ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដា​វី​ដ កា​មី​រ៉ូ​ន នា​ថ្ងៃ​ទី​៣ កុម្ភៈ ត្រូវ​រាយការណ៍​លម្អិត​នៅ​មុខ​សភា​ពី​គម្រោង​កិច្ចព្រមព្រៀង​មួយ​សំដៅ​ចៀសវាង​កុំឱ្យ​ប្រទេស​នេះ​ចាក​ចេញពី​សហភាព​អឺរ៉ុប ។ គម្រោង​នេះ​ហាក់​ពុំ​ស្វាគមន៍​ឡើយ ដោយ​ពួក​អ្នក​ចង់ឱ្យ​ចក្រភព​អង់គ្លេស​ចាកចេញ​។

នៅ​មុខ​សភា​លោក​មី​រ៉ូ​ន ត្រូវធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ពី​គម្រោង​កិច្ចព្រមព្រៀង​នោះ បន្ទាប់​មក​ទុក​ពេល​ឱ្យ​មានការ​ចោទសួរ​នាយក​រដ្ឋមន្ត្រី រួច​លោក​នឹង​ឆ្លើយ​សំណួរ​នានា​របស់​បណ្តា​សមាជិក​សភា ។

កាលពី​ថ្ងៃ​ទី​២ កុម្ភៈ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​រីក​ចម្រើន​ជាក់ស្តែង​នានា​ក្នុង​វិស័យ​៤ ដែល​ចក្រភព​អង់គ្លេស​ត្រូវការ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក DONALD TUSK ចេញផ្សាយ​ជា​សាធារណៈ​ពី​សំណើ​នានា​សម្រាប់​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប ។ លោក​មាន​ប្រសាសន៍​ថា បើ​បែប​នេះ​ចក្រភព​អង់គ្លេស​នឹង​កាន់តែ​ខ្លាំង កាន់តែ​ប្រាកដ និង​កាន់តែ​រុងរឿង​ក្នុង​សហភាព អឺរ៉ុប​ដែល​មានការ​កែទម្រង់ ។

កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ក្នុង​ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោក​កា​មី​រ៉ូ​ន ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អះអាង​ជា​ថ្មី​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អា​មេ​រិ​ក​ចំពោះ​ចក្រភព​អង់គ្លេស​មួយ​ដែល​ខ្លាំង​ក្នុង​សហភាព​អឺរ៉ុប​ដែល​ខ្លាំង​ដែរ ។

ក្រោម​ការ​គាបសង្កត់​របស់​ពួក​អ្នក​ចង់ឱ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នាយក​រដ្ឋមន្ត្រី​អភិរក្សនិយម​ដែល​ជាប់​ឆ្នោត​ថ្មី កាលពី​ខែឧសភា ឆ្នាំ​២០១៥ បាន​សន្យា​រៀបចំ​ធ្វើការ​បោះ​ឆ្នោត​ប្រជាមតិ​មួយ​លើ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ហៅ BREXIT ដែល​អាច​ញ៉ាំង​ឱ្យ​មាន​វិបត្តិ​ថ្មី​មួយទៀត ក្នុង​ផ្ទៃ​សហភាព​អឺរ៉ុប​ដែល​មិន​ចុះសម្រុង​គ្នា​ស្រាប់​ចំពោះ​វិបត្តិ​នៃ​ការ​ហូរ​ចូលពួក​អន្តោប្រវេសន៍ ៕