ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តពោធិ៍សាត់​ ៖​ បុរស​ញៀន​ថ្នាំ​ម្នាក់ ​ត្រូវបាន​​​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​​ខេត្ត​ ​​ចាប់​ឃាត់ខ្លួន​កាលពី​​វេលា​ម៉ោង​៣​រសៀលថ្ងៃ​ទី​២ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​ខណៈពេល​ប្រើ​ពូថៅ​​ដេញ​កាប់​ប្រពន្ធ​និង​កូន​ ​ស្ថិត​​នៅ​ក្នុង​​ភូមិ​ក្បាលហុង​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់ ​។

មន្ត្រី​​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ ប៉ា​ង សា​រិ​ទ្ធិ​ ​អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​​​សង្កាត់​កើត​​ហេតុ​ខាង​លើ ​​ជា​មនុស្ស​ញៀន​ថ្នាំ​​​តែងតែ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់​ ។​ ជាក់ស្ដែង​នៅ​ថ្ងៃ​កើតហេតុ​ ​ជនសង្ស័យ​ទំនងជា​ស្រវឹងស្រា​ផង​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​រហូត​ទាញ​ពូថៅ​ដេញ​កាប់​ប្រពន្ធ​និង​​កូន​ផ្អើល​ពេញ​ភូមិ​ ។​ ​ហើយ​​ស្ត្រី​ជា​ប្រពន្ធ​ និង​អ្នក​ភូមិ​​ ក៏​បាន​​រត់​ទៅ​​ប្ដឹង​សមត្ថកិច្ច​​​​​​  ភ្លាម​ៗ​នោះ​សមត្ថកិច្ច​​​ក៏​ចុះ​ទៅ​​ឃាត់ខ្លួន​ជន​សង្ស័យ​រូប​​នេះ​ រួម​ជាមួយ​វត្ថុ​តាង​ពូថៅ​​​១ផង​ដែរ ​។

​ក្រោយ​ការ​ឃាត់​ខ្លួន សមត្ថកិច្ច​ក៏​​បាន​ធ្វើតេស្ត​ទឹកនោម​ រក​ឃើញ​មាន​សារធាតុ​ញៀន ​ហើយ​​​បាន​ក​សាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​​ ៕