ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​បិទ​ហាង​ខារ៉ាអូខេ​២​ទីតាំង​ទៀត​ហើយ ដែល​ក្នុង​នោះ​មិនមែន​ហាង​ទាំង​ពីរ​នេះ​មាន​ទំនាស់​ដណ្ដើម​ម៉ូយ​គ្នា​ដូច​ហាង​មុន​ៗ​នោះ​ឡើយ ។ ក្នុង​នោះ​ហាង​មួយ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាស់​ផ្ទៃក្នុង បងថ្លៃ​និង​ប្អូនថ្លៃ​វាយតប់​គ្នា ចំណែក​ហាង​មួយទៀត​ត្រូវ​បាន​អ្នក​មក​ពី​ក្រៅ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​នាំ​គ្នា​ទៅ​គប់​ដុំ​ថ្ម​ចូល​ហាង បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ និង​មាន​ភាព​អនាធិបតេយ្យ​រំខាន​អ្នក​ជិតខាង​ដេក​ពួន​ទាំង​យប់ ។

ការ​ចុះ​បិទ​នា​ពេល​នោះ​ក៏​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ ព្រោះតែ​កណ្ដាប់ដៃ​ដែក​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ក្លាយទៅជា​កណ្ដាប់ដៃ​ជ័រ​ទៅ​វិញ ខុស​ពី​ការ​និយាយ​ដាក់​កំហិត​ក្នុង​ពេល​ដែល​ប្រមូល​ក្រុម​ម្ចាស់​ហាង​ទាំងនោះ​ទៅ​ប្រជុំ​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ​ដែល​បាន​ព្រមាន​ខ្លាំង​ៗ​ថា (​បើ​ហាង​ណាមួយ​មាន​ទំនាស់ និង​ត្រូវ​បិទ​រហូត មិន​ឲ្យ​បើក​វិញ​ឡើយ​) ប៉ុន្តែ​ហាង​ដែល​បិទ​កន្លង​មក​ត្រូវ​បាន​បើក​វិញ​ជា​បន្តបន្ទាប់ មិនដឹង​ថា​សែន​អស់​ប៉ុន្មាន​នោះ​ឡើយ ទើបបាន​បើក​វិញ​បែប​នេះ ។

ដោយឡែក​ហាង​ខារ៉ាអូខេ​ថ្មី​២​ទៀត​ដែល​ត្រូវ​ចុះ​បិទ​នា​ពេល​នេះ​មាន ទី​១ យីហោ ម្កុដ​ស្នេហ៍ និង​ទី​២ យីហោ រាត្រី​ឋានសួគ៌ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​បិទ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​ហាង​ខារ៉ាអូខេ យីហោ ម្កុដ​ស្នេហ៍ បាន​មាន​ទំនាស់​ផ្ទៃក្នុង​រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​រវាង​បងថ្លៃ និង ប្អូនថ្លៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ហាង និង​បង្ក​ការ​រំខាន​ដំណេក​អ្នក​ជិតខាង​ថែម​ទៀត ។ ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទើប​មានការ​ស្ងប់ស្ងាត់ ។ ដោយឡែក​ហាង​មួយទៀត យីហោ រាត្រី​ឋានសួគ៌ ដែល​ស្ថិត​នៅ​ជិត​នោះ​ដែរ បាន​មាន​ទំនាស់​ជាមួយ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ហើយ​ត្រូវ​បាន​ជន​ទាំងនោះ​ប្រដាប់​ដោយ​ដុំ​ថ្ម​គ្រប់​ដៃ​នាំ​គ្នា​គប់​ចូល​ហាង បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ពេញ​ដងផ្លូវ និង​ស្រែក​ឡូឡា​ក្នុង​ស្ថានភាពរ​ញ៉េ រ​ញ៉ៃ​បំផុត ។ ខណៈនោះ​ក៏​ត្រូវ បាន​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ទាំង​យប់​ដែរ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា ទោះ​អាជ្ញាធរ​ចុះ​បិទ​ក៏​ក្រុម​ម្ចាស់​ហាង​ទាំងនោះ​មិន​ខ្វល់​ដែរ ពួក​គេ​មិន​ខ្ចី​គោរព​តាម​ការ​ណែនាំ និង​ការ​ព្រមាន​របស់​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​ប្រមូល​ពួក​គេ​ទៅ​ប្រជុំ ដុសក្អែល​កាលពី​ចុងឆ្នាំ​២០១៥​នោះ​ឡើយ  ព្រោះ​លោក​អភិបាល​ខណ្ឌ​ខ្លួនឯង​មិន​បាន​គោរព​សម្ដី​ខ្លួនឯង​ផង កាលពី​និយាយ​ដាក់​កំហិត​ថា បើ​ហាង​ណាមួយ​បង្កទំនាស់​គឺ​ត្រូវ​តែ​បិទ​អាជីវកម្ម​ដោយ​មិន​ឲ្យ​បើក​វិញ​ជា​រៀង​រហូត ប៉ុន្តែ​ក្រោយ​ពី​ការ​ប្រជុំ​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ គឺ​មាន​ហាង​ខារ៉ាអូខេ​២​បាន​មាន​ទំនាស់​ដណ្ដើម​ម៉ូយ​គ្នា រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា គឺ​ទី​១ យីហោ សប្បាយ​រាត្រី និង ទី​២ យីហោ ស្កា​យ​ស្តារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​គ្នា តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ពេល​នោះ​ទំនាស់​ពាក្យ​សម្ដី​បាន​កើតឡើង​យ៉ាង​ស្រួចស្រាល់ ហើយ​ភាគី​ម្ខាង​ៗ ដោយ​មានការ​គាំទ្រ​ពី​សំណាក់​ថៅកែ និង​មេការ​ហាង​រៀង​ៗ​ខ្លួន ក៏​បាន​ឈាន​ដល់​ការ​វាយតប់​គ្នា​មួយ​ប្រាវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ និង​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់ ដែល​ជា​អ្នក​ហៅ​ម៉ូយ​ប្រចាំ​នៅ​ក្នុង​ហាង ស្កា​យ​ស្តារ រង​របួស​ក្បាល​ដោយសារ​ខាង​ហាង​ខារ៉ាអូខេ យីហោ សប្បាយ​រាត្រី​វាយ និង​ឈើ​ជ្រុង ហើយ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស និង​ប៉េ​អឹ​ម ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​អន្តរាគមន៍​ទាំង​យប់​ភ្លាម​ៗ​ដែរ ។ លុះ​ព្រឹក​ឡើង​ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​បិទ​អាជីវកម្ម ហាង​ទាំង​ពីរ​នោះ​តែ​ម្ដង ។

លុះ​វេលា​ម៉ោង​៣ និង​៥៥​នាទី រសៀល ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​បិទ​អាជីវកម្ម ហើយ​កម្លាំង​ដែល ចុះ​ទៅ​ដឹកនាំ​ដោយ លោក សេង គន្ធ អភិបាលរង​ខណ្ឌ ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ក្រោយ​ការ​បិទ​រួច គេ​បានដឹង​ថា​ម្ចាស់​បាន​ឡើង​ចុះ​រត់ការ​នៅ​ខណ្ឌ ក្រោយមក​ឃើញ​បើក​ឡើង​វិញ ហើយ​សូ​ម្បី​តែ​លោក សាន ប៉ែ​ត នាយ​ប៉ូលិស​ប៉ុស្ដិ៍​កា​កាប​ក៏​បាន​អះអាង​ថា ហាង​ទាំង​ពីរ​នោះ​បើក​ដំណើរការ​ឡើង​វិញ​ដែរ ៕