំពោះ​កូរ៉េ​ខាងជើង​ពី​ទណ្ឌកម្ម​អន្តរជាតិ​ថ្មី​ៗ ប្រសិនបើ​ផ្កាយ​រណប​មួយ​ត្រូវ​បាញ់​បង្ហោះ​នា​ខែ​នេះ ។ លោក DANNY RUSSEL អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី បាន​បរិហារ​ថា នេះ​ជា​សកម្មភាព​បង្ក​អ​ស្ថេ​រ​ភាព​របស់​ក្រុង​ព្យុ​ង​យ៉ាង និង​ជា​ការ​រំលោភ​បំពាន​ជាក់ស្តែង​ចំពោះ​ច្បាប់​អន្តរជាតិ​។ កូរ៉េ​ខាងជើង​ផ្គើន​ដល់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ផ្គើន​ដល់​ប្រទេស​ចិន​ជាប់​ជិតខាង​ខ្លួន ផ្គើន​ដល់​សហគមន៍​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិភាព និង​សន្តិសុខ​តំបន់ ។

ពី​មុន​រៀង​មក កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ឆ្ងាយ​ជា​ច្រើន​លើក ។ កាលពី​ខែធ្នូ ឆ្នាំ​២០១២ ប្រទេស​នេះ​បាន​បាញ់​សាកល្បង​កាំជ្រួច UNHA-3 ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា ជា​ការ​បាញ់​មី​ស៊ី​ល​ខណៈ​ក្រុង​ព្យុ​ង​យ៉ាង​អួត​ថា​មី​ស៊ី​ល​ខ្លួន អាច​បាញ់​ដល់​សហរដ្ឋ​អា​មេរិ​ក ។

ទោះបី​យ៉ាងណា អ្នកឯកទេស​ជា​ច្រើន​យល់​ថា ក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ទៀត ទើប​អាច​បាញ់​មី​ស៊ី​ល​អន្តរទ្វីប ICBM បាន ។ ពួក​អ្នកជំនាញ​ការ​យល់​ថា កូរ៉េ​ខាងជើង​ធ្វើការ​បាញ់​កាំជ្រួច​ជា​ថ្មី បន្ទាប់​ពី​បង្ហើយ​កម្មវិធី​ទំនើប​កម្ម​ទីតាំង​បាញ់​បង្ហោះ DONGCHANRI ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ទីតាំង SOHAE ។ ការ​កែប្រែ​ទីតាំង​នេះ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៣ មក សំដៅ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​បាញ់​បង្ហោះ​កាំជ្រួច​កាន់តែ​ធំ ហើយ​បាញ់​បាន​ឆ្ងាយ ព្រមទាំង​អាច​ផ្ទុក​ក្បាល​គ្រាប់​កាន់តែ​ខ្លាំង ។

សហរដ្ឋ​អា​មេ​រិ​ក តាមដាន​កូរ៉េ​ខាងជើង​ពី​ផ្កាយ​រណប ហើយ​ចំណែក​ជប៉ុន​បាន​បង្កើត​កាលពី​ឆ្នាំ​២០០៣ នូវ​ប្រព័ន្ធ​តាមដាន​ប្រទេស​នេះ តាម​ផ្កាយ​រណប​ដែរ ។

កាលពី​ខែធ្នូ ឆ្នាំ​២០១២ កូរ៉េ​ខាងជើង​អាច​បញ្ជូន​ផ្កាយ​រណប​មួយ​ទៅ​កាន់​តារាវិថី​តាម​រយៈ​កាំជ្រួច UNHA-3 ជា​ប្រតិបត្តិការ​មួយ​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា បិទ​បាំង​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ៕